ខេត្តក្រចេះ ៖ ស្រ្តីសរសៃខ្ចីវ័យ២៣ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ដោយសារតែគ្រាប់កាំភ្លើង ខណៈពេលកំពុង អង្គុយបំបៅដោះទារក ជាងពីរខែនៅលើផ្ទះ បន្ទាប់ពីមានការ ផ្ទុះអាវុធជាច្រើនគ្រាប់ របស់ស្ថាប័នអយ្យការខេត្ត ក្នុងប្រតិបត្តិការ ចុះបង្រ្កាបរថយន្ត ដឹកឈើប្រណីតមួយគ្រឿង នៅវេលាពាក់កណ្តាលអធ្រាត។

ការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការ បង្រ្កាបរថយន្តដឹកឈើមួយគ្រឿង របស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដែលអ្នកស្រុកនឹកស្មានថា ជាសង្រ្គាម ដោយស្នូរគ្រាប់កាំភ្លើង លាន់លឺរំពង នាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៥ កក្កដា គឺត្រូវបានគេចាត់ទុកថា ជាករណីផ្ទុះអាវុធ ជាលើកទីបី នៅក្នុងស្រុកស្នួល លើការចុះបង្រ្កាប បទល្មើសការដឹកជញ្ជូនឈើ របស់លោកទី សុវិនថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។

ហេតុការណ៏ផ្ទុះអាវុធ ជាលើកចុងក្រោយ បានកើតឡើង កាលពីវេលាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៥ កក្កដា នៅចំណុចទីប្រជុំជន ឃុំស្វាយជ្រះ ស្រុកស្នួល ជាប់នឹងផ្លូវជាតិលេខ៧ គឺត្រូវគេរាយការណ៍ថា បានផ្ទុះអាវុធជាច្រើនគ្រាប់ រហូតបង្កឲ្យស្រ្តីម្នាក់ បានរងរបួស ដោយសារគ្រាប់កាំភ្លើង ទាំងមិនដឹងខ្លួន។

លោកអនុសេនីយ៏ទោ ជា ជាន នាយប៉ុស្តិ៍រដ្ឋបាលស្វាយជ្រៈ បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ហ៊ាល រី អាយុ២៣ឆ្នាំ មានទីលំនៅឃុំស្វាយជ្រៈ ស្រុកស្នួល មានកូនពីរនាក់ ស្រីម្នាក់ និងជាស្រ្តីសរសៃខ្ចី ទើបតែមានកូនប្រុសម្នាក់ទៀត អាយុជិត២ខែ។ លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា កាលពីយប់កើតហេតុ ស្រ្តីរងគ្រោះបានងើបអង្គុយ បំបៅដោះកូន នៅលើផ្ទះ មានទីតាំងជិត កន្លែងកើតហេតុ ចំងាយជាង១៥ម៉ែត្រ ចំណែកឯក្រុមគ្រួសារ មានចំនួន៧នាក់ទៀត កំពុងដេកនៅលើផ្ទះ ។ ស្ត្រីរងគ្រោះ ត្រូវគ្រាប់កាំភ្លើង ចំកំភួនដៃខាងស្តាំ ធ្លាយចេញមកស្មាខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៥ កក្កដា គឺមានការផ្ទុះអាវុធខ្លី ជាច្រើនគ្រាប់ផ្អើលអ្នកភូមិ ក្នុងប្រតិបត្តិការណ៏ បង្រ្កាបរថយន្តសាំយ៉ុង ដឹកឈើប្រណីតធ្នង់ មួយគ្រឿង របស់ស្ថាប័នព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្រោមការដឹកនាំផ្ទាល់ របស់លោក ទី សុវិនថាល់ ព្រះរាជអាជ្ញានិងលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញាររង។ ក្នុងស្ថានភាពដ៏តានតឹង ដែលបានអូសបន្លាយពេល ជាង១ម៉ោង ពីសំណាក់កម្លាំងសមត្ថកិច្ច និងក្រុមឈ្មួញដឹកឈើ ក៏ត្រូវបានផ្ទុះអាវុធ ជាច្រើនគ្រាប់ រហូតបង្កឲ្យមានស្រ្តី អ្នកភូមិនៅក្បែរនោះម្នាក់ រងរបួសធ្ងន់។

បន្ទាប់ពីមានការផ្ទុះអាវុធ ក្នុងសមរភូមិចាប់បង្រ្កាបការ ដឹកជញ្ជូនឈើខុសច្បាប់ គឺរថយន្តសាំយ៉ុង ដឹកឈើធ្នង់មួយគ្រឿងនេះ គឺត្រូវបានចាប់បង្រ្កាប រួមទាំងមនុស្សពីរនាក់ទៀត មានម្នាក់ជាអ្នកបើកបរ និងព្រូរថយន្ត នាំខ្លួនមកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តទាំងយប់ ៕

ទិដ្ឋភាពកន្លែងកើតហេតុ

រថយន្តដែលសមត្ថកិច្ចដែលចាប់បាន

ស្ត្រីរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]