ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវប្រជាពលរដ្ឋ និងនគរបាលស្រុកគងពិសី ឃាត់ខ្លួនបានភ្លាមៗ ខណៈដែលប៉ងរំលោភ នារីគថ្លង់ម្នាក់ មិនបានសម្រេច ហើយតាមវាយនាង ដល់ក្រោមផ្ទះ ផ្អើលប្រជាពលរដ្ឋពេញភូមិ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលារសៀល ថ្ងៃទី២៧ កក្កដា នៅភូមិថ្នល់បត់ ឃុំពេជ្រមុនី ស្រុកគងពិសី ។

តាមសម្តីរបស់មន្ត្រីនគរបាល ឱ្យដឹងថា យុវជនសង្ស័យឈ្មោះ សុខ ភឿន ហៅភឿន អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ក្នុងភូមិកើតហេតុ រីឯនារីរងគ្រោះ អាយុ១៥ឆ្នាំ ជាមនុស្សគថ្លង់ ស្នាក់នៅជាមួយជីដូន ក្នុងភូមិដូចគ្នា ។

ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះកង់ម្នាក់ឯង នៅក្នុងភូមិ លុះដល់កន្លែងស្ងាត់ ក៏ជួបជនសង្ស័យ ស្ទាក់ចាប់ប៉ុនប៉ងរំលោភ ពេលនោះនាងបានរើបម្រាស់ រួចជិះកង់ត្រឡប់មកផ្ទះវិញ ធ្វើកាយវិការប្រាប់ជីដូន ។

ដោយស្តាប់មិនបានទាំងអស់គ្នា មានការងឿងឆ្ងល់ លុះមួយសន្ទុះក្រោយ ស្រាប់តែជនសង្ស័យ មករកនារីរងគ្រោះដល់ផ្ទះ រួចហើយយកស្បែកជើងគប់ និងទាញដំបង ដេញវាយផ្អើលពេញភូមិ ឃើញដូចនោះ ជីដូនក៏ចូលជួយឃាត់ ត្រូវជនសង្ស័យ វាយចំមួយដំបង រួចក៏មានប្រជាពលរដ្ឋ រាយការណ៍ទៅនគរបាល មូលដ្ឋាន ចុះមកឃាត់បានភ្លាមៗតែម្តង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យបាននិយាយថា ខ្លួនមិនបានចាប់រំលោភនាងទេ គឺដោយសារខឹងនាង (នារីរងគ្រោះ) មកចង្អុលមុខ ហើយពេលខ្លួនស្រវឹងស្រា ក៏ដេញវាយនាង និងត្រូវនគរបាលឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ននារីរងគ្រោះ ត្រូវសាច់ញាតិបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកជនសង្ស័យ នគរបាលឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ជនសង្ស័យនគរបាលឃុំខ្លួន បណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]