កំពង់ចាម៖ ល្បិចថ្មីមួយទៀត របស់ក្រុមឆបោក បានកើតឡើងនៅ ក្នុងទឹកដីស្រុក ចំការលើ ខេត្ដកំពង់ចាម ដោយសារជន ឆបោកទាំងនេះ បានប្រើកាត គ្រីរថយន្ដក្លែង ក្លាយ ក្នុងគោលបំណង បន្លំភ្នែកសមត្ថកិច្ច ដើម្បីបោកយក រថយន្ដមួយគ្រឿង ដែលម្ចាស់ រថយន្ដយកទៅបញ្ចាំ ប៉ុន្ដែទង្វើបែបនេះត្រូវ បានបរាជ័យ ក្រោយពីកម្លាំង នគរបាលជំនាញ របស់ស្រុកចំការលើ បានធ្វើការស្រាវជ្រាវ ដឹងរឿងពិត ហើយឈានទៅដល់ការឃាត់ ខ្លួនពួកគេទាំង៣នាក់ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ តុលាការចាត់ការ តាមផ្លូវច្បាប់ ។

មន្ដ្រីនគរបាលស្រុកចំការលើ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ មានស្ដ្រីម្នាក់ឈ្មោះ ហៀង វ៉ាន់លី ដង់ អាយុ៣៧ឆ្នាំ រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ បានទទួលរថយន្ដ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-9217ដែលគេ យកមកបញ្ចាំ ក្នុងតម្លៃទឹក ប្រាក់១ម៉ឺនដុល្លារ។

មន្ដ្រីនគរបាល ស្រុកចំការលើ បានបន្ដថា នៅពេលដែលគេ យករថយន្ដមកបញ្ចាំនោះ គឺមានកាតគ្រីត្រឹមត្រូវ ស៊េរីឆ្នាំ២០១២ ប៉ុន្ដែ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ស្រាប់តែ មានមនុស្ស៣នាក់ មកលោះរថយន្ដមួយ គ្រឿងនេះ ដោយនាំយក កាតគ្រីរថយន្ដមក ជាមួយផងដែរ ស៊េរីឆ្នាំ២០១០ ។

មន្ដ្រីនគរបាល ស្រុកចំការលើ បានបន្ដថា ដោយមានរឿងហេតុ ខាងលើនេះកើតឡើង ស្ដ្រីដែលទទួលរថយន្ដ បញ្ចាំបានទូរស័ព្ទ រាយការណ៍ជូនសមត្ថកិច្ច នគរបាល ដើម្បីចុះទៅ ពិនិត្យមើលនិងដោះស្រាយ ពីព្រោះអ្នកដែល យករថយន្ដមកបញ្ចាំ ជាមនុស្សផ្សេង រីឯអ្នក មកលោះរថយន្ដ វិញជាមនុស្សផ្សឹង ប៉ុន្ដែមាន កាតគ្រីដូចគ្នា ។

បើតាមមន្ដ្រីនគរបាល ស្រុកចំការលើ ដោយសារតែមានរឿង ខាងលើនេះកើតឡើង ទើបនគរបាលជំនាញ ទាក់ទងទៅមន្ដ្រី នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ដើម្បីឆែកមើល កាតគ្រីទាំងពីរ ថាតើកាតគ្រី ណាមួយ ជាកាតគ្រីពិតប្រាកដ និងកាតគ្រី ណាមួយជា កាតគ្រីក្លែងក្លាយ ។

ក្រោយពីធ្វើការ ត្រួតពិនិត្យរួច ហើយមន្ដ្រី នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដបាន ឆ្លើយតបមកវិញថា កាតគ្រីនៅឆ្នាំ២០១២ ជាកាតគ្រីពិតប្រាកដ រីឯកាតគ្រីនៅ ឆ្នាំ២០១០ របស់ជនទាំង៣នាក់នោះ គឺជាកាតគ្រីក្លែង ក្លាយ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដទៀតថា ក្រោយពីទទួលព័ត៌មាន នេះភ្លាមនិងដឹងថា ជាករណីឆបោក ចង់បន្លំកាតគ្រីបោក យករថយន្ដបញ្ចាំនោះ អធិការនគរបាល ស្រុកចំការលើ បានសុំគោលការណ៍ ពីសំណាក់ស្នងការ នគរបាលខេត្ដ លោកឧត្ដមសេនីយ៍ បែន រត្ន័ និង មានការអនុញ្ញាតពី ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្ដកំពង់ចាម ទើបកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន ជនឆបោក ទាំង៣នាក់ ដែល ពីរនាក់ជាប្ដីប្រពន្ធ យកទៅសួរនាំ ដើម្បីចាត់ ការបន្ដទៀត ។

មន្ដ្រីនគរបាលស្រុកចំការលើ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះអ៊ូក ពៅ អាយុ ៣២ឆ្នាំជាប្ដី ទី២ ឈ្មោះពុំ ចិន្ដា អាយុ៣៣ឆ្នាំ ជាប្រពន្ធ រស់នៅភូមិប្រមូល ឃុំត្រម៉ែង ស្រុក ឈូក ខេត្ដកំពត និងជនសង្ស័យទី៣ ឈ្មោះ នៅ ដា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ប្រាសាទ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដ កំពង់ចាម ។

បើតាមប្រភពព័ត៌មាន ពីមន្ដ្រីដដែលនេះ បានបញ្ជាក់ថា រូបភាពឆបោកថ្មី នៅលើដីស្រុកស្រែ គឺអ្នកដែលយក រថយន្ដមកបញ្ចាំ និងអ្នកដែលយក កាតគ្រីក្លែងក្លាយ មកលោះរថយន្ដ គឺជាបក្ខពួកតែមួយ ពោលនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ពួកគេទាំង៤នាក់ បានមកជាមួយគ្នា ដោយជិះរថយន្ដមួយគ្រឿង នេះ ប៉ុន្ដែ៣នាក់ ចុះហូបស៊ុបបាត់ទៅ ដោយ ទុកឱ្យជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ ខ្លួនយករថយន្ដទៅបញ្ចាំ ។

គោលបំណងនៃ ការឆបោកក្នុង រូបភាពបែបនេះ ជនសង្ស័យ ធ្វើឡើងដើម្បីចង់ឡាំប៉ា ជាមួយម្ចាស់ទីតាំង បញ្ចាំ ពោលនៅពេលដែល បក្ខពួករបស់គេ ទាំង៣នាក់អាច ឆបោកយក រថយន្ដទៅបាត់ តាមរយៈកាតគ្រី ក្លែងក្លាយនោះ រូបគេដែល ជាអ្នកយកមកបញ្ចាំ និងទារសំណង ជាក់ជាមិនខាន ដូច្នេះចុងក្រោយ ទទួលបានទាំង រថយន្ដមកវិញ និងបានលុយថែម ទៀត ។

ប៉ុន្ដែទង្វើឆបោក និងអាក្រក់បែបនេះ មិនបានរួចផុត ពីកម្លាំងនគរបាលជំនាញ របស់ស្រុកចំការលើ នោះឡើយ ហើយនេះជាមេរៀន មួយផ្ញើទៅកាន់មន្ដ្រី នគរបាលផ្សេង ទៀតទូទាំងប្រទេស រួមទាំងអ្នករកស៊ីទទួល របស់បញ្ចាំ ត្រូវមានការ ត្រួតពិនិត្យយ៉ាង យកចិត្ដទុកដាក់ ចៀសវាង ធ្លាក់ខ្លួននៃអំពើ ឆបោកខាងលើនេះ ។

បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ ត្រូវបាន ឃុំខ្លួននិងសួរនាំ ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកចំការលើ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការ បន្ដតាមផ្លូវច្បាប់ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]