អាមេរិក៖ ក្មេងជំទង់ អាយុ១៥ឆ្នាំម្នាក់ ទទួលរងនូវការឈឺចាប់ យ៉ាងខ្លាំង បន្ទាប់ពីដុតភ្លើង នៅលើខ្លួនប្រាណ ដែលត្រូវបានគេ បានឃើញនៅក្នុង វីដេអូមួយ ដែលបានបង្ហោះ តាមអ៊ីនធើណេត ដែលជាកម្មវិធីបង្ហាញ សមត្ថភាព ដុតភ្លើងលើ រាងកាយមួយ ដែលមានឈ្មោះថា “Fire Challenge”។

ក្មេងប្រុស មិនត្រូវបាន ស្គាល់អត្តសញ្ញាណ រូបនេះ រស់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក បានរួចផុត ពីគ្រោះថ្នាក់ ភ្លើងឆេះកម្រិតទី២ បន្ទាប់ពីគេ បានដុតខ្លួនឯង ដោយសារតែចង់ បង្ហាញសមត្ថភាព ដុតភ្លើងលើរាងកាយ ព្រោះតែចង់ ធ្វើតាម ល្បែងគ្រោះថ្នាក់មួយនេះ ដែលរូបគេ បានឃើញ លើប្រព័ន្ធ អ៊ីនធើណេត។

ក្មេងប្រុសនេះ បានចាក់អាល់កុល នៅលើទ្រូងរបស់គេ រហូតដល់ចង្កេះ បន្ទាប់មកយកភ្លើងដុត ដែលសកម្មភាពនេះ ត្រូវបានគេថត ជាវីដេអូដោយ ខ្លួនឯង ដើម្បីបង្ហោះទៅក្នុង អ៊ីនធើណេត ដើម្បីចូលរួមប្រកួត ប៉ុន្តែភ្លាត់ស្នៀត ឆេះខ្លួនរបួស ធ្ងន់តែម្តងទៅ។

ជាមួយគ្នានេះដែរ ដោយសារតែ វីដេអូអួតពីសមត្ថភាព ប្លែកៗពោរពេញ ដោយគ្រោះថ្នាក់នេះ ត្រូវបានគេបង្ហោះ កាន់តែច្រើនឡើងៗ នៅតាមប្រព័ន្ធ អ៊ីនធើណេត ទើបធ្វើឲ្យក្មេងៗ ធ្វើតាមទាំង មិនដឹងថា មានគ្រោះថ្នាក់ប៉ុណ្ណា។ ចំណែកឯក្មេងប្រុស រងគ្រោះនេះវិញ បាននិយាយប្រាប់ WKYT ថា “ខ្ញុំគ្រាន់តែបាន ចាក់អាល់កុល ក៏ផ្ទុះឆេះដោយ ស្វ័យប្រវត្តិ តែម្តងទៅ”។

ភ្លាមៗនោះ ក្រុមអ្នកពន្លត់ អគ្គីភ័យក៏ បានមកដល់ផ្ទះមីង របស់ក្មេងប្រុសនេះ ហើយនាំក្មេងប្រុស រងគ្រោះទៅកាន់មន្ទីរពេទ្យ ដែលគេទទួលរង របួសធ្ងន់ធ្ងរ នៅលើទ្រូង និងពោះ។ ក្មេងប្រុសដែល មានសំណាង រួចផុតពីគ្រោះថ្នាក់នេះ បានឲ្យដឹងថា គេមិនបានដឹងថា វាអាចមានគ្រោះថ្នាក់ យ៉ាងនេះទេ ព្រោះហេតុតែឃើញ អ្នកផ្សេងធ្វើ មិនមានគ្រោះថ្នាក់។

យ៉ាងណាមិញ ក្មេងប្រុសរងគ្រោះ បានផុតពីគ្រោះថ្នាក់ ដល់អាយុជីវិត និងគ្រាន់តែមាន របួសពងនៅលើ ស្បែកដែលឆេះ តែប៉ុណ្ណោះ ហើយគេសង្ឃឹមថា ក្មេងៗដទៃទៀត បញ្ឈប់ការសាកល្បង ធ្វើរឿងដែល មានគ្រោះថ្នាក់ នេះតទៅទៀត។ កន្លងមក គេបានឃើញ សកម្មភាព ការថតវីដេអូ ដុតភ្លើងលើរាងកាយ មានច្រើនមកហើយ ដែលក្នុងនោះភាគច្រើន គឺជាយុវវ័យ ដែលការដុតភ្លើងនោះ មិនត្រឹមតែដុត នៅលើទ្រូង និងពោះប៉ុណ្ណោះទេ គឺដុតដល់ ប្រដាប់ភេទ ថែមទៀតផង៕

ប្រភព៖ ដេលីមេល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]