ថៃ៖ តារាចម្រៀងស្រី វ័យ៣៤ឆ្នាំ Tata Young ដែលជាកូនកាត់ ថៃ-អាមេរិក ត្រូវបានប្រភពព័ត៌មាន ឲ្យដឹងថា នាងបានសង្ងំរៀបការស្ងាត់ៗ នៅលើកោះ ភូកេត ប្រទេសថៃ ជាមួយនឹងគូស្នេហ៍ ដែលជាអ្នកជំនួញ ស្តុកស្តម្ភម្នាក់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Chatadul ដែលជាអ្នកជំនួញ និង ជាមិត្តប្រុស របស់តារាចម្រៀង កូនកាត់ដ៏ល្បី ឈ្មោះ នាង Tata Young បានសុំនាងរៀបការ កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ ហើយពួកគេ បានដឹកដៃគ្នា ទៅរៀបចំពិធីមង្គលការ ជាលក្ខណៈ ឯកជនស្ងាត់ៗ នៅលើកោះភូកេត កាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ។ រឿងរ៉ាវនេះ ត្រូវបានគេដឹង ដោយសារតែ តារាចម្រៀង ល្បីឈ្មោះ ម្នាក់នេះ ត្រូវបានគេឃើញ នៅលើយន្តហោះ ហោះសំដៅ ទៅកាន់កោះភូកេត ជាមួយនឹងគូស្នេហ៍ ហើយគេដឹងយ៉ាងច្បាស់ថា ពួកគេ នឹងទៅរៀបចំ ពិធីមង្គលការឯកជន នៅទីនោះ។

ជាមួយគ្នានេះដែរ ប្តីប្រពន្ធថ្មោងថ្មី មួយគូនេះ មិនទាន់បាន ប្រកាសជាសាធារណៈ ពីពិធីមង្គលការនេះ នៅឡើយទេ ប៉ុន្តែអ្នកគ្រប់គ្រង របស់ Tata Young បានឲ្យដឹងថា ពួកគេនឹងធ្វើ សន្និសិទកាសែត បង្ហាញពីចំណងស្នេហ៍ ដែលឈានដល់ ការរៀបអាពាហ៍ពិពាហ៍នេះ នៅ Bangkok’s Oriental Residence ក្នុងទីក្រុងបាងកក។

គួរបញ្ចាក់ផងដែរថា ចំណងស្នេហ៍ រវាងតារាចម្រៀង វ័យ៣៤ឆ្នាំរូបនេះ ជាមួយនឹង អ្នកជំនួញ ដែលជាគូស្នេហ៍ បានជួបគ្នាដំបូង កាលពី១៥ឆ្នាំមុន។ ពួកគេបានណាត់គ្នា ជាញឹកញាប់ ទីបំផុត Tata Young ក៏បានបង្ហាញ ពីទំនាក់ទំនង ស្នេហារបស់ពួកគេ នៅក្នុងកម្មវិធី ទូរទស្សន៍មួយ ដែលធ្វើឲ្យអ្នកគាំទ្រ របស់នាង មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។ នាង បាននិយាយ នៅក្នុងកម្មវិធីនោះថា “សុបិន្ត ដ៏ធំបំផុត របស់ខ្ញុំគឺក្លាយ ជាម្តាយម្នាក់ ភាពជាមាតា គឺជាភាពដ៏ អស្ចារ្យមួយ”៕





ប្រភព៖ Lollipop

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]