បរទេស៖ ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ីដែលកំពុងតែ ដំណើរការដោយ ទទ្រេតទទ្រោត និងជួបបញ្ហាហរិញ្ញវត្ថុយ៉ាងខ្លាំង ក្រោយពីការ បាត់យន្តហោះ MH370 នោះ ស្រាប់តែរឿងមួយ មិនទាន់ចប់ផង ក៏ជួបបញ្ហាថ្មីទៀត គឺការបាញ់ធ្លាក់យន្តហោះ MH17 នៅអ៊ុយក្រែន កាល ពីថ្ងៃ ទី១៧នេះ។

ខណៈដែល មិនដឹងថា តើនរណាជាអ្នកទទួលខុសត្រូវនោះ បច្ចុប្បន្ន មានសំនួរជាច្រើនត្រូវ បានចោទ សួរថាតើ ក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីនឹង អាចងើបរួចផុត ពីគ្រោះមហន្តរាយ ពីរដងជាប់គ្នាផ្ទួនៗ នេះដែរឬ ទេ ?

បើតាមអ្នកជំនាញវិភាគ លើបញ្ហាអាកាសចរណ៍ លោក Mohsin Aziz បាននិយាយថា វាជាសោកនាដកម្ម ដែលគ្មានការប្រៀបធៀប ណាមួយ ក្នុងប្រវត្ដិសាស្រ្ត ផ្លូវអាកាស ពីព្រោះ គ្មានអាកាសចរណ៍ ណាមួយដូច អាកាសចរណ៍ម៉ាឡេស៊ី ដែលបានជួបគ្រោះមហន្តរាយ ពីរដងផ្ទួនៗ ដោយរំលងគ្នា ត្រឹមតែ បួនខែ នោះឡើយ តាំងពីមានផ្លូវអាកាសចរណ៍ ដឹកអ្នកដំណើរមក។

លោក Mohsin  បានបន្តថា ចំពោះសោកនាដកម្ម លើកទីពីរនេះ គាត់គិតថាវា ពិតជាពិបាកណាស់ សំរាប់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ថាតើ អាចបន្តដំណើរការ រហូតដល់ ពាក់កណ្តាល ឆ្នាំ២០១៥ឬអត់នោះ។ ដោយសារតែ អាកាសចរនេះ ត្រូវប្រញាប់ប្រញាល់ ស្រោចស្រង់ឡើងវិញ ព្រោះតែ បានបាត់បង់ថវិកា យ៉ាងច្រើន រួចមកហើយ។ បើយោងតាមប្រភពព័ត៌មាន គឺភាគហ៊ុនរបស់អាកាសចរណ៍ម៉ាឡេស៊ី បានធ្លាក់ចុះ ៣៥% ក្នុងឆ្នាំនេះ។

លើសពីនេះទៀតនោះ លោកបន្ថែមទៀតថា ទោះបីជា គ្រោះថ្នាក់នេះ មិនទាន់ដឹងជា កំហុសនរណាក៏ដោយ ក៏ប៉ុន្តែភាគរយនៃអតិថិជន និង រារែក ក្នុងការជិះយន្តហោះ ម៉ាឡេស៊ីតទៅទៀត ព្រោះ ភាគច្រើន ប្រាកដជានិយាយថា នឹងមិនជិះយន្តហោះម៉ាឡេស៊ី ជាមិនខាន។ ដូច្នេះវាគឺ ពិបាកណាស់ សម្រាប់អាកាសចរណ៍នេះ ដើម្បីដំណើរការ តទៅមុខទៀតនោះ។  ប៉ុន្តែក្នុងនោះ លោកក៏បានលើកឡើងបន្តថា ប្រជាជននឹង អាចជិះយន្តហោះ ម៉ាឡេស៊ីទៀត ប្រសិនបើ អាកាសចរណ៍នេះ ទម្លាក់តំលៃសំបុត្រយន្តហោះ ទាបបំផុតនោះ។

គួរបញ្ជាក់ដែរថា រដ្ឋមន្ត្រីគមនាគមន៍ម៉ាឡេស៊ី លោក Liao Tiong Lai មិនបានបញ្ចេញមតិណាមួយ ទៅលើស្ថានភាពអនាគត នៃ អាកាសចរណ៍ ម៉ាឡេស៊ីនោះឡើយ កាលពីពេលគាត់ ចូលរួមក្នុងការធ្វើ សន្និសីទកាសែត  កាលពីថ្ងៃសុក្រកន្លងទៅនេះ ៕

ប្រភព៖ បរទេស
ដោយ៖  ទីន
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]