ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់បានដឹកដៃកូនតូចរបស់ខ្លួន ទៅដាក់ពាក្យបណ្តឹង នៅនគរបាលព្រហ្មទណ្ឌ ដោយប្តឹងចោទបុរសជាប្តីថា បានពង្រត់នារីវ័យក្មេងម្នាក់ ទៅរស់នៅរួមស្នេហ៍ យ៉ាងមានក្តីសុខ នៅក្នុងភូមិស្រែសាមី ឃុំតាឡាត ស្រុកសេសាន ។ ពេលទទួលបានព័ត៌មាននេះ នគរបាលក៏បានឃាត់ខ្លួន បុរសជាប្តីជាមួយនារីវ័យក្មេងនោះ នាំមកស្នងការដ្ឋាន នគរបាលខេត្ត ។

ស្ត្រីជាប្រពន្ធបានរៀបរាប់ថា គាត់ឈ្មោះភុំ សាវ៉ាន់ អាយុ៤៨ឆ្នាំ ជាជនជាតិព្នង បានរៀបការស្របច្បាប់ ជាមួយបុរសជាប្តី ឈ្មោះ កែ សាវ៉ាត អាយុ៣៩ឆ្នាំ កាលពីឆ្នាំ១៩៩៨ ។ ការរួមរស់ជាមួយគ្នា ជាប្តី-ប្រពន្ធអស់រយៈពេល១៦ឆ្នាំមក មានកូន៤នាក់ កូនប្រុសច្បង បច្ចុប្បន្នអាយុ១៦ឆ្នាំ និងកូនស្រីតូចអាយុ៤ឆ្នាំ ។ ស្ត្រីជាប្រពន្ធ និងជាដើមបណ្តឹងបន្តថា ក្នុងការរួមរស់ជាមួយគ្នា មិនដែលមានបញ្ហាអ្វីទេ តែនៅថ្ងៃទី២៣ មករា ២០១៤ ស្រាប់តែប្តីរបស់គាត់ ចុះចេញពីផ្ទះ ដោយនាំស្រី្តម្នាក់ ឈ្មោះ ញុង សុខា ហៅស្រី អិត អាយុ២៣ឆ្នាំ ជាអ្នករស់នៅក្នុងភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាមួយគ្នាទៅបាត់សូន្យឈឹង ។

ក្រោយមកក៏ទទួលដំណឹង ពីអ្នកស្រុកភូមិជាមួយគ្នា ប្រាប់ថា គេបានឃើញប្តីគាត់ រស់នៅជាមួយនារីនោះ នៅក្នុងភូមិស្រែ សាមី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ទើបគាត់សម្រេចចិត្ត ធ្វើដំណើរពីខេត្តក្រចេះ មកដល់ខេត្តស្ទឹង ត្រែង និងបានជួបប្តី និងស្រីនោះមែន ។ ពេលនោះ គាត់បានសុំឱ្យប្តី ទៅរួមរស់ជាប្រពន្ធ-ប្តី ដូចគ្រាមុន និងមិនប្រកាន់ រឿងដែលបានកើតឡើងនេះឡើយ តែបុរសជាប្តី បានឆ្លើយថា មិនព្រមទៅនៅជាមួយគ្នាវិញទេ ដោយសុំសម្រុះសម្រួលគ្នា ។

គាត់បានសុំឱ្យប្តីចំណាយលុយ ជួយចិញ្ចឹមកូន ក្នុងមួយខែមួយរយដុល្លារ តែបុរសជាប្តីឆ្លើយតបវិញថា ពុំមានលទ្ធភាពទេ បើមួយខែ២០ម៉ឺនរៀល អាចបាន ។ ដោយការដោះស្រាយរវាងប្តី និងប្រពន្ធមិនត្រូវគ្នា ស្ត្រីជាប្រពន្ធ ក៏សម្រេចចិត្តដាក់ពាក្យប្តឹង ដើម្បីឱ្យច្បាប់ជាអ្នកវិនិច្ឆ័យ ។ ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចឃាត់ខ្លួន បុរសជាប្តីមកស្នងការដ្ឋាន និងធ្វើការសម្រុះសម្រួលជាថ្មី តែបុរសជាប្តីប្រកាន់ជំហរ រស់នៅស្ម័គ្រស្មោះ ជាមួយនារីក្មេង មិនត្រឡប់ក្រោយឡើយ បើទោះបីជាច្បាប់កំណត់ ឱ្យជាប់ទោសក៏ដោយ ។

បុរសជាប្តីរៀបរាប់ថា គាត់មិនចង់បែកពីប្រពន្ធទេ តែដោយសាររស់នៅជាមួយគ្នា រយៈពេលជាង១០ឆ្នាំ កន្លងមកនេះ ប្រពន្ធមិនដែលយកកាតព្វកិច្ច ជាភរិយាមកនៅក្នុងគ្រួសារ ឱ្យមានសេចក្តីសុខនោះឡើយ ។ ការរួមរស់ជាមួយគ្នា រហូតមានកូនប្រុស-ស្រី៤នាក់ ស្ត្រីជាប្រពន្ធ ថ្ងៃណាក៏ជេរប្រមាថ ដៀលច្រាសឆ្អេះ ចោទថាគាត់គ្មានកំណើត រកស៊ីមិនដែលបាន លុយកាក់ចូលផ្ទះទេ ក្រៅពីធ្វើស្រែ ។

នៅថ្ងៃមួយ នារីដែលស្រឡាញ់គ្នា បានទូរស័ព្ទហៅគាត់ ឱ្យយកប្រេងសាំង ព្រោះម៉ូតូគាត់អស់សាំង ស្រាប់តែប្រពន្ធដើមដឹង ក៏កើតជាការប្រចណ្ឌ រហូតជេរប្រមាថ និងគំរាមយកទឹកអាស៊ីត ទៅជះលើនារីរូបនេះទៀត ។ ដោយនឹកឃើញថាខ្លាចមានរឿង ខ្លួនក៏នាំនារីម្នាក់នោះ ចាកចេញពីភូមិ ទៅរស់នៅដោយយកគ្នា ជាប្តី-ប្រពន្ធ ក្រោមការព្រមព្រៀងគ្នា ដោយចិត្តនិងចិត្ត តែម្តងទៅ ។

ក្រោយមក ស្ត្រីជាប្រពន្ធដើម តាមរកឃើញ ហើយហៅឱ្យទៅនៅជាមួយគ្នាវិញ តែទោះបីជាយ៉ាងណា គាត់មិនអាចទៅវិញជាដាច់ខាត គឺសុខចិត្តរស់នៅភ្ជាប់និស្ស័យ ជាមួយប្រពន្ធក្រោយ ដែលមិនចេះជេរប្រមាថវិញ ។

ចំណែកនារីវ័យក្មេងអាយុ២៣ឆ្នាំ ជាជនជាតិព្នង និងជាប់ឈ្មោះលួចសហាយស្មន់ ជាមួយប្តីគេនិយាយថា នាងមិនមានអ្វីប្រកែកនោះទេ បើសិនជាប្តី ទៅប្រពន្ធដើមវិញនោះ នាងក៏មិនមានសិទ្ធិ ឃាត់ឃាំងដែរ ព្រោះនាងជាប្រពន្ធក្រោយ ។ ប៉ុន្តែបើគាត់មិនទៅទេ គឺនាងនៅតែត្រូវការប្តីម្នាក់នេះដដែល ឱ្យតែគាត់ចេះនៅថ្នាក់ថ្នម ដូចរាល់ថ្ងៃ គឺមានសុភមង្គលណាស់ហើយ ។

លោកវរសេនីយ៍ទោ ហោ វុទ្ធី នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ឱ្យដឹងថា តាមច្បាប់ឯកព័ន្ធភាព ក្រោយពីសម្រុះសម្រួល ភាគីទាំងសងខាងមិនត្រូវរ៉ូវគ្នា ហើយដើមបណ្តឹងមិនព្រម ដកពាក្យបណ្តឹង សមត្ថកិច្ចមានតែកសាង សំណុំរឿងបញ្ជូនទៅតុលាការ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]