រតនគិរីៈ រថយន្តដឹកថ្ម ហ៊ីយ៉ានដាយ ១គ្រឿង បានបែកកង់មុខ ផ្នែកខាងស្តាំ ធ្វើឲ្យក្រឡាប់ជះថ្ម អូសទៅប៉ះម៉ូតូ ខណៈដែល បុរសម្នាក់ជិះ ម៉ូតូចេញពីផ្ទះ។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា  ឆ្នាំ២០១៤  លើ កំណាត់ផ្លូវ ជាតិលេខ៧៨ ត្រង់ចំណុច ផ្លូវកោងចុះចំណោត ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង។

បើតាមសាក្សីនៅក្បែរ កន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់បានឃើញរថយន្ត ម៉ាក់ហ៊ីយ៉ានដាយ ១គ្រឿង បើកបរដោយបុរស១ម្នាក់ មិនស្គាល់ អត្តសញ្ញាណ និងអ្នករួមដំណើរម្នាក់ បើក្នុងល្បឿន មធ្យមក្នុងទិសដៅពីលិចទៅកើត ពោលគឺទៅព្រំដែន ប្រទេសវៀតណាម ខណៈបើកមកដល់ កន្លែងកើតហេតុ បានបែកកង់មុខខាងស្តាំ ក្រឡាប់អូសទៅប៉ះ ម៉ូតូ១គ្រឿងម៉ាក ស្មាស ពណ៌ស គ្មានស្លាកលេខ។

ប្រភពខាងលើ បន្តឲ្យដឹងទៀតថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឡាវ  រងរបួសស្រាល  រីឯម៉ូតូខូចខាតទាំងស្រុង។ ក្រោយពេលកើតហេតុ អ្នកបើកបររួម និងព្រូរថយន្ត សំណាងល្អ ពុំមានរងរបួស នោះទេ  បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។

នៅរសៀលថ្ងៃដដែលនេះ នគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្ត បានចុះធ្វើការវាស់វែង ហើយនាំយករថយន្ត និងម៉ូតូទៅរក្សា ទុកនៅស្នងការដ្ឋាន នគរបាលខេត្ត រង់ចាំដោះស្រាយ តាមផ្លូវច្បាប់។ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅ សម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]