នារីជនជាតិចិន ដ៏ស្រស់ស្អាតម្នាក់ រស់នៅក្នុងទីក្រុង Chongqing ប្រទេសចិន បានធ្វើឲ្យ អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត មានការកោតសរសើរ ចំពោះនាង ខណៈនាងមានសម្រស់ស្រស់ស្អាត និងចិត្តល្អ ថែមទាំងកត្តញ្ញូ ចំពោះជីដូនចាស់ ដែលមានវ័យ៨៨ឆ្នាំ ដោយការចិញ្ចឹម និងមើលថែ ដូចកូនបង្កើតរបស់ខ្លួនអីចឹង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ចៅស្រីដែលមានសម្រស់ស្រស់ស្អាត និងកត្តញ្ញូ ចំពោះជីដូនខ្លួននោះ មានឈ្មោះថា Huang Lihua បានមើលថែជីដូនខ្លួន ដែលមានឈ្មោះថា Wan Zongsiu វ័យ៨៨ឆ្នាំ ទុកជាការសងគុណចំពោះជីដូន ដែលចិញ្ចឹមបីបាច់ និងមើលថែនាង ថែមទាំងអប់រំនាង ឲ្យដើរផ្លូវល្អ កាលនាងនៅវ័យកុមារ។

បើតាមសម្តីរបស់កញ្ញា Huang ដែលមានចិត្តកត្តញ្ញូ ចំពោះជីដូនខ្លួន បាននិយាយថា «អ្វីគ្រប់យ៉ាងដែលខ្ញុំឲ្យទៅគាត់ (ជីដូន Wan) គឺជាអ្វីគ្រប់យ៉ាង ដែលគាត់បានឲ្យមកខ្ញុំ កាលខ្ញុំនៅតូច»។




ចាប់តាំងពីជីដូនរបស់កញ្ញា Huang កាន់តែមានវ័យចំណាស់ ហើយរស់នៅតែម្នាក់ឯង នៅឯស្រុក កញ្ញា Huang បានកើតក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាព របស់ជីដូននាង។ ក្រោយមកនាង ក៏បាននាំជីដូននាង មករស់នៅក្នុងទីក្រុង ប៉ុន្តែដោយសារតែ ជីដូននាង មិនធ្លាប់រស់នៅក្នុងទីក្រុង នាងក៏បាននាំគាត់ ទៅកន្លែងធ្វើការ ជាមួយនាងទៀត ដើម្បីកុំឲ្យគាត់ មានការធុញទ្រាន់ នឹងការនៅផ្ទះតែម្នាក់ឯង។



គួរបញ្ជាក់ផងដែរថា កញ្ញា Huang បានបើកភោជនីយដ្ឋាន BBQ មួយកន្លែង ដែលភោជនីយដ្ឋាននោះ បើកតែពេលល្ងាចប៉ុណ្ណោះ ហើយជារៀងរាល់ថ្ងៃ នាងតែងតែធ្វើដំណើរ ទៅកាន់ភោជនីយដ្ឋាននោះ ជាមួយនឹងជីដូននាង។ យ៉ាងណាមិញ នៅពេលដែលលោកយាយ Wan ឈឺ កញ្ញា Huang តែងតែផ្លាស់ប្តូរវេនគ្នា ជាមួយនឹងមិត្តប្រុសរបស់នាង ដើម្បីមើលថែលោកយាយ។

ទោះបីជាយ៉ាងណាក៏ដោយ កញ្ញា Huang តែងតែជួយលុបមុខ ពាក់ស្បែកជើង និងចងសក់ ឲ្យជីដូននាងជារៀងរាល់ថ្ងៃ ដូចទៅនឹងលោកយាយ Wan បានធ្វើចំពោះនាង កាលនាងនៅពីតូចអីចឹងដែរ។




ជាមួយគ្នានេះដែរ នៅពេលដែលកញ្ញា Huang នៅកន្លែងធ្វើការ (ភោជនីយដ្ឋាន BBQ) ជីដូនរបស់នាង ពេលខ្លះអង្គុយនៅខាងក្រៅភោជនីយដ្ឋាន ដើម្បីស្រូបយកខ្យល់អាកាស ប៉ុន្តែពេលខ្លះ គាត់ក៏បានជួយកញ្ញា Huang នូវការងារស្រាលៗជាច្រើនផងដែរ៕




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះចៅស្រីកត្តញ្ញូរូបនេះ?

ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]