ខេត្តបាត់ដំបង ៖ អ្នកភូមិ និងអ្នកដំណើរ បានភ្ញាក់ផ្អើល ចោមរោមមើលរណ្ដៅ ដ៏ជ្រៅមួយ រូងចូលទៅក្រោមដីបាតផ្ទះ និងលុងចូល សំដៅមករកផ្លូវថ្នល់ នៅជាប់នឹងរបង ប៉ុស្ដិ៍រដ្ឋបាល និងសាលាសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេសង្ស័យថា ជារណ្ដៅដែលក្រុមជនទុច្ចរិត លួចជីកស្វែងរកកំណប់មហាសាល ដែលក្រុមជនទុច្ចរិត សម្ងំលួចជីកអស់រយៈពេល ជាង១ខែកន្លងមក ហើយ ប៉ុន្តែបែរជាចៅសង្កាត់ និងមន្ត្រីនគរបាលប៉ុស្ដិ៍នេះ មិនបានដឹងទៅវិញ ។

អ្នកភូមិនិយាយថា ពួកគេបានដឹងរឿងនេះ នៅព្រឹកថ្ងៃទី២៩ កក្កដា បន្ទាប់ពីគេឃើញ កន្ទេលជ័រមួយ បានប៉ើងចេញពីមាត់រណ្ដៅ នៅក្បែរ ទ្វារមុខផ្ទះ ដែលគេបានគ្រប ។ អ្នកភូមិបាននាំគ្នា ចុះពិនិត្យមើល ក្នុងរណ្ដៅនោះ ក៏ឃើញមាន ស្នាមជីកលុង យ៉ាងជ្រៅចូលទៅក្រោមបាតផ្ទះ និងលុង មករកផ្លូវលេខ៣ ហើយថែមទាំងមាន វ៉ៃជន្ទល់ឈើ ដើម្បីទប់ដីក្នុងរណ្ដៅនោះផង ទើបមានការសង្ស័យថា រណ្ដៅនោះ គឺជារណ្ដៅដែលគេ ជីករកកំណប់ ។

អ្នកភូមិប្រាប់ថា ម្ចាស់ផ្ទះនោះ ឈ្មោះរឿត និងប្រពន្ធឈ្មោះរ៉េត ប៉ុន្តែម្ចាស់ផ្ទះនោះ អះអាងថា គាត់បានលក់ផ្ទះ និងដីនេះ ទៅឲ្យគេផ្សេង ច្រើនខែកន្លងមកហើយ ។ បុរសម្នាក់ដែលរស់នៅក្បែរនោះ និយាយដែរថា តាំងពីឮថា ម្ចាស់ផ្ទះនោះ បានលក់ទៅឲ្យអ្នកផ្សេង គាត់មិនដែលស្គាល់មុខ ម្ចាស់ផ្ទះថ្មីនោះទេ តែគាត់តែងប្រទះឃើញ មនុស្សប្រុស ពី៤ទៅ៥នាក់ ចេញចូលផ្ទះនោះ ពេលយប់បែបអាថកំបាំងបំផុត តែមិនដឹងថា ពួកគេមកពីខាងណាឡើយ ។

លុះនៅព្រឹកថ្ងៃទី២៩ កក្កដា ពេលគេប្រទះឃើញ រណ្ដៅដ៏ធំ ហើយជ្រៅ ជីកលុងចូលក្នុងបាតផ្ទះ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ ប្រាប់ចៅសង្កាត់ និងមន្ត្រីនគរបាល ប៉ុស្ដិ៍ស្វាយប៉ោ តែម្ដង ។

គាត់បញ្ជាក់ថា រណ្ដៅនោះទំនងគេជីក ស្វែងរកកំណប់ ហើយគេជីកប្រហែល ជាងមួយខែកន្លងមកហើយ តែប៉ុន្មានថ្ងៃនេះ មិនដែលឃើញមនុស្ស មួយក្រុមនោះទេ ។ តាមការពិនិត្យជាក់ស្ដែង រណ្ដៅនោះនៅជាប់នឹង របងសាលាសង្កាត់ និងបុស្ដិ៍រដ្ឋបាល ស្វាយប៉ោ ដែលទំនងគេជីក នៅក្នុងផ្ទះ ដោយបិតទ្វារជិត ប៉ុន្តែដោយមានភ្លៀងធ្លាក់ខ្លាំង ក៏បាក់ស្រុតខាងមុខទ្វារ ទើបត្រូវគេ ប្រទះឃើញតែម្ដង។

រណ្ដៅនោះត្រូវគេជីកលុងជ្រៅ ចូលទៅបាតផ្ទះខាងក្នុង និងជីកលុងយ៉ាងឆ្ងាយ មកខាងមុខផ្ទះ សំដៅទៅរកផ្លូវលេខ៣ ដែលមានវ៉ៃជន្ទល់ឈើទប់ដី ដើម្បីកុំឲ្យបាក់ស្រុតទៀតផង ។ ប៉ុន្តែចៅសង្កាត់ និងមន្ត្រីនគរបាលប៉ុស្ដិ៍ មិនមាននណាម្នាក់ បានដឹងនៅពេលគេធ្វើ សកម្មភាពទេ ។ លុះនៅព្រឹកថ្ងៃទី២៩ កក្កដា ទើបដឹងដោយប្រជាពលរដ្ឋ រាយការណ៍ប្រាប់ ។

អ្នកភូមិបានភ្ញាក់ផ្អើល នាំគ្នាទៅចោមរោមមើល កាន់តែខ្លាំង នៅរសៀលថ្ងៃដដែល ក្រោយពីមានការសង្ស័យថា រណ្ដៅរូងក្រោមដីនោះ ជារណ្ដៅជីករកកំណប់ ។ រីឯកម្លាំងនគរបាល ព្រហ្មទណ្ឌផ្នែក បង្ការ-បង្ក្រាប របស់ស្នងការដ្ឋានខេត្ត ក៏បានចុះទៅពិនិត្យ រណ្ដៅនោះភ្លាមៗដែរ ក្រោយពីទទួលបានព័ត៌មាននេះ តែមិនឃើញមាន វត្តមានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន នៅទីនោះទេ ។

ចៅសង្កាត់ស្វាយប៉ោ លោក អ៊ុក គីម បានប្រាប់កោះសន្តិភាព បន្ទាប់ពីមានការភ្ញាក់ផ្អើលថា ជុំវិញបញ្ហានេះ ដំបូងម្ចាស់ផ្ទះ បានស្នើសុំលោក ធ្វើការជួសជុលផ្ទះ ។ ក្រោយមកបានសុំជីក ដាក់លូបង្ហូរទឹក ហើយលោកបានប្រាប់ ឱ្យទាក់ទងទៅខាងមន្ត្រី សាធារណការខេត្ត ព្រោះជាមន្ត្រីជំនាញ ។ ចៅសង្កាត់រូបនេះបន្តថា លោកនិងមន្ត្រីជំនាញ ក៏បានចុះពិនិត្យ ទីតាំងនោះដែរ មុនពេលអនុញាត ។ លុះនៅព្រឹកថ្ងៃទី២៩ កក្កដា ក៏ស្រាប់តែមានការភ្ញាក់ផ្អើលថា មានការជីករកកំណប់ នៅក្នុងផ្ទះខាងលើនេះ លោកក៏ចុះទៅមើល ប៉ុន្តែមិនបានចុះពិនិត្យ ផ្ទាល់ក្នុងរណ្ដៅនោះទេ ។

លោក គីម បញ្ជាក់ថា លោកមិនទាន់ហ៊ានវាយតម្លៃថា តើការជីករណ្ដៅរូងក្រោមដី មិនប្រក្រតីនោះ ជាការជីកស្វែងរក អ្វីពិតប្រាកដនោះទេ ដោយលោកសន្យាថា ចាំហៅម្ចាស់ផ្ទះមកសួរនាំសិន ។ ជុំវិញការជីករណ្ដៅរូង ចូលក្រោមផ្ទះនេះ អ្នកស្រុកជាច្រើនគ្រួសារ ដែលរស់នៅក្បែរនោះ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាព ដោយសារខ្លាចដើមគគីរ ដ៏ធំ១ដើម និងបង្គោលភ្លើង នៅក្បែរនោះ រលំសង្កត់លើជាយថាហេតុ ។

ពួកគាត់និយាយថា ដើមគគីរនោះ ត្រូវក្រុមជនទុច្ចរិត ជីករូងជ្រៅទៅដល់គល់ និងផ្ដាច់ឫសមួយចំនួន ។ រីឯបង្គោលភ្លើង នៅក្បែរនោះ ក៏ត្រូវគេជីករូង ដល់ឫសដែរ ស្របពេលមានភ្លៀងធ្លាក់រាល់ថ្ងៃ និងមានខ្យល់ព្យុះញឹកញាប់ផង វាអាចដួលរលំគ្រប់ពេលវេលា ។ ប្រជាពលរដ្ឋព្រមានថា ពួកគាត់នឹងប្ដឹងម្ចាស់ផ្ទះ និងមន្ត្រីនានា ដែលអនុញាតឱ្យ ជីកកកាយរណ្ដៅក្រោមដី គ្មានសណ្ដាប់ធ្នាប់នេះ បើសិនជាដើមគគីរ និងបង្គោលភ្លើងនៅក្បែរនោះ បង្កគ្រោះថ្នាក់ដល់ពួកគាត់មែន ។

លោក ជេត វណ្ណនី ស្នងការរងខេត្ត ដែលបានចុះទៅពិនិត្យរណ្ដៅ មិនប្រក្រតីនោះ បានវាយតម្លៃថា បើតាមការពិនិត្យរណ្ដៅ ដែលគេជីករូងក្រោមដីបាតផ្ទះ និងរូងជ្រៅមករកថ្នល់នោះ គឺមិនមែនជាការជីក ដើម្បីដាក់លូទេ ប៉ុន្តែអាចជាការជីក ដើម្បីស្វែងរកអ្វីមួយ ។ លោកបញ្ជាក់ថា ជុំវិញបញ្ហានេះ លោកបានស្នើឱ្យ អាជ្ញាធរមូលដ្ឋាន កោះហៅម្ចាស់ផ្ទះ មកសួរនាំ អំពីការជីករូងក្រោមដីនេះ តើពួកគេជីក ក្នុងគោលបំណងអ្វី ?

លោកជេត វណ្ណនី បន្ថែមថា លោកទទួលស្គាល់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ពិតជាកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារដើមគគីរដ៏ធំ និងបង្គោលភ្លើង នៅក្បែរនោះមែន បើសិនជាមានភ្លៀង ហើយមានខ្យល់ព្យុះថែមទៀត ។ ដូច្នេះម្ចាស់ផ្ទះ និងអាជ្ញាធរ ដែលដឹងឮ ត្រូវតែទទួលខុសត្រូវ លើករណីនេះ ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមអ្នកស្វែងរកកំណប់ មហាសាល បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង ដោយសាររឿងកំណប់ ។ កន្លងមក ក្រុមអ្នកស្វែងរកកំណប់ ដែលភាគច្រើនមានសមាសភាព ជាកងកម្លាំងប្រដាប់អាវុធ មានខ្នងបង្អែកធំៗ និងមានទាំងឧកញ៉ា មួយចំនួនផង តែងមកលួចជីក រុករកកំណប់ទាំងយប់ ទាំងថ្ងៃ នៅក្នុងទឹកដីខេត្ត បាត់ដំបង ។ ពេលខ្លះពួកគេប្រើប្រាស់គ្រឿងចក្រ មករកជីកកកាយទៀតផង ដោយគ្មានខ្លាចក្រែង អាជ្ញាធរដែនដីឡើយ ។ រីឯមន្ត្រីមានអំណាច ក្នុងខេត្តមួយចំនួន ក៏ត្រូវគេសង្ស័យថា ជាអ្នកសមគំនិត ដល់ក្រុមជនទុច្ចរិត ទាំងនោះផងដែរ ។

គេនៅចាំមើលថា តើការជីករណ្ដៅរូង ចូលបាតផ្ទះខាងលើនេះ ដែលម្ចាស់អះអាង ប្រាប់អាជ្ញាធរថា ជាការជីកដាក់លូបង្ហូរទឹកនោះ មានការបកស្រាយ បែបណាពីម្ចាស់ផ្ទះ នៅពេលអាជ្ញាធរ កោះហៅមកឆ្លើយបំភ្លឺ នាពេលខាងមុខនេះ ។រីឯអាជ្ញាធរ គួរតែចុះពិនិត្យ ឱ្យបានច្បាស់ មុនពេលអនុញាត ឱ្យដល់អ្នកស្នើសុំ និងគួរតែចុះ តាមឃ្លាំមើល ពីសកម្មភាពដោយផ្ទាល់ ឱ្យដល់ទីកន្លែង ក្រោយពីអនុញាត ឱ្យអ្នកស្នើសុំនោះ ចៀសវាងការសន្និដ្ឋាន ទាំងបិទភ្នែក ៕

រណ្តៅជ្រៅរូងចូលទៅក្រោមដីបាតផ្ទះ

បាត់ដំបងភ្ញាក់ផ្អើលទៀតហើយរឿងជីកកំណប់

សមត្ថកិច្ចកំពុងត្រួតពិនិត្យរណ្តៅដីដែលគេជីករកកំណប់

រណ្តៅជ្រៅរូងចូលទៅក្រោមដីបាតផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]