តៃវ៉ាន់៖ នារីជនជាតិតៃវ៉ាន់ វ័យ២៦ឆ្នាំម្នាក់ មានមុខមាត់ និងរូបរាងស្អាតបាត ត្រូវបានគេឃើញ អង្គុយសុំទាន នៅខាងក្រៅស្ថានីយ៍ Dingxi ទីក្រុងតៃប៉ិ ប្រហែលជា កន្លះឆ្នាំមកហើយ ដោយនាង បានប្រាប់ អ្នកយកព័ត៌មានថា នេះគឺជាបំណង ប្រាថ្នារបស់នាង។

នារីវ័យក្មេងម្នាក់នេះ មានត្រកូលស៊ូ បានអង្គុយសុំទាន នៅខាងក្រៅ ស្ថានីយ៍ Dingxi ដោយខុសប្លែកពី អ្នកសុំទានដទៃទៀត គឺនាងមិនមាន ក្លិនអាក្រក់ និងស្លៀកពាក់សមរម្យ។ ជារៀងរាល់ថ្ងៃ នាងស្នាក់ នៅលើ ផ្លូវក្រោមដីមួយកន្លែង ដោយមុននឹងគេង នាងតែងតែសម្អាត កន្លែងនោះជាមុនសិន ហើយនាងប្រើប្រាស់ បន្ទប់ទឹកសាធារណៈ ដើម្បីលុបលាង មុខមាត់របស់នាង។

ជាមួយគ្នានេះដែរ ជារៀងរាល់ព្រឹក ម៉ោង៧ ស៊ូ តែងតែទិញ តែបៃតងមួយពែង មុននឹងជិះរថយន្តក្រុង ទៅកាន់ ស្ថានីយ៍ Dingxi ដើម្បីសុំទាន នៅពេលថ្ងៃត្រង់ នាងបានត្រលប់ទៅ ផ្លូវក្រោមដីនោះវិញ ដើម្បីសម្រាកថ្ងៃត្រង់ បន្ទាប់មក នាងបានបន្តការសុំទាន ពីម៉ោង៤ល្ងាច ដល់ម៉ោង៨យប់ នៅឯស្ថានីយ៍បន្តទៀត ដែលក្នុងមួយថ្ងៃ នាងអាចរកប្រាក់បាន ពី៦.៦៦ដុល្លា ទៅ១៦.៦៦ដុល្លា។ ហើយនៅរៀងរាល់ ២ទៅ៣ថ្ងៃម្តង នាងនឹងទៅកាន់ អាងហែលទឹក ដែលនៅក្បែរនោះ ដើម្បីងូតទឹក និងបោកសំលៀកបំពាក់ របស់នាងក្រោយ សម្រាកពីការសុំទាន រួចត្រលប់ទៅកាន់ ផ្លូវក្រោមដីវិញ នៅម៉ោង១០យប់។

គួរបញ្ជាក់ផងដែរថា មុនពេលដែលស៊ូ សម្រេចចិត្តមកសុំទាន គឺនាងរស់ស្រុក Xindian នៅក្នុង ទីក្រុង តៃប៉ិ ដោយនាងបាន ឲ្យដឹងថា ដោយសារតែនាង បោះបង់ចោលការងារ ហើយរស់ នៅក្នុង ជីវិតមួយ ដែលខ្ជិលច្រអូស មិនធ្វើអ្វីទាំងអស់ ទើបធ្វើឲ្យឪពុកម្តាយ របស់នាងខឹងយ៉ាងខ្លាំង ហើយបានឈ្លោះប្រកែក ជាមួយនាង និងបានបណ្តេញនាង ចេញពីផ្ទះ កាលពី៦ខែមុននេះ។

ស៊ូបាននិយាយថា “ឪពុកម្តាយរបស់ខ្ញុំ មិនស្រលាញ់ខ្ញុំទៀតទេ ព្រោះតែខ្ញុំមិនទៅធ្វើការ ចំណែកឯ បងប្រុសរបស់ខ្ញុំ មិនចង់ផ្គត់ផ្គង់ខ្ញុំទេ នៅពេលដែលខ្ញុំ បោះបង់ចោល ការងារនោះ”។ នាងបានឲ្យ ដឹងទៀតថា នាងបានព្យាយាម រកការងារធ្វើ បន្ទាប់ពីនាង រៀនចប់ ប៉ុន្តែម្ចាស់ក្រុមហ៊ុន បានរំលោភបំពាន លើបុគ្គលិក នៅពេលដែលនាង ធ្វើជាអ្នកសម្អាត នៅក្នុងមន្ទីរពេទ្យ គឺពួកគេមិនបានផ្តល់ ស្រោមដៃដល់នាង ក្នុងការធ្វើការនោះទេ ហើយនាងគិតថា នាងនឹងស្លាប់បើ នាងប៉ះពាល់កាកសំណល់ វេជ្ជសាស្ត្រទាំងនោះ ទើបនាងបោះបង់ចោល ការងារនោះទៅ។

យ៉ាងណាមិញ ឪពុកម្តាយរបស់ស៊ូ មិនចង់ដឹងថា កូនស្រីរបស់គាត់ ទៅធ្វើអ្វី នៅទីណានោះទេ ហើយម្តាយរបស់នាង បាននិយាយថា កូនប្រុសទាំង២នាក់ របស់គាត់ បានខំប្រឹងធ្វើការ យ៉ាងលំបាក ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែកូនស្រីរបស់គាត់ រូបនេះគិតតែពីសុំលុយ ពីបងប្រុសរបស់នាង ហើយមិនព្រមធ្វើការអ្វីទាំងអស់។ ចំណែកឯឪពុក របស់នាង ដែលមានជំងឺ laryngostenosis វិញ បាននិយាយថា “ប្រសិនបើនាងចង់ទៅ ឲ្យនាងទៅចុះ វាល្អសម្រាប់នាង និងគ្រួសារផងដែរ”៕



ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]