រាជធានីភ្នំពេញ ៖ ក្តីប្រាថ្នាក្នុងការនាំយក តំណក់ឈាម កូនប្រុសទាំង២ ពីអតីតភរិយានាង អ៊ុំ គន្ធា របស់លោក ផាន សុផាត ត្រូវបាន ខកបំណង បន្ទាប់ពីកូនប្រុស ទាំង២នាក់នេះ បានបដិសេធ មិនព្រមទៅរួមរស់ ជាមួយឪពុក វិញឡើយ ដោយពួកគេ បានតាំងចិត្ត បន្តរស់នៅ ជាមួយម្តាយ និងយាយ មិនទៅណាឡើយ ។

តារាចម្រៀង ផ្នែកមនោសញ្ចេតនា លោក ផាន សុផាត បានបើក ភ្លើងខៀវ ដើម្បីនាំយក តំណក់ឈាម រវាងរូបលោក ជាមួយ អតីតភរិយា នាង អ៊ុំ គន្ធា មកបីបាច់ ថែរក្សាវិញម្តង បន្ទាប់ពីលោក បានមើលឃើញ ពីជីវភាពដ៏លំបាក របស់នាង អ៊ុំ គន្ធា ខណៈពេល ដែលរូបលោក អាចមានលទ្ធភាព គ្រប់គ្រាន់ក្នុងការ បីបាច់ថែរក្សា កូនប្រុសទាំងពីរ ឱ្យមានអនាគតបាន ។ ប៉ុន្តែគោលបំណង របស់លោក ផាន សុផាត ទំនងជា មិនទទួលបាន ជោគជ័យឡើយ ខណៈពេល កូនប្រុសទាំងពីរ របស់លោក បានសម្រេចចិត្ត មិនព្រមទៅ រស់នៅជាមួយ រូបលោកឡើយ ពោលគឺទោះបី ជាលំបាក ពួកគេនៅតែបន្ត រស់នៅជាមួយម្តាយ និងយាយដដែល ។

លោកសុះ ម៉ាច ដែលបានដើរតួ ក្នុងការសម្របសម្រួល ក្នុងរឿងនេះ បានបញ្ជាក់ ពីការខកបំណង របស់លោក ផាន សុផាត ក្នុងការនាំយក កូនប្រុសទាំងពីរនាក់ មកចិញ្ចឹមវិញ ក្នុងពេលដែល លោកបានផ្តល់ យោបល់ឱ្យ លោក ផាន សុផាត យល់ស្រប តាមគំនិត របស់កូន នេះផងដែរ ។

ក្នុងសារមួយដ៏វែង លោកសុះ ម៉ាច ប្រធានសមាគម សិល្បករខ្មែរ បានសរសេរ បង្ហោះតាម បណ្តាញសង្គម បញ្ជាក់ថា ក្តីប្រាថ្នារបស់ លោក ផាន សុផាត ក្នុងការយក កូនទាំង២ ទៅចិញ្ចឹមបីបាច់នោះ អាចនឹងខកបំណង ព្រោះខ្ញុំបាន ជួបពួកគេ ដូចនៅក្នុងរូបថត ហើយបានសួរ ចិត្តគេទាំងពីរ ដោយពួកគេ សុខចិត្តរស់នៅ ជាមួយម្តាយ និងលោកយាយ មិនទៅរស់នៅ ជាមួយប៉ាគេទេ ព្រោះពួកគេ រស់នៅ ជាមួយម្តាយ និងយាយតាំងពី តូចរហូតមក ។ លោកបន្តថា ទោះបីខ្ញុំ ពន្យល់យ៉ាងណា ក៏ពួកគេឆ្លើយ ព្រមគ្នាថា អត់ទៅនៅ ជាមួយប៉ាទេ នេះជាការ សម្រេចចិត្ត របស់ក្មេងទាំងពីរ តែមិនទាន់ដឹងថា យាយ និងម្តាយយល់ស្រប ឬជំទាស់នោះទេ តែបើតាម ខ្ញុំយល់ ម្តាយ និងយាយ របស់ពួកគេ ក៏មិនឱ្យក្មេង ទាំងពីរទៅនៅ ជាមួយឪពុកដែរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]