ខេត្តកណ្តាល ៖ គ្រាប់បែកយក្សប្រភេទ MK82 មានទម្ងន់ជាង២០០គីឡូក្រាម ដែលបន្សល់ទុក តាំងពីសម័យសង្គ្រាម ក្នុងទសវត្សឆ្នាំ៧០ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅមាត់ទន្លេមេគង្គ ខណៈពេលដីមាត់ច្រាំង បាក់ស្រុតជម្រៅជិត៤ម៉ែត្រ កាលពីរសៀលថ្ងៃទី២៣ កក្កដា ស្ថិតក្នុងភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ។
បន្ទាប់ពីប្រទះឃើញ គ្រាប់នេះភ្លាម ប្រជាពលរដ្ឋ បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចមូលដ្ឋាន ក៏រាយការណ៍បន្ត ប្រាប់មន្ត្រីជំនាញខេត្ត ទាក់ទងទៅមន្ត្រីនៃមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីមកធ្វើការត្រួតពិនិត្យ ។ មន្ត្រីជំនាញនិយាយថា គ្រាប់នេះគឺជាប្រភេទគ្រាប់ទម្លាក់ ពីយន្តហោះក្នុងសម័យសង្គ្រាម ទសវត្សឆ្នាំ១៩៧០ ធុន MK82 មានទម្ងន់២៤១គីឡូក្រាម ប្រវែង១,៥៦ម៉ែត្រ មានមុខកាត់ ២៧៤មីលី្លម៉ែត្រ ហើយនៅមានគុណភាពនៅឡើយ ។ ក្រោយពីពិនិត្យរួចរាល់ហើយនោះ គ្រាប់ MK82 នេះ ត្រូវបានក្រុមមន្ត្រីជំនាញ ដឹកយកទៅរក្សាទុក នៅអង្គការហ្គោលឌិនវ៉េស ដែលមានទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ។
សូមរំឭកថា កាលពីថ្ងៃទី៥ កក្កដា កន្លងមក គ្រាប់បែកប្រភេទដូចគ្នានេះ ត្រូវបានប្រទះឃើញ នៅបាតបឹងក្រសាំង ដែលមានភូមិសាស្ត្រ ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខណៈក្រុមកម្មករជីកដី ក្នុងការដ្ឋានរបស់ខ្លួន ។ គ្រាប់បែកយក្សនោះ ត្រូវបានមន្ត្រីស៊ីម៉ាក់ ចុះទៅពិនិត្យដល់ទីកន្លែង ហើយសម្រេចអារផ្តាច់ជាពីរ រួចដឹកទៅកាន់មូលដ្ឋាន របស់ស៊ីម៉ាក់ នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៩ កក្កដា ផងដែរ ។ មន្ត្រីនគរបាលស្រុកកៀនស្វាយ ឱ្យដឹងថា ក្រោយពីប្រទះឃើញ គ្រាប់បែកដ៏ធំនេះ ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ហើយនៅថ្ងៃទី៨ កក្កដា កម្លាំងរបស់ស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយ នគរបាលស្រុកកៀនស្វាយ បានយកគ្រឿងចក្រ ស្ទូចចេញពីកន្លែងប្រទះឃើញ ទាំងប្រថុយប្រថាន ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីយកទៅរក្សាទុក នៅកន្លែងមានសុវត្ថិភាព សម្រាប់ឱ្យមន្ត្រី អង្គការស៊ីម៉ាក់ ចាត់ការបន្តតាមជំនាញ ។
តាមមន្ត្រីស៊ីម៉ាក់ឱ្យដឹងថា គ្រាប់បែកប្រភេទ MK82 នេះ ជាប្រភេទគ្រាប់ទម្លាក់ ពីលើយន្តហោះ B52 ក្នុងសម័យសង្គ្រាម ទសវត្សឆ្នាំ៧០ ។ គ្រាប់នេះនឹងបង្កគ្រោះថ្នាក់ ជាយថាហេតុ ប្រសិនបើរក្សាហើយ គ្មានការប្រុងប្រយ័ត្ននោះ ។ ការអារផ្តាច់ជាពីរនេះ គឺផ្អែកលើការសិក្សា ពីគ្រាប់ប្រភេទនេះជាមុន និងបានអារដោយបញ្ចៀស ពីគន្លឹះគ្រាប់បែកនេះ ។ មូលហេតុបានជាត្រូវអារផ្តាច់ជាពីរ ដោយសារតែមិនអាច រក្សាសុវត្ថិភាពបាន បើសិនជាគ្រាប់នេះ នៅទាំងមូលនោះ ។
ក្នុងសម័យសង្គ្រាម នាដើមទសវត្សឆ្នាំ៧០ ភូមិសាស្ត្រស្រុកកៀនស្វាយ និងស្រុកលើកដែក បានទទួលរង នូវការទម្លាក់គ្រាប់បែក ពីយន្តហោះយក្ស B52 របស់អាមេរិក រាប់តោន នៅក្នុងឆ្នាំ១៩៧៣ ធ្វើឱ្យដីក្នុងតំបន់នោះ មានស្ថានភាពដូចរន្ធបាយខុំ ។ ជាមួយនឹងការទម្លាក់ គ្រាប់បែកយក្សទាំងនោះ ក៏មានគ្រាប់ខ្លះមិនផ្ទុះដែរ ទើបមានការប្រទះឃើញ ជាបន្តបន្ទាប់នាពេលនេះ ៕
ទីតាំងដែលគ្រាប់បែកយក្ស MK82 ដែលគេប្រទះឃើញ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]