ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដងទន្លេមួយខ្សែ មានប្រវែង៣៥០ម៉ែត្រ ស្ថិតក្នុងទីក្រុង Wenzhou នៃប្រទេសចិន បានប្រែក្លាយទៅជាពណ៌ក្រម ឆ្អើមឆ្អៅដូចឈាម មើលទៅគួរឲ្យខ្លាច។ ប្រភពដដែលបានបន្តទៀតថា អ្នកស្រុកដែលរស់នៅ ក្បែរទន្លេនោះ បានប្រទះឃើញ ហេតុការណ៏បែបនេះ កាលពីព្រឹក ថ្ងៃទី២៤ ខែកក្កដា ម្សិលមិញនេះ ខណៈក្បែរដងទន្លេនោះ គ្មានរោងចក្រគីមីអ្វីឡើយ។

បើតាមសម្តីអ្នកស្រុកម្នាក់ ដែលមានឈ្មោះថា Chao បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៤ទាបភ្លឺ នៅថ្ងៃកើតហេតុ ទឹកទន្លេមួយនេះ គឺមានសភាពធម្មតាទេ ប៉ុន្តែរយៈពេលប្រហែល១ម៉ោងក្រោយមក ទឹកទន្លេក៏បានប្រែក្លាយទៅជា ពណ៌ក្រហមតែម្តង ដែលធ្វើឲ្យអ្នកស្រុករស់នៅក្បែរនោះ មានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ អ្នកស្រុកដទៃទៀត ក៏បានប្រាប់ឲ្យដឹងដែរថា «កាលពីម្សិលមិញ (ថ្ងៃទី២៣) ទឹកទន្លេមានពណ៌ធម្មតានៅឡើយទេ។ វាពិតជាគួរឲ្យខ្លាចណាស់ ដោយសារតែទឹកទន្លេ បានប្រែពណ៌ទៅជាពណ៌ក្រហម ក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ។»

រូបភាព កាលពីទឹកទន្លេ មានសភាពធម្មតា

គួរបញ្ជាក់ផងដែរថា នៅតាមបណ្តោយដងទន្លេនោះ គឺមានតែផ្សារមួយ និងផ្ទះប្រជាជន ប៉ុន្មានខ្នងទៀតប៉ុណ្ណោះ ហើយមិនមានរោងចក្រគីមី ដែលអាចបណ្តាលឲ្យ ទឹកទន្លេប្រែពណ៌ អ្វីឡើយនៅទីនោះ ខណៈអ្នកស្រុកបានអះអាងថា ពួកគេមិនដែរបានជួបប្រទះ នូវបាតុភូតដ៏ចម្លែកនេះឡើយ ពីមុនមក។

ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីផ្នែកបរិស្ថានប្រចាំក្នុងតំបន់ បាននិងកំពុងធ្វើការស៊ើបអង្កេត ចំពោះមូលហេតុ ដែលធ្វើឲ្យទឹកទន្លេ ប្រែទៅជាពណ៌ក្រហម ខណៈពួកគេសង្ស័យថា វាបណ្តាលមកពី ការហូរចូលនៃទឹកថ្នាំពណ៌ក្រហម ដែលជាស្នាដៃរបស់មនុស្ស។

យ៉ាងណាមិញ បើយោងតាមប្រភពព័ត៌មាន China News របស់ប្រទេសចិន ដែលទើបតែបាន ចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទឹកទន្លេមួយនោះ បានប្រែមកជាពណ៌ធម្មតាវិញ នៅវេលាម៉ោង៥ល្ងាច មិ្សលមិញនេះ៕

ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]