ទូរទឹកកក ជាសំភារៈបច្ចេកវិទ្យាទំនើប ដែលមនុស្សមានជីវភាពសមរម្យទូទៅចូលចិត្តប្រើប្រាស់ ដើម្បីទុកដាក់ ម្ហូបអាហារសាច់ ឲ្យរក្សាគុណភាព បានយូរ និងដាក់ភេសជ្ជៈ និងផ្លែឈើ ឲ្យ មានសភាពត្រជាក់ ងាយស្រួលពិសា និងមានរសជាតិធ្ងាញ់ ។ ក៏ប៉ុន្តែអ្នកដឹងទេថា តាមបទពិសោធន៍ អ្នកជំនាញ បង្ហាញថាមានប្រភេទ អាហារមួយចំនួនគឺមិនគួរយកទៅដាក់ ក្នុងទូរទឹកកកឡើយ ព្រោះអាច នាំឲ្យខុសគុណភាពអាហារ និងបាត់បង់ រសជាតិអាហារ ទៅវិញផងដែរ ។ ដូច្នេះអ្នកគួរយល់ដឹង ប្រភេទអាហារមួយចំនួន មិនគួរយកទៅដាក់ក្នុងទូរទឹកកក ដូចខាងក្រោមនេះ ៖

១.ផ្លែប៉េងប៉ោះ ៖ ចំពោះផ្លែប៉េងប៉ោះ នឹងបាត់បង់រសជាតិ ពេលយកទៅដាក់ក្នុងទូរទឹកកក។ ភាពត្រជាក់ក្នុងទូរទឹកកក នឹងបញ្ឈប់នូវ ដំណើរការទុំ របស់ផ្លែប៉េងប៉ោះ ហើយនឹងធ្វើបំប្លែងស្រទាប់ខាងក្រៅ របស់ប៉េងប៉ោះផងដែរ។ បើយោងតាមអ្នកជំនាញលើ អាហារនិង ការចំអិននិយាយថា សីតុណ្ណភាពត្រជាក់នឹងធ្វើឲ្យខូចនូវភ្នាសសរសៃក្នុងបន្លែផ្លែប៉េងប៉ោះ។ ដូច្នេះគួរតែទុកផ្លែប៉េងប៉ោះ ខាងក្រៅទូរទឹក កកទើបជាការប្រសើរ។

២.ដំឡូងបារាំង ៖ ការដាក់ដំឡូងបារាំង ក្នុងសីតុណ្ណភាពត្រជាក់ នឹងធ្វើឲ្យជាតិម្សៅ ក្នុងដំឡូង អាចក្លាយជាជាតិស្ករលឿនរហ័ស ដែលអាចនាំឲ្យ បាត់បង់រសជាតិរបស់ដំឡូងបារាំង។ ជៀសវាងការដាក់ដំឡូងបារាំង ក្នុងទូរទឹកកក អ្នកគួរតែទុកក្នុងប្រអប់ក្រដាសឬ កញ្ជើ ក្រៅពីទូរទឹកកក ទើបល្អ។

៣.ជីនាងវង៖ ជីនាងវង នឹងឆាប់រួញស្វិត ពេលដាក់ក្នុងទូរទឹកកក ហើយវានឹងស្រូបក្លិន អាហារនានាក្នុងទូរទឹកកកដែលនៅជិតវា ។ក្នុងនោះ បើតាមអ្នកជំនាញ បានណែនាំថាបើអ្នកចង់ទុកឲ្យជីនាងវងក្នុងពេលយូរគឺធ្វើឲ្យស្រុសវា បន្ទាប់មកដាក់វាដាក់កន្លែងកកបាន ។

៤.ខ្ទឹមបារាំង៖ ប្រសិនបើអ្នកទុក ខ្ទឹមបារាំងក្នុងទូរទឹកកក ពេលនោះភាពត្រជាក់ និងសើម នឹងធ្វើខ្ទឹមបារាំង ឡើងទន់ និង ដុះផ្សិតផង ដែរ។ ម្យ៉ាងទៀតមិនគួរទុកខ្ទឹមបារាំង និង ដំឡូងបារាំងនៅជិតគ្នាឡើយ ។

៥.ផ្លែប័រ ឬ ផ្លែឪឡឹក៖ ប្រសិនបើអ្នកចង់ឲ្យផ្លែប័រឲ្យវាឆាប់ទុំ អ្នកមិនត្រូវទុកផ្លែប័រ នៅក្នុងទូរទឹកកកនោះឡើយ ។ ពីព្រោះវាមិនងាយ ទុំឡើយពេល ក្នុងទូរទឹកកក ប៉ុន្តែអ្នកអាចរក្សាទុកផ្លែប័របានយូរបើទុកក្នុងទូរទឹកកក។ចំពោះផ្លែឪឡឹកនឹងធ្វើឲ្យបាត់នូវ វីតាមីនដែល មានមុខងារ ប្រឆាំងនូវអុកស៊ីតកម្មផងដែរ ។ 

៦.ខ្ទឹមស៖ ខ្ទឹមសបើយកទៅទុកក្នុងទូរទឹកកក ពេលនោះវានឹងឆាប់ដុះ ហើយវានឹងអាច ទាន់ជោរ និង ដុះផ្សិតផងដែរ ។ ដូច្នេះអ្នកគួរ តែទុកខ្ទឹមស ក្នុងកន្លែងស្ងួត ហើយត្រជាក់ល្មម ។

៧.នំបុ័ង ៖ ទូរទឹកកក នឹងធ្វើឲ្យនំបុ័ងស្ងួតនឹងឆាប់ឡើងរឹង ពេលដាក់ក្នុងទូរទឹកកក ហើយបើអ្នកចង់ទុកនំបុ័ង ឲ្យអាចពិសាបានពីរទៅ បីថ្ងៃអ្នកគួរតែទុកវា នៅខាងក្រៅទូរទឹកកកទើបល្អ ។

៨.ប្រេងឆាអូលីវ និង ទឹកជ្រលក់ម្ទេស ៖ អ្នកអាចទុកដាក់ប្រេងអូលីវ ក្នុងការត្រជាក់ និងស្ងួត តែអ្នកមិនគួរយកប្រេងអូលីវ ទៅដាក់ ក្នុងទូរទឹកកកនោះ ឡើយ ពីព្រោះវានឹងធ្វើឲ្យ ប្រេងនេះឡើងកកខាប់ នឹងឡើងរឹងដូចជាប័រ ដែរ ។

៩.កាហ្វេ៖ ប្រសិនបើអ្នកយកកាហេ្វ ទៅដាក់ទុកក្នុងទូរទឹកកក បន្ទាប់មកកាហ្វេនឹង បាត់បង់រសជាតិធ្ងាញ់របស់វា ហើយវានឹងបង្កើត ជាក្លិន ពេញក្នុងទូរទឹកកក ។ បើចង់ទុកឲ្យកាហ្វេនៅតែរក្សាបានរសជាតិឆ្ងាញ់ អ្នកគួរតែទុកវានៅសីតុណ្ណភាពត្រជាក់ល្មម និងមិនត្រូវ ថ្ងៃផងដែរ ។

១០.ស្រា ៖  ជាតិអាល់កុល ឬស្រាដែលជា សារធាតុរាវ ខ្លាំងគេច្រើនតែទុកដាក់ នៅបន្ទប់មានសីតុណ្ណភាពល្មម និងកន្លែងងងឹត ។ផ្ទុយពី ការយកទៅដាក់ក្នុង ទូរទឹកកក ដែលមានសីតុណ្ណភាព ត្រជាក់ខ្លាំង និង មានសំនើមនិងពន្លឺផងដែរ ។

១១.ទឹកឃ្មុំ ៖ សំរាប់ទឹកឃ្មុំ បើចង់ទុកបានមិនយូរ គឺមិនត្រូវចាំបាច់យកទឹកឃ្មុំ ដាក់ក្នុងទូរទឹកកកឡើយ ។ ទឹកឃ្មុំនឹងរក្សាគុណភាពល្អ ជានិច្ច ដោយអ្នកគ្រាន់តែបិតក្របវាជិតល្អបានហើយ ។ ប្រសិនបើអ្នកយកទឹកឃ្មុំទៅទុកក្នុងទូរទឹកកក ទឹកឃ្មុំ នឹងឡើងកកក្រាម ជាមិន ខានទេ ។ 

ដូច្នេះអ្នកគួរតែបែងចែករវាង ម្ហូបអាហារ ណាដែលគួរតែដាក់ចូលក្នុងទូរទឹកកក និង អាហារណាមិនគួរដាក់ចូលទូរទឹកកកឲ្យបានត្រឹមត្រូវ ទើបមិនអាចធ្វើខូចគុណភាព ដែលអ្នកត្រូវពិសា ៕ 


ប្រភព៖ បរទេស

ដោយ៖ ទីន

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]