រាជធានីភ្នំពេញ ៖ បុរសម្នាក់ខឹងស្រីសេ្នហ៍ អង្គុយលេងបៀរ ជាមួយអ្នកជិតខាង បានស្ទុះទៅវាយ ៣ដៃចំកណ្ដាលមុខ បណ្ដាលឱ្យប៉ោងមុខ ហើយមិនអស់ចិត្ត ហៅចូលក្នុងបន្ទប់ កាប់មួយបុ័ងតោ ចំស្មាខាងឆ្វេង រយះដេរ៥ថ្នេរ រួចឃុំទុកក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៧ កក្កដា ២០១៤ នៅចំណុចផ្ទះជួលអត់លេខ មួយកន្លែង ស្ថិតក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសកំណាចខាងលើ ឈ្មោះ អឹក សំអាង អាយុ២៩ឆ្នាំ មុខរបរជាពេទ្យទាហាន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកនារីរងគ្រោះ ឈ្មោះ ភីន អឿន អាយុ៣០ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល កើតហេតុខាងលើ។

តាមការឱ្យដឹង ពីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ច និងក្រុមអ្នកយកព័ត៌មាន ទាំងទឹកភ្នែកហូរ រលីងរលោងថា មុនពេលកើតហេតុ រូបគាត់ និងបុរសកំណាចខាងលើ បានទាក់ទងគ្នា រយៈពេល៣ខែមកហើយ តែមិនទាន់ឈានដល់ថ្នាក់ ប្ដីប្រពន្ធរួមរស់ នៅផ្ទះជាមួយគ្នា នៅឡើយទេ។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ បុរសកំណាចខាងលើ តែងតែមកលេង ផ្ទះជួលរបស់គាត់ ហើយតែងរករឿងរូបគាត់ ពីបញ្ហានេះបញ្ហានោះ ថែមទាំងបិទសិទ្ធិសេរីភាពរបស់គាត់ ដោយមិនឱ្យគាត់ និយាយលេងជាមួយអ្នកជិតខាង ឬទៅលេងបៀរ នៅផ្ទះអ្នកជិតខាង ជាដាច់ខាត បើទោះបីជាគាត់ ព្យាយាមអង្វរ.ក សុំកុំឱ្យបុរសកំណាចរូបនោះ បិទសិទ្ធិសេរី របស់គាត់ ក៏រូបគេមិនព្រមស្ដាប់ដែរ ។

នៅយប់កើតហេតុ រូបគាត់បានទៅលេងបៀរ នៅផ្ទះជួលរបស់អ្នកជិតខាង បុរសកំណាចរូបនោះ បានត្រឡប់មកពីធ្វើការ ហើយបានមកលេងផ្ទះ របស់គាត់ដូចរាល់ដង ក៏ឃើញរូបគាត់ កំពុងអង្គុយលេងបៀរ ជាមួយអ្នកជិតខាង បែបនោះធ្វើឱ្យ រូបគេខឹងយ៉ាងខ្លាំង ក៏បានស្ទុះមកវាយរូបគាត់ ចំកណ្ដាលមុខ៣ដៃ បណ្ដាលឱ្យប៉ោងមុខ ហើយមិនអស់ចិត្ត ក៏ហៅរូបគាត់ ចូលទៅក្នុងបន្ទប់ រួចទាញយកកាំបិតបុ័ងតោ មកកាប់រូបគាត់ ចំដៃខាងឆ្វេង បណ្ដាលឱ្យរយះ ហូរឈាមកក្លាក់ រួចចាក់សោឃុំរូបគាត់ ទុកក្នុងបន្ទប់ ថែមទៀតធ្វើឱ្យគាត់ ទ្រាំមិនបាន ក៏ស្រែកហៅអ្នកជិតខាងជួយ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកធ្វើការអន្តរាគមន៍ ចាប់បុរសកំណាចខាងលើ វាយខ្នោះយកទៅឃុំខ្លួន និងធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទឹកថ្លា។

ចំណែករូបគាត់ ត្រូវបានប្រជាពលរដ្ឋ ដឹកយកទៅព្យាបាល ដេររបួសដៃខាងឆ្វេង ចំនួន៥ថ្នេរ នៅមន្ទីរពេទ្យព្រះកុសុមៈ៕

បុរសដែលវាយ និងកាប់ស្រីស្នេហ៍ ត្រូវប៉ូលិសក្របួចយកទៅប៉ុស្តិ៍

ស្ត្រីរងគ្រោះ ដោយបុរសជាប្រុសស្នេហ៍វាយ និងកាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]