ភ្នំពេញ ៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស ដែលបម្រើការងារ នៅស្នងការព័ត៌មាន និង សន្ដិសុខ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោក ប្រចាំនៅគោលដៅភ្លើងស្ដុបតាម ផ្លូវលេខ១៨២កែង១៦១ ក្នុងទឹកដីខណ្ឌ៧មករា ឃាត់ខ្លួនរួចហើយប្រគល់ទៅឱ្យ អាវុធហត្ថខណ្ឌ៧មករា ចាត់វិធានការតាម ផ្លូវច្បាប់ ក្រោយពីមន្ដ្រីអាវុធហត្ថរូបនេះ បង្កគ្រោះថ្នាក់ចរាចរ បុកគេពីក្រោយហើយ ដកកាំភ្លើងគំរាម បាញ់សម្លាប់ គេថែមទៀត។

ករណីមន្ដ្រីអាវុធហត្ថ បង្កគ្រោះថ្នាក់ចរាចរ រហូតដល់តាមរករឿង ជនរងគ្រោះដោយ គំរាមបាញ់សម្លាប់ ចោលនោះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង០៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ស្ថិត នៅ ចំណុចភ្លើងស្ដុបតាមផ្លូវលេខ១៨២ កែងផ្លូវ លេខ១៦១ ក្បែរស្ថានីយប្រេង ក្នុងខណ្ឌ ៧មករា ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលមាន រឿងខាងលើនេះ កើតឡើងដោយសារតែ មានជនរង គ្រោះម្នាក់ជិះ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅមួយគ្រឿងតែម្នាក់ឯង ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចភ្លើងស្ដុប ស្រាប់តែមាន បុរសម្នាក់ ជិះម៉ូតូម៉ាកគុប គ្មានស្លាកលេខមកបុកពីក្រោយ ប៉ុន្ដែពេល នោះភាគីជនរងគ្រោះ មិនបានឆ្លើយតបនិង ចង់រករឿងនោះឡើយ ពោលបានបន្ដដំណើរ ទៅមុខជាធម្មតា។

ប្រភពព័ត៌មានពីសាក្សី បានបន្ដទៀតថា នៅពេលនោះជនបង្ក បានជិះតាមធាក់ពីក្រោយ ដោយឃើញដូច្នេះ ជនរងគ្រោះក៏ឈប់ម៉ូតូ ក្នុងគោលបំណង សួរនាំ ប៉ុន្ដែត្រូវជនបង្កស្ទុះ មកវាយ បន្ទាប់មកក៏ដកកាំភ្លើង ខ្លីម៉ាកកា៥៤ ភ្ជង់រកបាញ់ជនរងគ្រោះចោលទៀត ។

ក្រោយពីមានករណី នេះកើតឡើង កម្លាំង នគរបាលចរាចរខណ្ឌ៧មករា ដែលប្រចាំការ នៅគោលដៅ នោះ បានចេញមកជួយអន្ដរាគមន៍ ដោយធ្វើការឃាត់ខ្លួន ជនបង្ករូបនេះ ប្រគល់ទៅឱ្យអាវុធហត្ថ ខណ្ឌចាត់វិធានការ តាមផ្លូវច្បាប់បន្ដទៀត ។

ក្រោយពីការសួរនាំរួចមក មន្ដ្រីអាវុធ ហត្ថខណ្ឌ៧មករា បានប្រាប់ថា ជនបង្កគឺជា មន្ដ្រីអាវុធហត្ថលើផ្ទៃ ប្រទេស បម្រើការងារ នៅអង្គភាព ស្នងការព័ត៌មាននិងសន្ដិសុខ មាន ឈ្មោះយាន រ៉ា ដោយឡែក ជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ចប្រាប់ថា ឈ្មោះគុច ចំរ៉ុង អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកគ្រឿងចក្រ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

បច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានមន្ដ្រីអាវុធ ហត្ថខណ្ឌ៧មករា បញ្ជូនទៅខ្លួនទៅកាន់ ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្ដទៀត ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]