បរទេស៖ យោងតាមប្រភពព័ត៌មាន ស៊ីអិនអិន បានបញ្ជាក់ជាផ្លូវការថា យន្តហោះ AH5017  ដែលបានធ្លាក់ កាលពីម្សិលមិញនេះ ត្រូវបានគេរក ឃើញ កំទេចកំទីយន្តហោះហើយ ដែលស្ថិតនៅក្នុងតំបន់ វាលខ្សាច់ភាគខាងជើង ប្រទេសម៉ាលី ខណៈដែល គ្មានអ្នកដំណើរណាម្នាក់ បាន រួចផុតជីវិត ពីសោកនាដកម្ម ធ្លាក់យន្តហោះនេះឡើយ។

គួររំលឹកដែរថា  យន្តហោះ របស់អាកាសចរណ៍ Air Algerie ជើងហោះហើរ AH5017 បានធ្វើដំណើរ ចាកចេញពី ទីក្រុង Ouagadougou នៃប្រទេស Burkina Faso ទៅកាន់ទីក្រុង Algiers នៃប្រទេស អាល់ហ្សេរី ដោយមានផ្ទុកអ្នកដំណើរ ១១០នាក់ រួមនឹងបុគ្គលិកអាកាសចរណ៍ ចំនួន៦នាក់ ផងដែរ។

តាមប្រភព ព័ត៌មានដដែល បានឲ្យដឹងថា ជនរងគ្រោះ ទាំងអស់ រួមមាន ៥០ នាក់ជាជនជាតិបារាំង  ២៤នាក់មកពីប្រទេស Burkina Faso ៨នាក់ជាជនជាតិលីបង់ ៦នាក់ជាជនជាតិអាល់ហ្សេរី  ៥នាក់ជាជនជាតិកាណាដា  ៤នាក់ជាជនជាតិ អាល្លឺម៉ង់ ២នាក់ មកពីប្រទេស Luxembourg  មានម្នាក់ ជាជនជាតិម៉ាលី មានម្នាក់ជាជនជាតិកាមេរ៉ូន មានម្នាក់ជាជនជាតិបែលហ្សិក មានម្នាក់ ជាជនជាតិអ៊ុយក្រែន មានម្នាក់ជាជនជាតិ រូម៉ានី មានម្នាក់ ជាជនជាតិស្វីស  មានម្នាក់ជាជនជាតិ នីហ្សេរីយ៉ា និងម្នាក់ទៀតជាជនជាតិ អេហ្ស៊ីប ខណៈដែលបុគ្គលិក បំរើការងារ និង អ្នកបើកយន្តហោះ ជាជនជាតិ អេស្ប៉ាញទាំង ៦នាក់។

យ៉ាងណាមិញ ប្រភពដដែលលើកឡើងថា យន្តហោះនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ឯកជនអេស្ប៉ាញ Swifair ប៉ុន្តែយន្តហោះ នេះទំនង ជាបាន ដំណើរការ បើកហោះហើរដឹកអ្នកដំណើរ ដោយក្រុមហ៊ុនអាកាសចរណ៍ Air  Algerie របស់ប្រទេស អាល់ហ្សេរី ។

គួរបញ្ជាក់ផងដែរថា យោងតាមអ្នកជំនាញ ឧត្តុនិយម របស់សារព័ត៌មានស៊ីអិនអិន លោក Mari Ramos បាននិយាយថា ផ្លូវអាកាសដែល យន្តហោះ នេះបាន ហោះកាត់គឺជាតំបន់ មានព្យុះផ្គររន្ទះ ហើយយន្តហោះនេះ បានចូលក្នុងតំបន់ដែលមានខ្យល់កួច ឡើងវីវក់ ផងដែរ ។ គាត់បានបន្ថែមថា ប្រសិន បើយន្តហោះនេះ បង្វែរ ការហោះហើរ ដោយសារលក្ខខណ្ឌអាកាសធាតុនោះ យន្តហោះនេះប្រាកដជា មិនបានធ្លាក់នោះឡើយ ហើយគាត់ បានបញ្ជាក់ថា ព្យុះផ្គររន្ទះបែបនេះ គឺកើតឡើងជាទូទៅណាស់ ក្នុងរដូវខែនេះ ជារឿយៗ ៕ 



រូបភាពៈ យន្តហោះ Air Algerie និងអាកាសយន្តដ្ឋាននៅក្នុងប្រទេសBurkina Faso 

ប្រភព៖ CNN , វីដេអូ Skynews

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]