ចិន៖ វាពិតជាមិនគួរឲ្យជឿ ដែលមនុស្សពីរនាក់ នៅរស់រានមានជីវិត បន្ទាប់ពីឡានរបស់ពួកគេ ត្រូវបាន កុងតឺន័រដឹកទំនិញ ធ្លាក់ពីលើ បណ្តាលឲ្យសំប៉ែត មើលមិនយល់ ទៅហើយនោះ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅលើផ្លូវមួយក្នុងទីក្រុង Qingdao ដែលឡានកុងតឺន័រមួយគ្រឿង បានក្រឡាប់ ធ្លាក់សង្កត់ពីលើ ឡានមួយគ្រឿង ដែលមានអ្នកដំនើរ ២នាក់ កំពុងជិះនៅក្នុងនោះ។

ភ្លាមៗនោះ ក្រុមពន្លត់អគ្គីភ័យ បានដល់កន្លែងកើតហេតុ ដោយគិតថា គ្មាននរណាម្នាក់ នឹងរស់រានមានជីវិត ក្រោយពីជួប ហេតុការណ៍ រន្ធត់នេះទេ ព្រោះតែឡាន ដែលជនរងគ្រោះ បានបើកនេះ ខូចទ្រង់ទ្រាយ ស្ទើរតែមិនយល់ទៅហើយ ប៉ុន្តែអ្វីដែល គួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេល ពួកគេបំរុងនឹង យកសាកសពចេញពីឡាន ក៏បានលឺសំលេងស្រ្តីម្នាក់ ស្រែកហៅពីក្នុងឡាន ហើយលើកដៃធ្វើជាសញ្ញា តាមបង្អួច ដែលបែកខ្ទេចខ្ទីនោះ ថានាង និងមិត្តរបស់នាង នៅមានជីវិតនៅឡើយ។

ក្រុមអ្នកពន្លត់អគ្គីភ័យ បានឲ្យដឹងថា ពួកគេបានប្រើប្រាស់ឡានស្ទូច ចំនុះ ១០០ តោន ដើម្បីធ្វើយ៉ាងណា ស្ទូចកុងតឺន័រ នោះចេញពីឡាន យ៉ាងប្រុងប្រយ័ត្ន ហើយនៅពេលដែល ពួកគេបានលើក កុងតឺន័រនោះចេញមក ឃើញថា មានចន្លោះនៅខាងក្នុងឡាន ដែលកុងតឺន័រសង្កត់ពីលើ ត្រឹមតែ ៦០ សង់ទីម៉ែត្រតែប៉ុណ្ណោះ ដែលធ្វើឲ្យគាត់ ស្ទើរតែមិនជឿថា ជនរងគ្រោះទាំងពីរ អាចនៅមានជីវិត។

យ៉ាងណាមិញ ស្រ្តីរងគ្រោះ ត្រូវបានយកចេញពីកំទេចឡាន ដោយមានត្រឹមតែស្នាមដាច់ និង របួសតែបន្តិចប៉ុណ្ណោះ ហើយ នាងត្រូវបាន យកទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ប៉ុន្តែបុរសរងគ្រោះវិញ គឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ជាងនាង និង ត្រូវតែ កាត់យក បំនែកខ្លះ នៃឡាន ដើម្បីយកគាត់ចេញបាន ប៉ុន្តែគាត់ត្រូវបាន ពិនិត្យថា នឹងអាចជាសះស្បើយ នៅពេលខាងមុខ។ ចំនែកឯអ្នកបើកបរ ឡានកុងតឹន័រវិញ រងរបួសបន្តិចបន្តួចប៉ុណ្ណោះ ហើយកំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ផងដែរ គ្រោះថ្នាក់ចរចរណ៍ ជាបញ្ហាធ្ងន់ធ្ងរ ដែលតែងតែកើតមានឡើង នៅក្នុងប្រទេសចិន ជារៀងរាល់ថ្ងៃ ខណៈពេលដែល ផ្លូវធំៗ ត្រូវបានសាងសង់ឡើង ហើយចំនួនអ្នកបើកបរថ្មី បានកើនឡើង គួរឲ្យកត់សំគាល់ ខណៈពេលដែល ច្បាប់ចរចរណ៍ នៅមិនទាន់បាន អនុវត្តបានល្អនៅឡើយ៕

ខាងក្រោម គឺជាសកម្មភាពក្រុមពន្លត់អគ្គីភ័យ យកជនរងគ្រោះចេញពីឡាន ៖ 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]