ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ២នាក់ ដែលជាប់ពាក់ព័ន្ធ នឹងករណីបាញ់មន្ត្រីរដ្ឋបាលព្រៃឈើ បណ្តាលឱ្យរងរបួស កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ នៅត្រង់ចំណុចផ្លូវបំបែកដាក់ដាំ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី សហការគ្នាចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៨ និងថ្ងៃទី២០ កក្កដា ។

លោក សូរ សុវណ្ណ ស្នងការរងនគរបាល ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះ លេន កំរី អាយុ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួន នៅស្រុកតំបែរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ខណៈជននេះ ទៅស្នាក់នៅឯស្រុកកំណើត ។ ឯជនសង្ស័យម្នាក់ទៀត ឈ្មោះ ពុំ ពឿន អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងរាជធានីភ្នំពេញ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ សារភាពថា ខ្លួនពិតជាបានបាញ់ប្រហារ ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ រូបនោះមែន ព្រោះតែមានកំហឹងយ៉ាងខ្លាំង ដោយសារនៅពេលពួកគេ និយាយសួរនាំ លោក ហេង ចន្ត្រា ជាមន្ត្រីមេព្រៃនោះ មិនទម្លាក់កញ្ចក់រថយន្ត និយាយជាមួយ ទើបឈានដល់ការបាញ់តែម្តង ។ គួររំលឹកថា នាយរងផ្នែករដ្ឋបាល ព្រៃឈើសែនមនោរម្យមួយរូប ត្រូវបានខ្មាន់កាំភ្លើង លួចបាញ់ប្រហារកណ្តាលរាត្រី បង្កឱ្យមានការភ្ញាក់ផ្អើល ដល់មនុស្សម្នា ពេញក្រុងសែនមនោរម្យ នៅវេលាម៉ោង១០យប់ ថ្ងៃទី៤ កក្កដា ត្រង់ចំណុចផ្លូវបំបែក ឆ្ពោះទៅព្រំដែនដាក់ដាំ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីមេព្រៃដែលត្រូវខ្មាន់កាំភ្លើង ប៉ុនប៉ងបាញ់សម្លាប់ផ្តាច់ជីវិតនេះ ឈ្មោះ ហេង ចន្ត្រា ភេទប្រុស អាយុ៤៤ឆ្នាំ មានតួនាទីជានាយរងផ្នែក រដ្ឋបាលព្រៃឈើ សែនមនោរម្យ ។ លោក ហេង ចន្ត្រា ត្រូវបានជនមិនស្គាល់មុខ លួចបាញ់រះចំនួន៣គ្រាប់ តែបាញ់ត្រូវមួយគ្រាប់ ចំដើមដៃខាងឆ្វេង ។ ការបាញ់នៅកណ្តាលក្រុងនេះ គឺខណៈពេលលោក ហេង ចន្ត្រា កំពុងឈប់ចតរថយន្ត នៅចិញ្ចើមផ្លូវដើម្បីសង្កេតមើល បទល្មើសព្រៃឈើ ដែលចរាចរណ៍តាមផ្លូវ ។ ខណៈកំពុងសម្ងំក្នុងរថយន្តផ្ទាល់ខ្លួន ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ក៏មានមនុស្សពីរបីនាក់ ដែលគេសន្និដ្ឋានថា ជិះរថយន្តទេសចរណ៍ធុនតូច ស្រដៀងនឹងរថយន្តម៉ាកកាមរីគូទហើម ចុះមកហើយសួរមួយម៉ាត់ពីរម៉ាត់ ជនមិនស្គាល់នោះ ក៏ដកកាំភ្លើងបាញ់រះ សំដៅមកលើរថយន្តរបស់លោក ចំនួន៣គ្រាប់ បណ្តាលឱ្យរងរបួសដៃ ។ នៅពេលភ្លាមៗនោះ មន្ត្រីមេព្រៃដែលរងការបាញ់ប្រហារ បានបាញ់តបតទៅវិញ អស់ជាច្រើនគ្រាប់ផងដែរ ។

លោក ហេង ចន្ត្រា បានប្រាប់ថា រថយន្តដែលជនមិនស្គាល់មុខ ជិះធ្វើសកម្មភាព មើលទៅរាងដូចជារថយន្តម៉ាក កាមរីគូទហើម ព្រោះមេឃភ្លៀង មើលមិនច្បាស់ តែពាក់ស្លាកលេខ 2D-9531 ។ តាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា កាំភ្លើងដែលជនមិនស្គាល់មុខ ប្រើប្រាស់គឺម៉ាក កា៥៤ ៕

ជនសង្ស័យបាញ់មន្ត្រីព្រៃឈើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]