វៀតណាម៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកធ្វើការក្នុងរោងចក្រចំរាញ់ត្រី អាចនៅមានជីវិតរស់ ក្រោយពីជាប់នៅក្នុង រោងចក្រក្លាសេត្រី អស់រយៈពេល ច្រើនជាង ៤ ថ្ងៃ ដោយសារតែគាត់ បានលិតទឹកកក ដើម្បីបន្តជីវិត នៅពេលជាប់ក្នុងបន្ទប់នោះ។

បុរសរូបនេះ មានឈ្មោះ Mai Thanh Sang អាយុ ២៣ ឆ្នាំ ត្រូវបានកំនរ កញ្ចប់ត្រី ធ្លាក់ពីលើខ្លួនគាត់ ខណៈពេលដែលគាត់ កំពុងសំអាត រោងចក្រផ្ទុកត្រីនេះ ជាមួយនឹងមិត្តរួមការងារ បីនាក់ទៀត ក្នុងសីតុណ្ហភាព -២២ អង្សាសេ។ បុរសបីនាក់ទៀត អាចគេចខ្លួនរួច ពេលដែល កញ្ចប់ត្រី យ៉ាងច្រើនបានធ្លាក់ពីលើ តែលោក Sang  បានជាប់ក្រោមនោះ វិះតែនឹងបាត់បង់ជីវិត។

លោកបាន គិតថា បើសិនជាលោកស្លាប់ ប្រពន្ធ និង កូនប្រាកដជារស់នៅ លំបាកវេទនា ដូច្នេះលោក បានលើ់កទឹកចិត្តខ្លួនឯង នៅពេលដែល ជាប់ក្រោមកំនរកញ្ចប់ត្រីដ៏ច្រើននោះ ខណៈពេលដែល ក្រុមសង្រ្គោះ អាចរកឃើញគាត់ នៅរយៈពេល ១០៣ ម៉ោងក្រោយ។ ក្រុមសង្រ្គោះបន្ទាន់ បានរកឃើញ និង ជួយគាត់ចេញពីទីនោះ ចំណែករបូស របស់គាត់វិញ ធ្ងន់ធ្ងរបំផុត ដែលវេជ្ជបណ្ឌិត មិនធ្លាប់ជួបពីមុនមក។

លោក Sang បានឲ្យដឹងថា “ខ្ញុំបានរងរបួស ដោយសារតែទឹកកក សង្កត់ពីលើ ហើយខ្ញុំព្យាយាម ស្រែកឲ្យគេជួយ ប៉ុន្តែខ្ញុំ មិនអាចស្រែក បានឡើយ នៅពេលនោះ។ នៅពេលដែលកំពុងជាប់ នៅក្នុងកំនរកញ្ចប់ត្រីនោះ ខ្ញុំមានអារម្មណ៍ឃ្លាន ខ្លាំងបំផុត ហើយថែមទាំងត្រជាក់ ស្ទើរតែនឹងស្លាប់ ទៅហើយ។ ដំបូងខ្ញុំ គិតថាខ្ញុំនឹងអាចស្លាប់ ភ្លាមៗហើយ ប៉ុន្តែបន្តិចក្រោយមក ខ្ញុំក៏ចាប់ផ្តើម មានសង្ឃឹមឡើងវិញ បន្ទាប់ពីគិតដល់ប្រពន្ធ និង កូនរបស់ខ្ញុំ ហើយខ្ញុំអាចរស់បាន ដោយសារតែ លិតទឹកកក នៅក្នុងនោះ ប៉ុន្តែ យូរៗទៅ ខ្ញុំមានអារម្មណ៍ កាន់តែអស់កម្លាំងទៅៗ "។

យ៉ាងណាមិញ លោក Sang ត្រូវបានសំរាកព្យាបាល នៅមន្ទីរពេទ្យ Cho Ray ក្នុងទីក្រុង ហូជីមិញ។ ក្រុមគ្រូពេទ្យ បានឲ្យដឹងថា លោកអាច នៅមានជីវិត គឺដោយសារតែលោក បានពាក់អាវការពារត្រជាក់ ចំនួន ៤ជាន់ និង មួកការពារ ទើបហេតុនេះ គាត់អាចទប់ទល់ នឹងសីតុណ្ហភាព -២២ អង្សាសេ ក្នុងរយៈពេល ១០៣ ម៉ោងនេះបាន៕


លោក Sang កំពុងសំរាកព្យាបាល នៅមន្ទីពេទ្យ 

ប្រភព ៖ Metro

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]