ព្រះសីហនុ៖ អ្នករត់ម៉ូតូឌុបម្នាក់ ទំនងឆ្លងផ្លូវ តែមិនប្រយ័ត្ន ត្រូវរថយន្តធុនធំ បុកពីក្រោយ បណ្តាលឲ្យ ដួលបែកក្បាល ស្លាប់ភ្លាមមួយរំពេច កាលពីម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ តាមបណ្តោយ ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១៨០-១៨១ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់ឈ្មោះ នី ជួន ភេទប្រុស អាយុ៦៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ទីលំនៅភូមិចុងអូ ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១C-៩៦៩៨ ចំណែករថយន្តធុនធំម៉ាក UD ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ៤A-០៦៧៣ បើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ព្រោះរត់គេចខ្លួនបាត់ ស្រមោលពេលកើតហេតុភ្លាមៗ ។

ប្រភពពីសាក្សី នៅក្បែរកន្លែង កើតហេតុ បានប្រាប់អោយដឹងថា នៅវេលាម៉ោងកើត ហេតុខាងលើ ជនរងគ្រោះ បានបើកបរម៉ូតូ តាមបណ្តោយ ផ្លូវជាតិលេខ៤ ទិសដៅខេត្តព្រះសីហនុ ទៅភ្នំពេញ ក្នុងបំណង យកសណ្តែកបណ្តុះ ទៅដាក់ឲ្យម៉ូយ លុះដល់ចំណុច កើតហេតុ ក៏បានឆ្លងផ្លូវ ក៏ត្រូវរថយន្តធុនធំ បើកមកពីក្រោយ ស្របទិសគ្នា ខំគេចដែរតែមិនផុត ក៏ត្រូវរ៉ឺម៉ក់រ ថយន្តកៀរ ត្រូវហើយក៏ដួល បោកក្បាលទៅថ្នល់ បណ្តាលឲ្យបែកក្បាល ស្លាប់ភ្លាមៗតែម្តងទៅ ។

ជនរងគ្រោះគេឃើញ មានពាក់មួកសុវត្ថិភាព ដែរតែទំនង មិនខ្ទាស់គន្លឹះឲ្យ បានត្រឹមត្រូវ ទើបពេលដែលដួលគេ ឃើញមួករបស់គាត់ របើកខ្ទាតចេញពីក្បាល ទើបធ្វើអោយ គាត់រងរបួស រហូតដល់ស្លាប់តែម្តង ។ ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសាច់ញាតិ យកលំនៅដ្ឋានដើម្បី ធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអូស យកទៅរក្សា ទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយ តាមក្រោយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]