រាជធានីភ្នំញពេញ ៖ យុវវ័យមួយក្រុម កំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានជនសង្ស័យ មួយក្រុម បានជិះម៉ូតូ មកដេញវាយ ដោយមិនដឹង មូលហេតុ បណ្តាលឱ្យ រងរបួស និងមានការ ច្រំឡំម៉ូតូគ្នា ជិះទៀតផង ។ ហេតុការណ៍នេះ កើតឡើង នៅវេលា ម៉ោង៣ និង៣០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី ២៣ កក្កដា ២០១៤ នៅមុខក្រុមហ៊ុន CellCard តាមបណ្តោយ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ ក្រុមជនរងគ្រោះ បានទៅអង្គុយលេង នៅមុខសណ្ឋាគារ ណាហ្កាវើល ហើយនាំគ្នា ទិញខ្ចៅ យកមកចាក់ញាំ និងជជែកគ្នា លេងយ៉ាងសប្បាយ បន្ទាប់មក ក៏បានជិះម៉ូតូ ត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរ តាមម៉ូតូ៣គ្រឿង មានស្តេប FZ និង ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៣ តាមផ្លូវព្រះមុនីវង្ស ស្រាប់តែមកដល់ ចំណុចកើតហេតុ ក៏មានមនុស្ស ប្រុសមួយក្រុម ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៤ម៉ូតូ ស៊ុយស៊ូគីនិច ដោយនៅក្នុងដៃ ប្រដាប់ទៅ ដោយខ្សែក្រវ៉ាត់ និងដុំថ្ម បានចុះពីលើម៉ូតូ មកដេញវាយ ទៅលើក្រុម ជនរងគ្រោះ ដែលមាន នារីម្នាក់ផង។

ពេលនោះក៏មាន ការតដៃគ្នា ទៅវិញទៅមក រហូតបណ្តាល ក្រុមជនរងគ្រោះ របួសស្រាល ហើយក្រុមជនសង្ស័យ ក៏បានឡើង ជិះម៉ូតូដើម្បី ជិះរត់ ស្រាប់តែច្រលឡំ ឡើងជិះម៉ូតូ របស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ទៅវិញដោយ បន្សល់ទុក ម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៤ នៅនឹងកន្លែង កើតហេតុ ជាមួយនឹង ខ្សែក្រវ៉ាត់ និងដុំថ្ម៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]