រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ វ៉ន ដាវិន អាយុ៣៥ឆ្នាំ ដែលអះអាងថា ខ្លួនជាកូនរបស់លោក វ៉ន សាវឿន ប្រធានសាខាពន្ធដារ ខេត្តកណ្តាល មានទីលំនៅ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកន្លងមក ធ្លាប់បានបោកយក រថយន្ត ម៉ូតូ និងប្រាក់ របស់គេជាច្រើនលើក ច្រើនសា ពេលនេះត្រូវកម្លាំងនគរបាល ចាប់ខ្លួននៅគ្រាដែលបុរសរូបនេះ ទៅសួរសុខទុក្ខមិត្តភក្តិរបស់គេ ដែលជាប់គុក នៅពន្ធនាគារព្រៃស ។

ជនឆបោកម្នាក់នេះ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រៃវែង ខណ្ឌដង្កោ ចាប់ខ្លួន កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២៨ កក្កដា នៅក្នុងមណ្ឌលកែប្រែម១ ក្នុងពន្ធនាគារព្រៃស និងបានបញ្ជូនបន្ត មកកាន់ប៉ុស្តិ៍រដ្ឋបាល នគរបាលទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃដដែល ក្រោយពីមានជនរងគ្រោះ ជាច្រើននាក់ បានដាក់ពាក្យប្តឹង ចោទបុរសនេះ ពីបទឆបោក ។

នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឱ្យដឹងថា ជនឆបោកម្នាក់នេះ ត្រូវបានជនរងគ្រោះ ចំនួន២នាក់ដាក់ ពាក្យបណ្តឹង គឺលោកប៉ាល់ ឆន អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានមកដាក់បណ្តឹង កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០១៤ ដោយចោទថា ជននេះបានបោកយក រថយន្តរបស់គាត់មួយគ្រឿង ម៉ាកឡិចស៊ីស៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២N-៥៧៧៥ យកទៅបញ្ចាំ នៅកាស៊ីណូណាហ្គា ហើយគាត់បានយកលុយ ទៅលស់មកវិញ អស់ចំនួន១២.០០០ដុល្លារ ។

ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ ស៊ូ ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ បានចាញ់បោកបុរសរូបនេះ អស់ម៉ូតូទំនើបធុនធំមួយគ្រឿង ម៉ាកហុងដា ស៊ីប៊ីអ (CBR) និងបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទន្លេបាសាក់ដែរ ។

ជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានជនឆបោករូបនេះ បោកយកចេញពី ទីលានបាល់ទាត់ស្រុីជី (3G) ក្នុងសង្កាត់ទន្លេបាសាក់តែមួយ ។ នគរបាលប៉ុស្តិ៍រូបនេះបន្តថា ពាក់ព័ន្ធនឹងជននេះ នៅមានជនរងគ្រោះ២នាក់ផ្សេងទៀត ដែលម្នាក់ឈ្មោះ កប ចន្ត្រា ភេទប្រុស អាយុ៣២ឆ្នាំ បានចាញ់បោកអស់ម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង និងស្ត្រីវ័យចំណាស់ម្នាក់ទៀត ឈ្មោះ សៀក នី អាយុ៦០ឆ្នាំ ក៏បានអះអាងថា ចាញ់បោកបុរសរូបនេះ អស់ប្រាក់ចំនួន ១.៥០០ដុល្លារផងដែរ ដោយពួកគេ បានទៅដាក់ពាក្យបណ្តឹង ទៅតាមប៉ុស្តិ៍ផ្សេងៗគ្នា ។

តាមប្រភពដដែល ប្រាប់ឱ្យដឹងទៀតថា ជនឆបោកម្នាក់នេះ មិនមែនបោកតែជនរងគ្រោះ ទាំង៤នាក់នេះទេ គឺនៅមានជនរងគ្រោះ ជាច្រើននាក់ទៀត កំពុងតែនាំគ្នា ដាក់ពាក្យបណ្តឹងបន្ថែម ក្រោយពីទទួលដំណឹងថា សមត្ថកិច្ចបានឃាត់ខ្លួននោះ ។

បន្ទាប់ពីនាំខ្លួនជនឆបោក ដ៏ជំនាញម្នាក់នេះ មកកាន់ប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីសាកសួរ និងកំណត់ហេតុរួចហើយ ក៏បញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌចំការមន ចាត់ការតាមនីតិវិធី ៕

បុរសឈ្មោះ វ៉ន ដាវិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]