បាត់ដំបង៖ តូបចំនួន ២៤៤តូប ក្នុងផ្សារភ្នំព្រឹក ស្ថិតក្នុងទីរួមស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆាបឆេះ  អស់ទាំងស្រុង កាលពីវេលា ម៉ោង ១១ និង៤៥ នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ បំផ្លាញទ្រព្យ សម្បត្តិសម្ភារៈ  របស់អាជីវករអស់ រាប់សិបម៉ឺនដុល្លារ តែមិនបាន បង្កគ្រោះថ្នាក់ ដល់អាយុជីវិត ប្រជាពលរដ្ឋ និងផ្ទះប្រជា ពលរដ្ឋនៅ  ជិតខាងនោះទេ។

អធិការរងរនគរបាលស្រុកភ្នំព្រឹក លោក សារ៉េត វិសេដ្ឋ បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃទី  ២២ ខែកក្កដា ឆ្នាំ២០១៤នេះថា រហូតដល់ វេលាម៉ោង ៨ និង៣១នាទីព្រឹក ថ្ងៃនេះ ការជួយអន្តរាគមន៍ បាញ់ពន្លត់  ការឆាបឆេះក្នុងផ្សារនេះ មិនទាន់រលត់នៅឡើយទេ ពោលសកម្មភាព បាញ់ពន្លត់កំពុង បន្តនៅឡើយ។

លោក សារ៉េត វិសេដ្ឋ បានឲ្យដឹងផងដែរថា កម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យ បានប្រើទឹកអស់ជាង ៣០រថយន្ត ហើយ ដើម្បីបាញ់ពន្លត់ នៅកន្លែងឆាបឆេះ។

លោកអធិការរងនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថា ការឆាបឆេះនេះ បណ្តាលមកពី ទុស្សេខ្សែភ្លើង ដែលផ្តើម ចេញពីតូបលក់ខោអាវ។ ផ្សារដែលរងការ ឆាបឆេះនេះ ជាផ្សារឯកជន របស់មេបញ្ជាការ លេខ៥៣ លោក ជាភួង  ភារម្យ។

បើតាមលោក សារ៉េត វិសេដ្ឋ ការឆាបឆេះនេះ បានបំផ្លាញទ្រព្យសម្ភារៈ របស់អាជីវករ អស់រាប់សិប ម៉ឺនដុល្លារ តែមិន  ទាន់អាចបូកសរុប ពីទំហំខូចខាត ទាំងអស់បានទេ។

ទោះបីជាយ៉ាងណា អគ្គិភ័យនេះ មិនបង្កគ្រោះថ្នាក់ដល់ អាយុជីវិតរបស់មនុស្ស និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅជុំវិញផ្សារនោះឡើយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]