ចិន៖ ក្នុងពិភពលោក ពិតជាមាន រឿងប្លែកៗជាច្រើន បានកើតឡើង ក្នុងនោះដែរមាន បុរសម្នាក់ បានក្លាយជាចោរ ដ៏ចម្លែកបំផុតម្នាក់ ក្នុងពិភពលោក ព្រោះបានលួច តែសុខភាពដ៏មានតម្លៃ ជាច្រើនម៉ឺនដប យកទៅចាក់ទឹកចោល ដើម្បីយកតែសំបកដប ទុកលក់ឲ្យ អេតចាយ ទៅវិញ។

រឿងដ៏ចម្លែក មិនធ្លាប់លឺពីមុនមកនេះ បានកើតឡើង នៅក្នុងខេត្ត Zhejiang ប្រទេសចិន ខណៈបុរសជាជនសង្ស័យ ត្រូវគេចោទ ពីបទ លួចឥវ៉ាន់ និង ត្រូវគេដឹងថា មាននាមត្រកូល Zhang។ ជនសង្ស័យ បានលួច ផលិតផលភេសជ្ជៈ ប្រភេទតែ សំរាប់ជំនួយសុខភាព ជាង ៣០,០០០ ដប ពីហាងលក់ចាប់ហ៊ួយ មួយកន្លែង។ អ្វីដែល ចម្លែកនោះ បុរសនេះ បែរជាចំណាយពេលជាង ១២ម៉ោង ចាក់ទឹកតែសុខភាព ចេញ ពីក្នុងដបទាំងអស់ ហើយហៅអ្នកទិញ អេតចាយបីនាក់ ឲ្យមកប្រមូលទិញយក សំបកដប ទាំងអស់នោះទៅវិញ។

ចំពោះសំបកដបទាំងអស់ ដែលជនសង្ស័យ ឈ្មោះ Zhang បានលក់ឲ្យអេតចាយ  បានតម្លៃជាង ១១៥ យ័ន ដែលស្មើនឹងជាង ១៨ ដុល្លារអាមេរិក។ ខណៈដែល តែសុខភាពជាង ៣០,០០០ ដប មានតម្លៃសរុប រហូតដល់ ១៧០,០០០យ័ន (២៧,៤៣៩ ដុល្លារអាមេរិក)។

យ៉ាងណាមិញ បន្ទាប់ពីម្ចាស់ហាង ចាប់ហ៊ួយ លោក Liang បានដឹងថា ហាងរបស់គាត់ បាត់តែសុខភាពជាច្រើនរួចមក គាត់បានតាមរកមុខ អ្នកលួច ទាល់តែឃើញ និង បានទៅប្តឹងប៉ូលីសតែម្តង។ ខណៈ ពេលដែលលោក Liang និង ប៉ូលីស ទៅដល់ផ្ទះ របស់ជនសង្ស័យ ឈ្មោះ Zhang ពួកគេបានធុំក្លិនតែសុខភាព ព្រមទាំង រកឃើញ សំបក ជាច្រើន សិបដប នៅទីនោះ។ បន្ទាប់មក ប៉ូលីសបានធ្វើការឃាត់ខ្លួន ជនសង្ស័យ នៅនឹងកន្លែងតែម្តង។

គួរបញ្ជាក់ដែរថា ជនសង្ស័យ ជាចោរ ត្រូវបានបញ្ជូនទៅតុលាការ ខណៈដែលអ្នកទិញ អេតចាយបីនាក់ទៀត ត្រូវបានរួចទោស ដោយសារតែ ពួកគេមិនបានដឹងថា សំបកដបទាំងនោះ បានមក ដោយសារជនឈ្មោះ Zhang នេះ លួចពីគេនោះឡើយ៕ 


រូបភាពៈ បុរសនេះ និង អ្នកទិញសំបកដប 

ប្រភព៖ ចិន

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]