ខេត្តកណ្តាល៖ លោកតាវ័យ ៨៦ឆ្នាំ បានវង្វេងចេញពីផ្ទះបាត់ កូនបានឆោឡោតាមរក ស្រាប់តែប្រទះឃើញ តែស្បែកជើង និងក្រមានៅមាត់ទន្លេ បាននាំគ្នាចុះរាវរក ក្នុងទឹកទន្លេមិនឃើញ លុះល្ងាចទើប ប្រទះឃើញ ជនរងគ្រោះ បានស្លាប់បាត់ ទៅហើយ ។

ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៤ ស្ថិតនៅ ច្រាំងទន្លេ ភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា លោកតារងគ្រោះមាន ឈ្មោះ យូ ខាត់ អាយុ ៨៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ។ ប្រភពបានបន្តថា កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ លោកតារងគ្រោះ បានវង្វេងចេញ ពីផ្ទះទៅបាត់ ពេលនោះកូនៗ របស់គាត់ បានតាមស្វែងរក លុះទៅរកនៅ មាត់ទន្លេ ស្រាប់តែ ប្រទះឃើញស្បែកជើង និងក្រមារបស់គាត់ ពេលនោះកូនៗ ក៏បាននាំគ្នាចុះ រាវក្នុងទឹកទន្លេ ប៉ុន្តែរកមិនឃើញ រហូតដល់ម៉ោង ៥និង៣០នាទីល្ងាច ទើបប្រទះឃើញ លោកតារងគ្រោះ ។

នគរបាលបានបន្តថា បើតាមការសាកសួរ កូនចៅបង្កើត របស់ជនរងគ្រោះនោះ បានអះអាងថា ជនរងគ្រោះ ពិតជា បានលង់ទឹកស្លាប់ ដោយខ្លួនឯង ពិតប្រាកដមែន រួចក៏ប្រគល់សព ឲ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]