ខេត្តព្រះសីហនុ ៖ លុយជាង១០លានរៀល ត្រូវក្រុមជនមិនស្គាល់មុខ គាស់ផ្ទះចូលធ្វើសកម្មភាព លួចយកទៅអស់ដោយសុវត្ថិភាព ខណៈម្ចាស់ផ្ទះ ដេកសម្រាន្តលង់លក់ កាលពីយប់ថ្ងៃទី២១ កក្កដា នៅផ្ទះប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ។

ប្រជាពលរដ្ឋរងគ្រោះ ឈ្មោះ ភោគ ចាន់ធុន ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ សៀ ចាន់ធា អាយុ២៨ឆ្នាំ មុខរបរលក់សាច់ជ្រូក គ្រួសារនេះមានកូនស្រី២នាក់ និងប្អូនស្រីជំទង់ម្នាក់ ស្នាក់នៅជាមួយផងដែរ ។

តាមប្តីឈ្មោះ ភោគ ចាន់ធុន រៀបរាប់ឱ្យដឹងថា ជារៀងរាល់យប់ នៅម៉ោងជាង១០យប់ ទើបគាត់ចូលសម្រាន្ត តែដោយឡែក នៅយប់កើតហេតុ គឺនៅម៉ោង៩យប់ គាត់ចាប់ផ្តើមងងុយដេក ហើយក៏ចូលដេក ទាំងគាត់ និងប្រពន្ធ នៅក្នុងបន្ទប់ បាំងដោយកុងផ្លាកេ លង់លក់ទៅ លុះដល់ម៉ោង៣ទៀបភ្លឺ ដែលជាទម្លាប់ ងើបទៅកាប់ជ្រូកលក់ ក៏ឃើញក្នុងបន្ទប់ មានភាពរញ៉េរញ៉ៃ ហើយក៏ពិនិត្យកន្លែងទុកលុយ នៅនឹងថតទូ គឺបាត់អស់តែម្តង ។ សរុបប្រាក់ដែលបាត់បង់ មានទាំងលុយខ្មែរ ដុល្លារ និងលុយបាត ជាង១០លានរៀល កាតគ្រីឡានមួយសន្លឹក សោឡាន អត្តសញ្ញាណប័ណ្ណមួយសន្លឹក និងទូរស័ព្ទដៃចំនួន២គ្រឿង ។

តាមសមត្ថកិច្ចដែលចុះទៅពិនិត្យ កន្លែងកើតហេតុឱ្យដឹងថា ក្រុមជនមិនស្គាល់ បានគាស់កុងផ្លាកេបន្ទប់ លូកដៃយកសោ ដែលម្ចាស់ដាក់នៅជាប់ទូ យកមកចាក់ទ្វារបន្ទប់ ហើយចូលធ្វើសកម្មភាព លូកយកទ្រព្យសម្បត្តិតែម្តង  បន្ទាប់ពីលួចបានហើយ ចោរបានបើកទ្វារចេញ ដោយសម្រួល គេចខ្លួនដោយសុវត្ថិភាព តាមការសន្និដ្ឋាន ក្រុមចោរអាចប្រើថ្នាំសណ្តំ ដាក់ទៅលើម្ចាស់ផ្ទះ ព្រោះបន្ទប់តូច ហើយដេកក្នុងនោះ ទាំងប្តីប្រពន្ធ បែរជាក្រុមចោរគាស់ជញ្ជាំង ហែកកុងផ្លាកេ ចាក់សោចូលហើយ បានឆែកឆេរនៅក្នុងបន្ទប់ទៀត ទៅជាម្ចាស់មិនបានដឹង ហើយម្យ៉ាងវិញទៀត តាមម្ចាស់ផ្ទះជាប្តី បានប្រាប់ថា ពេលងើបពីសម្រាន្ត ហាក់បីដូចជាធីងធោង នេះសបញ្ជាក់ថា ក្រុមចោរអាចប្រើថ្នាំសណ្តំ ។

យ៉ាងណាក៏ដោយ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួន ជនប្រព្រឹត្តល្មើស យកមកផ្តន្ទាទោសតាមច្បាប់ ៕

កន្លែងដែលក្រុមចោរគាស់ក្តារជញ្ជាំងផ្ទះចូលលួចលុយ


ទីតាំងផ្ទះកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]