ភ្នំពេញ៖ សពបុរសម្នាក់ ដែលមាន សភាពហើមស្អុយ ស្ទើរមើលមិនស្គាល់ មិនស្គាល់អត្ដសញ្ញាណ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ចងកនៅក្រោម ដើមអម្ពិលទឹក កាលពីល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុងដីឡូត៍ មួយកន្លែងគ្មានលេខ ក្រុមទី៨ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។

នាយនគរបាលប៉ុស្ដិ៍ សង្កាត់និរោធ លោក ឃឹម សារ៉ាវង្ស បាននិយាយថា សពជនរង គ្រោះដែលមានសភាព ហើមស្អុយខាងលើនេះ ត្រូវបានប្រជា ពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង ៧និង៣០នាទី ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រោយពីជនរងគ្រោះ រូបនេះបាន ចេញពីផ្ទះ កាលពីមួយសបា្ដហ៍មុន ។

នាយនគរបាលប៉ុស្ដិ៍ សង្កាត់និរោធ បាន បញ្ជាក់ទៀតថា ក្រោយពីធ្វើកោសល្យវិច័យ និងការមកចង្អុលប្រាប់ របស់សាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ សេង អាយុ៥៥ឆ្នាំ មុខរបរលក់ គ្រឿងសំណង់ រស់នៅផ្ទះលេខ៦០៤ ផ្លូវលេខ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

លោកឃឹម សារ៉ាវង្ស បានបន្ដថា ជនរង គ្រោះបានចេញពីផ្ទះ កាលពីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ ពាក់ ស្លាកលេខ ភ្នំពេញ 1Z-7297 ដោយមិនទាន់ ដឹងមូលហេតុច្បាស់លាស់ ហេតុអ្វីជនរង គ្រោះបានចាកចេញពីផ្ទះនោះ ។

នាយនគរបាលរូបនេះ បានបន្ដទៀតថា ក្រោយពីបានចាក ចេញពីផ្ទះរួចមក សាច់ញាតិ បានខំស្វែងរក ប៉ុន្ដែមិនរកឃើញ ជនរងគ្រោះ នោះឡើយ លុះដល់ល្ងាច ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤ កូនស្រីឈ្មោះប្រាក់ ស្រីលក្ខ័ បាន មើលឃើញព័ត៌មាន នៅលើគេហទំព័រក្នុង ស្រុក ក៏ដឹងថា ជនរងគ្រោះដែលចងកនោះ ជាឪពុករបស់ខ្លួន ។

ក្រោយស្គាល់អត្ដសញ្ញាណ និងធ្វើកោសល្យវិច័យ ទៅលើសពជនរង គ្រោះរួចមក សមត្ថ កិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណី ។

ប្រភពព័ត៌មានពីកូនស្រីរបស់ជនរងគ្រោះ បាននិយាយថា មូលហេតុដែលនាំឱ្យឪពុក របស់នាងសម្រេចចងក សម្លាប់ខ្លួនយ៉ាងដូច្នេះ ទំនងខូចចិត្ដនិង ជំងឺក្រពះដ៏រ៉ាំរ៉ៃ ដែលបាន យាយីទៅលើរូបគាត់ ។

កូនស្រីបាន និយាយទៀតថា មុនពេល កើតហេតុ នាងបានឱ្យឪពុក ទៅទិញថ្នាំដើម្បី ព្យាបាលរោគក្រពះ ប៉ុន្ដែតាំងពីបើកម៉ូតូ ចេញពីផ្ទះ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា មកនោះ បាត់ដំណឹងសូន្យឈឹង រកមិនឃើញឡើយ រហូតដល់ឃើញ ព័ត៌មានតាម គេហទំព័រក្នុងស្រុក ទើបមានការភ្ញាក់ផ្អើលនិង ប្រាប់ទៅក្រុមគ្រួសារ ទាំងអស់ចុះ ទៅពិនិត្យសព និងទទួលយក ព័ត៌មានពីនគរបាល សង្កាត់និរោធ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះបានយក អាវទៅចងកភ្ជាប់នឹង ដើមអម្ពិលទឹក ហើយនៅលើ កន្ដ្រកម៉ូតូសមត្ថ កិច្ចប្រទះឃើញថ្នាំឈឺក្រពះ ដែលជនរងគ្រោះ ទើបនឹងទិញ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ករណីចងក ខាងលើនេះ គឺជារឿងអត្ដឃាតមិនមែនជា អំពើឃាតកម្មនោះឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]