ភ្នំពេញ ៖ អំពើឃាតកម្ម ដ៏គួរឲ្យរន្ធត់មួយទៀត បានកើតឡើង នៅក្នុងរាជធានីភ្នំពេញ នោះគឺមន្រ្តី អាវុធហត្ថ (អ.ហ) ម្នាក់ ពាក់ស័ក្តិ៣ បានបាញ់សម្លាប់ភរិយាទី៤ វ័យក្មេងរបស់ខ្លួន រួចហើយ បានបញ្ចប់ជីវិត ដោយបាញ់ក្បាលខ្លួនឯង បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាមទាំង២នាក់ ស្ថិតនៅក្នុងតូបអ៊ុតសក់ លេខ៩៦ របស់ភរិយា ក្នុងផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

អំពើឃាតកម្ម ប្តីបាញ់សម្លាប់ប្រពន្ធ ដោយគ្មានញញើតដៃ ខាងលើនេះ ត្រូវបានសមត្ថកិច្ច និងសាក្សីមួយចំនួន ដាក់ការសង្ស័យលើរឿងប្រចណ្ឌ ។ តាមពិតរឿងហេតុនេះ បានកើតឡើង តាំងពីវេលាម៉ោងជាង១យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែការភ្ញាក់ផ្អើល ទើបតែកើតឡើង នៅវេលាម៉ោងប្រមាណ ៤៖២០នាទី រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ ខណៈនារីម្នាក់ ជាកូនជាង របស់នារីរងគ្រោះ បានទៅបើកទ្វារតូប ដើម្បីធ្វើការជាធម្មតា ស្រាប់តែឃើញ ថៅកែស្រីរបស់នាង ដេកស្លាប់នៅលើកៅអី អ៊ុតសក់ ខណៈសពបុរសជាប្តី ដេកស្លាប់នៅខាងក្រោមកៅអី ។

លោក ច័ន្ទ តារារិទ្ធ អាយុជាង៣០ឆ្នាំ ដែលជាម្ចាស់តូប នៅខាងមុខ តូបរបស់នារីរងគ្រោះនោះ និងជាសាក្សីម្នាក់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅកន្លែងកើតហេតុថា នៅវេលាម៉ោង ប្រមាណជាង១យប់រំលងអាធ្រាត្រ ស្រាប់តែឮសំឡេងផ្ទុះអាវុធ តែលោកមិនបានចាប់អារម្មណ៍នោះឡើយ ដោយសង្ស័យ មានក្រុមក្មេងស្ទាវធ្វើឲ្យប៉ះពាល់ ជញ្ជាំងតូបលក់ដូរ ជាហេតុធ្វើឲ្យរូបលោក គ្មានការសង្ស័យ និងមកអើតមើល ។

លោក ច័ន្ទ តារារិទ្ធ បានបន្តទៀតថា លុះពេលរសៀលថ្ងៃ ដដែលនេះ ស្រាប់តែមានការភ្ញាក់ផ្អើល ខណៈសព២នាក់ ប្តីប្រពន្ធ ត្រូវបានប្រទះឃើញ ដេកស្លាប់ នៅក្នុងតូប។ បើតាមសាក្សីរូបនេះ ប្តីប្រពន្ធ ជាជនរងគ្រោះ មានតែភាពល្អូកល្អឺន គ្នាណាស់ ពីព្រោះនៅពេលប្តី មកយកប្រពន្ធម្តងៗ និងពេលចេញទៅណាវិញនោះ ប្តីតែងតែថើប ប្រពន្ធរបស់ខ្លួន ដែលពេលខ្លះលោកថែមទាំងនិយាយលេងសើចដាក់ឲ្យទៀតផង ។

ក្រោយទទួលព័ត៌មានខាងលើនេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ នៅការិយាល័យទាំង២ (ធ្ងន់ និងស្រាល ) និងកម្លាំងនគរបាល ខណ្ឌដូនពេញទាំងថ្នាក់ខណ្ឌ និងមូលហេតុ កម្លាំងនគរបាលបច្ចេកទេស សហការជាមួយ កម្លាំងអាវុធហត្ថ ដឹកនាំដោយព្រះរាជអាជ្ញារង លោក គង់ សំសារ៉េត ចុះទៅពិនិត្យមើលផ្ទាល់ នៅកន្លែងកើតហេតុ ដើម្បីរកមូលហេតុពិត នៃអំពើបាញ់សម្លាប់ ថាតើជាករណីឃាតកម្ម ឫករណីអ្វីផ្សេង ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌមួយរូប ដែលចូលរួម នៅក្នុងការពិនិត្យ សពជនរងគ្រោះនៅ កន្លែងកើតហេតុ បានថ្លែងឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ឡុច វណ្ណា អាយុ៣០ឆ្នាំ ជាមន្រ្តី អ.ហ ពាក់ស័ក្តិ៣ ប្រធាន «គ» នៅសាលាក្តីខ្មែរក្រហម រីឯនារីជាប្រពន្ធមានឈ្មោះ ទក ផេង ហៅស្រីលីន អាយុ២២ឆ្នាំ មុខរបរជា ជាងអ៊ុតសក់ នៅតូបលេខ៩៦ក្នុងផ្សារសូរិយាម៉ល និងមានស្រុកកំណើត នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយបច្ចុប្បន្ន ពួកគេទាំង២នាក់ ស្នាក់នៅ ម្តុំសាលាក្តីខ្មែរក្រហម ទីកន្លែងប្តីធ្វើការ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ បានរៀបរាប់តាមរយះសម្តី របស់សាក្សីដែលជាកូនជាង នារីរងគ្រោះថា មុនពេលកើតហេតុ នៅវេលាម៉ោង ប្រមាណ ៥ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ជនរងគ្រោះទាំង ២នាក់ ប្តីប្រពន្ធ បានហៅមិត្តភ័ក្ ររបស់ខ្លួនចំនួន ៣នាក់ផ្សេងទៀត (ប្រុស២ស្រីម្នាក់) មកផឹកស៊ី នៅក្នុងតូប។ លុះពេលផឹកស៊ី ដល់ម៉ោងប្រមាណ ៩យប់ ប្តីបានចេញពីបន្ទប់ លុះមួយសន្ទុះធំ ក្រោយមក នារីជាប្រពន្ធ បានទូរស័ព្ទ ហៅប្តី មកហូបបាយ ។

បន្តិចក្រោយមក បុរសជាប្តី បានត្រឡប់មក ដល់តូប ហើយប្រពន្ធ ក៏រៀបបាយ ឲ្យហូប ស្រាប់តែប្តីមិនហូប ពេលនោះ នារីជាប្រពន្ធ ក៏ជះបាយចោល ។ មន្រ្តីនគរបាលរូបនេះ បានបន្តដោយ ដកស្រង់សម្តី របស់កូនជាងទៀតថា ក្រោយពេលនារី ជាប្រពន្ធជះ បាយចោល បុរសជាប្តី បានប្រាប់ ប្រពន្ធថា អត់ទៅផ្ទះទេ នៅដេកទីនេះ (ជាធម្មតាពួកគេ ទាំង២នាក់ តែងតែឌុបគ្នា ទៅដេកនៅផ្ទះ ឯសាលាក្តីខ្មែរក្រហម)។

ខណៈប្តីឆ្លើយបែបនេះ នារីរងគ្រោះ និងកូនជាងបានធ្វើការងារ អ៊ុតសក់ ឲ្យភ្ញៀវជាធម្មតា (រកស៊ីយប់ ដោយអ៊ុតសក់ ឲ្យនារីធ្វើការងារ នៅតាម ហាងបរទេស) រហូតដល់ម៉ោង ប្រមាណ ១២យប់ ទើបកូនជាង ត្រឡប់ទៅផ្ទះមុន ដោយទុកឲ្យប្តីប្រពន្ធ នៅក្នុងតូបតែ២នាក់។

លុះពេលដល់ម៉ោងជាង ១រំលង អាធ្រាត្រ ស្រាប់តែមានសំឡេងផ្ទុះអាវុធ តែគ្មាននរណា ចាប់អារម្មណ៍នោះឡើយ សម្រាប់អ្នកមាន តូបនៅក្បែរទីនោះ លុះពេលកូនជាង មកបើកទ្វារតូប ដើម្បីធ្វើការងារបន្ត ស្រាប់តែ ប្រទះឃើញសព ពួកគេទាំង២នាក់តែម្តង ទើបរាយការណ៍ ជូនកម្លាំងសន្តិសុខ នៅទីនោះ រួចរាយការណ៍ ប្រាប់សមត្ថកិច្ចបន្តទៀត។

មន្រ្តីនគរបាលខាងលើ ក្រោយធ្វើការពិនិត្យ សពជនរងគ្រោះ រួចហើយ បានបង្ហាញថា នារីជាប្រពន្ធ ត្រូវប្តីបាញ់មួយគ្រាប់ ចំសៀតថ្កាខាងឆ្វេង ធ្លាយទៅខាងស្តាំង រួចហើយប្តី បានបាញ់សម្លាប់ខ្លួនឯង ចំសៀចថ្កាខាងស្តាំ ធ្លាយទៅកណ្តាល កន្ទូលក្បាល (ងើយចុងកាណុងឡើងលើ) បណ្តាលឲ្យនារី ជាប្រពន្ធស្លាប់ លើកៅអី រីឯប្តី ស្លាប់នៅ ខាងក្រោមកៅអី ។

បើតាមមន្រ្តីរូបនេះ នារីរងគ្រោះមិនមាន កូននៅក្នុងផ្ទៃនោះទេ ក្រោយពីពួកគេ បានរៀបការ ក្រោយចូលឆ្នាំខ្មែរ ។ សម្រាប់ជន រងគ្រោះ ជាប្តីវិញ ត្រូវបានមន្រ្តីនគរបាល ប្រាប់ថា មានប្រពន្ធ៤នាក់ រួចទៅហើយ រាប់ទាំងនារីរងគ្រោះ ដែលជាប្រពន្ធទី៤នេះ ។

កាលពីអំឡុងឆ្នាំ២០០០-២០០១ បុរសជាប្តីបានរៀបការ ជាមួយប្រពន្ធទី១ ដោយមានកូនស្រីម្នាក់ រួចហើយលែងលះគ្នា ហើយបន្តរៀបការ ជាមួយប្រពន្ធទី២ បានកូនប្រុសម្នាក់ បន្ទាប់មកលែងលះ គ្នាទៀត រួចយកប្រពន្ធទី៣ តែលែង លះទៀត នៅឆ្នាំ២០១២ ទើបមករៀបការ ជាមួយប្រពន្ធទី៤ នៅខែមេសា ឆ្នាំ២០១៤ នៅស្រុកស្ទោង ខេត្តកំពង់ធំ ស្រុកកំណើត របស់នារីរងគ្រោះ។

យ៉ាងណាក៏ដោយនោះ សមត្ថកិច្ច ជំនាញមិនទាន់ អាចសន្និដ្ឋានថា ផ្តើមចេញពីរឿង ប្រចណ្ឌនោះ ឡើយ ខណៈមូលហេតុនេះ គ្រាន់តែជា ការលើកឡើង ក្រៅផ្លូវការ និងសាក្សី មួយចំនួនប៉ុណ្ណោះ។

លោក ញ៉ែម សៅណុល អធិការរង នគរបាលខណ្ឌដូនពេញ ដែលដឹកនាំកម្លាំង នគរបាល ចុះទៅពិនិត្យសព ជនរងគ្រោះ រហូតដល់ម៉ោង ប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ បានប្រាប់ថា «សពជនរងគ្រោះ ទាំង២នាក់ ត្រូវបានយកទៅតម្កល់ទុក នៅវត្តសំបួរ ដើម្បីប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី»៕






លោក ចាន់ តារារិទ្ធ សាក្សី ដែលមានតូបនៅខាងមុខតូបជនរងគ្រោះ


វីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]