ពោធិ៍សាត់៖ ដោយអនុវត្ត តាមបទបញ្ជា របស់ប្រធានគណៈ បញ្ជាការ ឯកភាពខេត្ត និងមាន ការណែនាំ ពីលោកមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ផងនោះ កម្លាំងកងរាជអាវុធហត្ថ នៃការិយាល័យ ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៤ បានចុះទៅឃាត់ ខ្លួនទាហានសក្តិ ៣ ម្នាក់ តាមពាក្យបណ្តឹង របស់ជនរងគ្រោះ ដែលបានប្តឹង មកសមត្ថកិច្ចថា បានបាញ់គំរាមទៅ លើរូបគាត់ កាលពីវេលាម៉ោង ១៧ និង៣០ នាទីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ ។

លោកវរសេនីយ៍ត្រី ឆន ឈាន នាយការិយាល័យ ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាននោះ មានឈ្មោះ សោម សុភី ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខងារជាទាហាន ពាក់សក្តិ ៣ នៅអង្គភាពអធិការកិច្ច កងទ័ពជើងគោក ។

លោក ឆន ឈាន បន្តថា ការឃាត់ខ្លួនជន សង្ស័យរូបនេះ គឺយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ឈ្មោះ ធាង កុសល ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិកោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្ត ពោធិ៍សាត់។

លោក ឆន ឈាន ក៏បានបន្តឲ្យដឹងទៀតថា បើយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ ថា ឈ្មោះ សោម សុភី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខងារ ជាទាហាន សក្តិ ៣ នោះ បានបាញ់គំរាមរូប គាត់ចំនួន ១គ្រាប់ ទៅក្នុងទឹកទន្លេ ខណៈរូបគាត់ កំពុងតែរកត្រី ។ លោក ឆន ឈាន បន្តទៀតថា យោងតាមចម្លើយសារភាព យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ និង យោងតាមវត្ថុតាង ជាក់ ស្តែង មានអាវុធអាការចំនួន ១ដើម ជនសង្ស័យរូបនេះ សមត្ថកិច្ចកំពុងបង្ក សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ផងដែរថា បើតាមប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃទឹក តាមដងទន្លេសាប បានឲ្យដឹងថា សព្វ ថ្ងៃនេះ មានសមត្ថកិច្ចនៅ ទីនោះយ៉ាងច្រើនស្អេកស្កះ មិនដឹងថា មកពីស្ថាប័នណានោះទេ បើរាប់វិញ ស្ទើរតែរាប់ភ្លេចទៅហើយ ហើយក្រុមសមត្ថកិច្ចទាំងនោះ តែងតែដើរយកលុយ ដាក់ខែដាក់រដូវ ពីអ្នក រកស៊ីប្រើឧបករណ៍ ខុសច្បាប់ផង និង អ្នកប្រកបមុខរបរ នេសាទជាលក្ខណៈ គ្រួសារផងដែរ ។ ប្រជាពលរដ្ឋក៏ បានលើកឡើង និងសំណូមពរថា ដើម្បីឲ្យពួកគាត់បាន ប្រកបមុខរបររកត្រី ជាលក្ខណៈគ្រួសារ បានងាយស្រួល គួរតែថ្នាក់លើ ជាពិសេស លោកអភិបាល ខេត្តពោធិ៍សាត់ មេត្តាចាត់វិធានការ ឲ្យបានក្តៅ ចំពោះក្រុមសមត្ថកិច្ច ដូចស្រមោច ដែលមាននៅតាម ចំណុចនានា ក្នុងផ្ទៃបឹងទន្លេសាប សព្វថ្ងៃនេះផង ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]