ភ្នំពេញៈ ថ្មីៗនេះ លេចឮព័ត៌មានថា តារាសម្តែងប្រុសស្រី មានឈ្មោះល្បីគួរសម លោក អេឡិច ដាហ្វី និង កញ្ញា ស្រីស្អាត លឹម មួយហ្គេច កំពុងតែបង្កើនភាពផ្អែមល្ហែម ជិតដិតជាមួយគ្នា ប្លែកខុសពីធម្មតា ដែលធ្វើឲ្យទស្សនិកជន ជាច្រើន គិតថាតារា ប្រុសស្រី មួយគូនេះ កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ បាំងពីភ្នែកមហាជន ។

មួយរយៈចុងក្រោយនេះ មានដំណឹងលេចឮថា បុរសរូបសង្ហា លោក អេឡិច ដាហ្វី និង កញ្ញារូបស្រស់ លឹម មួយហ្គេច បានបង្កាត់ ភ្លើងស្នេហ៍ឆេះ សន្ធោរសន្ធៅ ដោយមិនបើកចំហរ។ ជាក់ស្ដែង កាលពីពេល ថ្មីៗនេះ ពួកគេទាំងពីរនាក់ បានយករូបថតស្និទ្ធស្នាល ជាមួយគ្នាប្រៀប ដូចជាគូស្នេហ៍ យកមកបង្អួត អ្នកគាំទ្រ និង Friend ក្នុង Facebook ធ្វើឲ្យអ្នកនិយម លេងបណ្តាញមួយនេះ នាំគ្នា និយាយ តៗគ្នាថា តារាប្រុសស្រីមួយគូនេះ បានបង្ហាញទំនាក់ទំនង ស្អិតល្មួត ជាមួយគ្នាខុសពីអ្នកសិល្បៈដទៃ ប្រៀបដូចជាគូស្នេហ៍ ចង់បង្ហាញចំណងមិត្តភាព ជាសាធារណៈ ព្រោះថា កន្លងមកពួកគេធ្លាប់តែ បណ្តើរគ្នាចេញទៅក្នុងកម្មវិធីអ្នកសិល្បៈ និងដើរលេង ជាមួយគ្នាធម្មតាៗ មិនសូវចំហរ តែពេលនេះបែរ ជាសម្ញែង ភាពផ្អែមល្ហែម ជាមួយគ្នាកាន់តែខ្លាំង ខណៈដែលតារាប្រុស លោក ដាហ្វី បង្ហាញវត្តមាន ជូនដំណើរស្រីស្អាតរូបនេះ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ និងបានថតរូបកៀកកើយ ជាមួយគ្នាបង្ហោះ Facebook ថែមទៀតផង ។

ទាក់ទងនឹងការ លេចឮព័ត៌មានបែបនេះ ត្រូវបានតារាសម្តែង និងជាតារាបង្ហាញម៉ូដ លោក អេឡិច ដាហ្វី សារភាពទទួលស្គាល់ ដោយប្រាប់គេហទំព័រ LookingTODAY នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នេះថា មួយរយៈនេះ លោកហាក់ មានភាពសិ្នទ្ធស្នាល ជាមួយ លឹម មួយហ្គេច ជាងមុនពិតមែន ហើយពួកលោកក៏ឧស្សាហ៍ ទៅណាមកណា ជាមួយគ្នាដែរ ។ ជាក់ស្តែង កាលពីពេលកន្លងទៅនេះ លោកទើបតែជូនដំណើរនាង ទៅព្រលានយន្តហោះ ហើយក៏បាន ថតរូបបង្ហោះ Facebook ក៏ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ និងក្លាយជារឿងបែប នេះតែម្តងទៅ ។

លោក ដាហ្វី បានប្រាប់ទៀតថា "ខ្ញុំទទួលស្គាល់ថា មួយហ្គេច ក្រៅពីស្អាត ហើយនាងក៏មាន ចរិកល្អ រួសរាយរាក់ទាក់ ងាយស្រួល រាប់អាន ហើយសម្រាប់ពួកខ្ញុំ ទាំងពីរនាក់ បានស្គាល់គ្នា យូរហើយ គ្រាន់តែកន្លងមក មិនសូវបានជិតដិតគ្នា ទើបតែមួយរយៈនេះ ខ្ញុំ និងនាងឧស្សាហ៍ ចេញកម្មវិធី ជាមួយគ្នា ប៉ុន្តែរវាងខ្ញុំទាំងពីរនាក់ មិនមានទំនាក់ទំនងស្នេហា ក្រៅឆាកអីជាមួយគ្នាទេ ពោលគឺពួកខ្ញុំ ស្រលាញ់រាប់អានគ្នា ប្រៀបដូចជាបងប្អូន ។ ម្យ៉ាងពួកខ្ញុំជាអ្នកសិល្បៈ គឺ តែងតែមានកម្មវិធី ដូចគ្នាច្រើន អ៊ីចឹងហើយបានភាគច្រើន តែងតែទៅណាមកណា ជាមួយគ្នា បែបនេះ" ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]