ខេត្តពោធិ៍សាត់ ៖ មន្ត្រីយោធាស័ក្តិ៣ម្នាក់ បានត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកកណ្ដៀង ធ្វើការឃាត់ខ្លួន ពីបទប្រើប្រាស់អាវុធ បាញ់បោះសេរី ប្លន់យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៣ កក្កដា វេលាម៉ោង៦ល្ងាច នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ កោះតាកែវ ឃុំរាំងទិល ស្រុកកណ្ដៀង។

លោកវរសេនីយ៍ត្រី ឆន ឈាន នាយការិយាល័យស្រាវជ្រាវ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ឲ្យដឹងថា មន្ត្រីយោធាដែលឃាត់ខ្លួននេះ ឈ្មោះសោម សុភី ភេទប្រុស អាយុ៤៥ឆ្នាំ មានឋានន្តរស័ក្កិ អនុសេនីយ៍ឯក ជាជំនួយការអង្គភាព អធិការកិច្ចកងទ័ពជើងគោក កាន់លិខិតបញ្ជា បេសកកម្មលេខ ២៣៩/បសក/២០១៤ ដែលចេញដោយ លោកឧត្តមសេ នីយ៍ទោថោង ថាវរិន្ទ នាយអធិការកិច្ច កងទ័ពជើងគោក។ ក្នុងលិខិតបញ្ជាបេសកកម្ម គឺឲ្យធ្វើដំណើរទៅកាន់យោធ ភូមិភាគទី៤ និងទី៥ បំពេញភារកិច្ចជំនាញ ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ កក្កដា ២០១៤។ មធ្យោបាយធ្វើដំណើរ ដោយម៉ូតូមួយគ្រឿង សម្ភារភ្ជាប់ជាមួយ មានអាវុធខ្លីមួយដើម និងអាវុធវែងមួយដើម។ ឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ ឈ្មោះធាង កុសល ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិលើគោក ឃុំរាំងទិល ស្រុកកណ្ដៀង ដែលបានចោទប្រកាន់ថា កាលពីល្ងាចថ្ងៃទី២៣ កក្កដា មន្ត្រីយោធាខាងលើនេះ បានទៅជេរប្រមាថ បាញ់បោះគំរាមកំហែង ប្លន់យកអាគុយ របស់គាត់មួយគ្រឿង ពីក្នុងទូក នៅភូមិកោះតាកែវ ឃុំរាំងទិល។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹង នេះភ្លាមកម្លាំងកង រាជអាវុធហត្ថ នៅក្នុងមូលដ្ឋាន ក៏បានធ្វើការឃាត់ខ្លួន បញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតែម្ដង។

តាមការផ្ដល់ព័ត៌មាន ពីប្រជាពលរដ្ឋ ឈ្មោះធាង កុសល ដែលជាជនរងគ្រោះ បានប្រាប់កោះសន្តិភាពថា ខ្លួនបួសជាសង្ឃ អស់រយៈពេល ជិត២០ឆ្នាំមកហើយ ទើបតែសឹកពីបួស បានកន្លះខែប៉ុណ្ណោះ។ នៅល្ងាចថ្ងៃទី២៣នោះ ខ្លួនបានអុំទូក ចូលទៅក្នុងព្រៃ ដើម្បីបត់ជើងតូច ។ ពេលនោះស្រាប់តែឃើញ កាណូតបាឡាមួយគ្រឿង ជិះគ្នា០៣នាក់ ដែលពីរនាក់ ស្លៀកខោប៉ារ៉ា បើកសំដៅមក។ ពេលមកដល់សួរខ្លួនថា កំពុងធ្វើអី ឫមួយក៏ឆក់ត្រី? ខ្លួនក៏ឆ្លើយថា អត់ឆក់ត្រីទេ គឺបត់ជើងតូច។ ពេលនោះគេថា អញមិនជឿ ហើយបានជេរប្រមាថ ព្រមទាំងប្រើកាំភ្លើង បាញ់មួយគ្រាប់ក្បែរទូក ធ្វើឲ្យខ្លួនភ័យញ័រចំប្រប់។ បន្ទាប់មក បានឡើងមកលើទូករបស់ខ្លួន យកអាគុយមួយគ្រឿង ដាក់កាណូតរបស់គេ បើកចេញទៅបាត់ ហើយភ្លាមៗនោះ ខ្លួនក៏ទៅប្ដឹងប៉េអឹមតែម្ដង។

ជនសង្ស័យខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៥ កក្កដា ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់៕

មន្ត្រីយោធាដែលឃាត់ខ្លួន

វត្ថុតាងសមត្ថកិច្ចដកហូតបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]