ចិន៖ មហាសេដ្ឋីជំនួញ ដែលជាអ្នកប្រមូល ទិញវត្ថុសិល្បៈ នៅទីក្រុងសៀងហៃ លោក Liu Yiqian បានធ្វើឲ្យកក្រើក ពិភពអ៊ីនធើណេត បន្ទាប់ពីរូបគាត់ បង្ហោះរូបភាព ដែលកំពុងតែ ក្រេបយកទឹកតែ នៅក្នុងពែង ដែលមានតម្លៃ ដល់ទៅ៣៦លានដុល្លារអាមេរិក។

ពែងបុរាណ ដែលមានតម្លៃ ថ្លៃមហាសាល ៣៦លានដុល្លារអាមេរិកនេះ បានបន្សល់ទុក តាំងពីរាជវង្សមីងមក រចនាឡើងជាមួយនឹង រូបសត្វមាន់ នៅលើនោះផង ត្រូវបានលោក Liu Yiqian ទិញបានពី ការដេញថ្លៃមួយ របស់ ក្រុមហ៊ុនសាជីវកម្មចំរុះ Sotheby នៅក្នុងទីក្រុងហុងកុង កាលពីខែមុននេះ។ លោក Liu បានគិតថា ប្រតិកម្មរបស់អ្នក និយមលេងអ៊ីនធើណេត គឺប្រហែលមកពី តម្លៃរបស់ពែងមួយនេះ។

ជាមួយគ្នានេះដែរ រូបភាពរបស់លោក Liu ដែលបានបង្ហោះទៅលើ ប្រព័ន្ធអ៊ីនធើណេត កាលពីចុងសប្តាហ៍នេះ បង្កឲ្យមានការ ថ្កោលទោសយ៉ាង ឆាប់រហ័សពី អ្នកអង្កេតការណ៍ អនឡាញរបស់ ប្រទេសចិន ដោយបានសរសេរ នៅលើបណ្តាញសង្គម Weibo ថា “អ្នកគិតថា ពេលដែលផឹកទឹក ចេញពីពែងនេះ អ្នកនឹងមានជីវិត អមតៈមែនទេ? ឬក៏វាអាចធ្វើ ឲ្យអ្នកមានអាយុវែង? តាមការពិត តើវាមិនមែនជាវិធី ដែលអ្នកបំពេញ តម្រូវការ ឥតប្រយោជន៍ របស់អ្នកទេ?”។ មានមតិរិះគន់ ជាច្រើន បានសរសេរទៅកាន់ រូបភាព ដែលលោក Liu បានបង្ហោះនៅក្នុង បណ្តាញសង្គម Weibo ដោយពួកគេបានគិតថា គាត់ធ្វើបែបនេះ គឺដើម្បីបង្ហាញពី ទ្រព្យសម្បត្តិ និងភាពហ៊ឺហារ ស៊ីវិល័យ របស់គាត់។

យ៉ាងណាមិញ លោក Liu បានប្រាប់បណ្តាញ សារព័ត៌មានថា គាត់មិនបានព្យាយាម បង្ហាញ ឬ អួតពីទ្រព្យសម្បត្តិ របស់គាត់នោះទេ គឺគ្រាន់តែ បុគ្គលិក របស់ Sotheby បានចាក់តែទៅ ក្នុងពែងនោះឲ្យគាត់ ហើយគាត់ក៏ផឹកវាបន្តិចទៅ គាត់មិនយល់ឃើញថា វាទាស់ខុស ត្រង់ណានោះទេ បើគាត់គ្រាន់ តែថតរូបភាព ហើយបង្ហោះវានោះ៕




ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]