ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើ នៅស្រុកអូររាំង ការដឹកជញ្ជូន ឈើប្រណីត តាមរថយន្តធុនតូច កាមរីគូទហើម កាមរីគូទស្វិត និងឡង់គ្រីស័រ នៅស្រុកអូររាំង ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរ មួយចំនួន រាយការណ៍ថា ក្នុងមួយថ្ងៃ មានមិនតិចជាង ២០ទៅ៣០គ្រឿងឡើយ ។ ហើយភាគច្រើន ឈើប្រណីតទាំងនោះ គេបានដឹកចេញពី ដីព្រៃតំបន់ ការពារអភិរក្ស ជីវចម្រុះអូររាំង ដូចជា ភូមិអណ្តូងក្រឡឹង ភូមិពូជូ ភូមិពូឡា ភូមិរកា និងភូមិពូព្យាម ដែលស្ថិត នៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ឈើប្រណីត ដែលក្រុមឈ្មួញ កំពុងដឹក គគ្រឹងគគ្រេង ទាំងយប់ថ្ងៃនោះ ភាគច្រើន ជាប្រភេទឈើធ្នង់ បេង និងនាងនួន គឺដឹកបន្តកន្ទុយ គ្នាតែម្តង។ ការចរាចរ ឈើប្រណីត តាមផ្លូវជាតិ ដ៍រលោងស្រិល យ៉ាងរលូនបែបនេះ ពុំមែនមន្រ្តីជំនាញ មិនដឹងនោះទេ ។ ត្បិតអីស្នាក់ការ ដែលក្រុមមេព្រៃ ស្នាក់នៅ និងធ្វើការ សុទ្ឋសឹងនៅតាមបណ្តោយ ផ្លូវជាតិលេខ៧៦ ទាំងអស់ ហើយផ្លូវដែល គេអាចដឹកឈើបាន មានតែផ្លូវ មួយខ្សែនេះ ។ ប្រជាពលរដ្ឋ បានលើកឡើងថា ប្រសិនបើ មន្រ្តីជំនាញទាំងនោះ មានឆន្ទៈក្នុង ការបង្ក្រាប និងទប់ស្តាត់ ពិតមែននោះ កុំថាឡើយ ២០ទៅ៣០គ្រឿង សូម្បីរយន្តដឹកឈើ មួយគ្រឿង ក៏ឈ្មួញមិនអាច ដឹកឈើឆ្លងកាត់ មុខបានឡើយ។ តែធាតុពិត អស់លោករាប់បាន តែក្បាលរថយន្ត ចេញនឹងចូល ដឹកឈើ ដើម្បីយកលុយ សំនូកប៉ុណ្ណោះ។

ក្នុងនោះដែរ ប្រភពដាច់ ដោយឡែកមួយ ទៀតបាន និយាយថា បើមេព្រៃ ត្រូវថ្នាំសណ្តំ ទៅហើយ ចុះសមត្ថកិច្ច ជាច្រើនស្ថាប័ន ដែលបានដាក់ ឡានតាមដងផ្លូវ ម្តេចមិនជួយ ទប់ស្តាត់បទល្មើស ព្រៃឈើគ្នាខ្លះផង ឬត្រូវថ្នាំ ទាំងអស់គ្នា ។ គេតែងឃើញ រថយន្តជាច្រើន ប្រភេទបានឈប់ តាមផ្លូវដូចជា វាលម្រិច កែងផ្លូវច្រកចូល ភូមិអណ្តូងក្រឡឹង កែងផ្លូវច្រកចូល ភូមិរកា ...ជាដើម ។ ចំណែកម្ចាស់រថយន្ត ដែលដេកចាំផ្លូវ ទាំងអស់នោះ ត្រូវបានអ្នករកស៊ី ដឹកឈើលបប្រាប់ថា មានដូចជា ប៉ូលិសសេដ្ឋកិច្ចក្រសួង ប៉ូលិសសេដ្ឋកិច្ចខេត្ត ប៉េអឹមផ្ទៃប្រទេស ប៉េអឹមខេត្ត ទារហានដឺបេ មេព្រៃ ...។

ប្រជាពលរដ្ឋ បានអំពាវនាវ សុំការអន្តរាគមន៏ ពីលោក កែប កត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើមណ្ឌល ជួយដាស់តឿន ដល់មន្រ្តីក្រោមឱវាទ របស់ខ្លួនខ្លះផង ដែលកំពុងដើរ ចោលកន្លែង ធ្វើការរហូត មិនដែលឃើញ វត្តមាន នៅស្នាក់ការ សង្កាត់ រដ្ឋបាល ព្រៃឈើ អូររាំងឡើយ។ ការសំនូមពរបែបនេះ ព្រោះពួកគាត់ ពិបាកក្នុងការ ផ្តល់ព័ត៌មាន ដល់មន្រ្តីជំនាញ ដោយសារពុំមាន អ្នកប្រចាំការ នៅកន្លែងមេព្រៃ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]