ព្រះសីហនុ៖ ជាងកញ្ចក់ ២នាក់បងប្អូន នៅផ្សារវាលរេញ បើកម៉ូតូឌុបគ្នា ជ្រុលល្បឿន បុករថយន្តពី ក្រោយបណ្តាលឲ្យ ស្លាប់អ្នកបើកបរ ដែលជាបងប្រុស ចំណែកអ្នករួម ដំណើរដែលជាប្អូន រងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ១៩ និង៤០នាទីយប់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៨១-១៨២ ស្ថិតក្នុងឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឿន ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងកាត់កញ្ចក់ រស់នៅភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកបើកម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ស្លាប់នៅនឹងកន្លែង រីឯប្អូនប្រុសឈ្មោះ រឿន ធារី អាយុ២២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្តនៅកន្លែង កើតហេតុ ។

ប្រភពពីសាក្សី បានឲ្យដឹងថា មុនកើតហេតុ គេឃើញពីរនាក់បងប្អូន បើកម៉ូតូក្នុងល្បឿនលឿន ហើយបានជ្រុល ទៅបុករថយន្តដឹកទំនិញ ពីក្រោយ១គ្រឿង បណ្តាលឲ្យដួល ម៉ូតូខ្ទាតអ្នកបើកបរម៉ូតូ ដែលជាបង ចូលក្រោមរថយន្ត កិនស្លាប់ភ្លាមៗនៅកន្លែង រីឯយុវជនជាប្អូន ជិះពីក្រោយរងរបួសធ្ងន់ ។ បច្ចុប្បន្ន ទាំងរថយន្ត និងម៉ូតូ ជនរងគ្រោះ ត្រូវបាននគរបាល ចរាចរណ៍ យកទៅរក្សាទុក នៅអធិការស្រុក ដើម្បីដោះស្រាយបន្ត ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]