ចិន៖ បុរសម្នាក់ បានប្រញាប់ប្រញាល់ ទៅជួបគ្រូពេទ្យ ជាបន្ទាន់ ដើម្បីពិនិត្យពោះ ដោយសារមានអាការៈឈឺចុកចាប់ និង នោមចេញមក មានឈាមទៀតផង ប៉ុន្តែបែរជា ពិនិត្យឃើញថា នោះជារដូវទៅវិញ ព្រោះតែសរីរាង្គខាងក្នុង របស់គាត់ ជាសំណុំពេញលេញមួយ នៃសរីរាង្គបន្តពូជ របស់មនុស្សស្រី។

បុរសម្នាក់ ដែលរៀបការរួចហើយ តែបែរជាមាន សរីរាង្គបន្តពូជ ជាមនុស្សស្រីនោះ មានឈ្មោះថា Chen រស់នៅខេត្ត Zhejiang ប្រទេសចិន បានរកឃើញថា នៅក្នុងខ្លួនគាត់ មានអ្វីចម្លែក ខុសពីធម្មតា និង តែងតែអស់កម្លាំង។ គាត់មានអាការៈ ហើមមុខ និងជើងថែមទៀតផង។ អ្វីដែលកាន់តែអាក្រក់ និងគួរឲ្យភ្ញាក់ផ្អើល ជាងនេះទៀតនោះ គឺគាត់បានរកឃើញថា មានឈាមនៅ ក្នុងទឹកនោម របស់គាត់ ទើបហេតុនេះ គាត់ក៏បានទៅជួប ជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យមើល។

ជាមួយគ្នានេះដែរ លទ្ធផលនៃការពិនិត្យ និងថតមើល បានបង្ហាញឲ្យឃើញថា គាត់មានស្បូន ដូចមនុស្សស្រីដែរ មិនតែប៉ុណ្ណោះលទ្ធផល ដែលបានមក ពីការពិនិត្យ ក្រូម៉ូសូម ក៏បានបង្ហាញថា លោក Chen មានក្រូម៉ូសូម XX ដែលមានន័យថា វាគឺជាហ្សែន របស់មនុស្សស្រី។ មិនត្រឹមតែប៉ុណ្ណោះ គេបានរកឃើញ ដុំមួយ ជិតក្រពេញតម្រងនោម របស់គាត់ ដែលមានសភាព រីកហើមធំ ដែលជាជំងឺហ្សែន កើតឡើង ដោយសារ ភាពតានតឹង អ័រម៉ូន និងការកើនឡើង នៃអ័រម៉ូនបុរស ដែលតម្រូវឲ្យ ធ្វើការវះកាត់។

ប្រធានមន្ទីរពេទ្យ មួយនៅក្នុងតំបន់ Yongkang បាននិយាយថា គ្រូពេទ្យ មិនបានគិតថា លោក Chen ជាស្រ្តីភេទនោះទេ ព្រោះតែគាត់គឺជា មនុស្សប្រុស ពេញលក្ខណៈម្នាក់ ប៉ុន្តែគាត់បែរជាត្រូវ ពិនិត្យឃើញថា ជាមនុស្សស្រីទៅវិញ។ លោក Chen មានសរីរាង្គខាងក្នុង ដូចមនុស្សស្រី ទាំងអស់ ប៉ុន្តែគាត់មិនមាន សុដន់ដូចមនុស្សស្រី នោះទេ ហើយគាត់ក៏ មិនមានលក្ខណៈ ពេញលេញជា មនុស្សប្រុសដែរ។ បើតាមការអះអាង របស់លោក Chen គាត់បានប្រាប់ គ្រូពេទ្យថា គាត់មានទំនាក់ទំនង ផ្លូវភេទជាមួយ នឹងប្រពន្ធរបស់គាត់ ជាធម្មតា ប៉ុន្តែគ្រូពេទ្យ នៅតែសង្ស័យ ពីរឿងនេះ។

យ៉ាងណាមិញ លោក Chen ត្រូវបានគ្រូពេទ្យវះកាត់ ដុំដែលរីកធំ នៅជិតតម្រង់នោមនោះចេញ ហើយគ្រូពេទ្យ បាននិយាយថា វាយឺតពេលហើយ សម្រាប់លោក Chen ក្នុងការព្យាបាល វេជ្ជសាស្ត្រ នៅលើស្ថានភាព របស់គាត់នៅពេលនេះ៕

ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]