ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យ២៦ឆ្នាំម្នាក់ មានឈ្មោះថា Zhang Yanrong រស់នៅក្នុងខេត្ត Shaanxi ប្រទេសចិន ត្រូវបានក្រុមគ្រួសារ ចងជាប់នឹងដើមឈើមួយដើម ដែលស្ថិតនៅក្រៅផ្ទះរបស់នាង អស់រយៈពេលច្រើនជាង២០ឆ្នាំ។ ប្រភពដដែលបានបន្តទៀតថា ក្រុមគ្រួសាររបស់នាង បានចងនាងបែបនេះ តាំងពីនាងនៅតូចម្ល៉េះ ព្រោះនាងមានជំងឺពិការស្មារតី បន្ទាប់ពីជួបគ្រោះថ្នាក់មួយ កាលពីនាងនៅតូច ហើយក្រុមគ្រួសារនាង សម្រេចចិត្តចងនាង ជាប់នឹងដើមឈើបែបនេះ ព្រោះនាងតែងតែធ្វើឲ្យខ្លួនឯងរបួស។

Zhang បានក្លាយជាមនុស្សពិការស្មារតី បន្ទាប់ពីជួបគ្រោះថ្នាក់មួយ កាលពីនាងនៅតូច ហើយមិនអាចចំណាំ សូម្បីតែផ្លូវមកផ្ទះវិញ។ ក្រុមគ្រួសាររបស់ Zhang បាននាំនាង ទៅជួបគ្រូពេទ្យជាច្រើននាក់ដែរ ប៉ុន្តែពួកគាត់មិនមានលទ្ធភាព ដើម្បីព្យាបាលជំងឺនាងឡើយ ដូច្នេះទើបសម្រេចចិត្ត ចងនាងជាប់នឹងដើមឈើតែម្តង ព្រោះវាជាមធ្យោបាយតែមួយគត់ ដែលពួកគាត់អាចធ្វើបាន។

បើតាមសម្តីអ្នករស់នៅជិតខាង បានប្រាប់ឲ្យដឹងថា «ថ្វីត្បិតតែ Zhang មានជំងឺពិការស្មារតីក៏ពិតមែន ប៉ុន្តែនាងមិនដែលធ្វើអ្វី ទៅលើអ្នកដទៃឡើយ តែនាងធ្លាប់បាត់ខ្លួន ជាច្រើនដងមកហើយ ដូច្នេះមានតែចងនាងឲ្យជាប់ទេ ទើបជាការល្អ»។

បើតាមសម្តីរបស់ម្តាយ Zhang ដែលមានវ័យ៦០ឆ្នាំ បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ មិនដែលប្រកែក ឬមិនព្រមឡើយ នៅពេលដែលគេចងនាង។ ម្តាយ Zhang បន្តទៀតថា គាត់មានក្តីប្រារម្ធយ៉ាងខ្លាំង ចំពោះកូនស្រីគាត់ ព្រោះប្រហែលជាគ្មាននរណាម្នាក់ ជួយមើលថែកូនស្រីគាត់ឡើយ នៅពេលដែលគាត់ និងប្តី លាចាកលោកនេះទៅ។

គួរបញ្ជាក់ផងដែរថា ការចងមនុស្សដែលមានជំងឺពិការស្មារតី ឬមានបញ្ហាសតិ គឺជាវិធីសាមញ្ញមួយ របស់អ្នករស់នៅជនបទ ឬស្រុកស្រែ ក្នុងប្រទេសចិន ដែលមិនមានលទ្ធភាព រកប្រាក់ដើម្បីព្យាបាលជំងឺនេះបាន៕

នារីឈ្មោះ Zhang Yanrong វ័យ២៦ឆ្នាំ ដែលត្រូវក្រុមគ្រួសារ ចងជាប់នឹងដើមឈើ អស់រយៈពេលច្រើនជាង ២០ឆ្នាំ

ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]