ភ្នំពេញ៖ បន្ទាប់ពីកញ្ញា គង់ ច័ន្ទស្រីមុំ បានរៀបចំពិធីឡើងវីឡាថ្មី តម្លៃជិត៣០ម៉ឺន ដុល្លារ មិនបានប៉ុន្មានថ្ងៃផង ស្រីស្រស់រូបនេះ បានបង្ហាញតម្រុយនឹង ត្រៀមខ្លួនដឹកដៃសង្សារ លោក កឹម សីហា ចូលរោងការទទួលពរជ័យ តាមប្រពៃណីនៅ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដើម្បីបញ្ចប់ ភាពមន្ទិលសង្ស័យ ទាំងឡាយ និងច្រានចោលដំណឹងបែកបាក់ ដែលតែងតែបោកបក់ មកលើរូបនាង និងគូសង្សារ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលតារាសម្តែងស្រីស្អាត សាច់សម៉ដ្ឋរលោង កញ្ញា គង់ ច័ន្ទស្រីមុំ បានសម្ងំបង្កាត់ភ្លើងស្នេហា ជាមួយតារា សម្តែងដូចគ្នា គឺ លោក កឹម សីហា ប៉ុន្តែគូស្នេហ៍មួយនេះ មិនដែល បានបង្ហើបពី គម្រោងរៀបការ ប្រាប់ដល់ សាធារណៈ និងអ្នកគាំទ្រឡើយ បើទោះជាមានសំណួ រជាច្រើន ពីទស្សនិកជន ចោទសួរពួកគេ ពីរឿងនេះក៏ដោយ ។ ជារឿយៗ គូស្នេហ៍មួយនេះ តែងតែបដិសេធ មិនទាន់មាន គម្រោងរៀបការទេ ដោយសារតែ មានការមមាញឹក ជាមួយការងាររៀងៗខ្លួន ទើបធ្វើឲ្យពួកគេ ពន្យារពេលរៀបការ ដោយមិនដឹងថា ខែណា ឆ្នាំណាឡើយ ។

ក្រោយពី ស្រីមុំ បានរៀបចំពិធី ឡើងវីឡាថ្មី មានតម្លៃ ជិត៣០ម៉ឺនដុល្លារ កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅស្រាប់តែនាង ធ្វើឲ្យទស្សនិក ជនជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបាន បង្ហាញពីតម្រុយ ត្រៀមរៀបការជាមួយ សង្សារបណ្តូលចិត្ត ក្រោយពីពួកគេបាន ចំណាយ ពេលវេលាជា ច្រើនឆ្នាំ ដើម្បីសាងស្នេហ៍ ឲ្យកាន់តែផ្អែមល្ហែម និងបានទិញវីឡាថ្មី ដែលជាទ្រនំសម្រាប់ ពួកគេរួមរស់ជាមួយគ្នា យ៉ាងផ្អែមត្រជាក់ ។

ថ្មីៗនេះតារាស្រីរូបស្រស់ ប្រៀបដូចជាបុប្ផាកំពុង ក្រពុំ កញ្ញា គង់ ច័ន្ទស្រីមុំ បានរំលេចរូបថត នាងនិងសង្សារជាច្រើនសន្លឹក ដោយពួកនាងបាន គ្រងឈុត កូនក្រមុំកូនកំលោះ បង្អួតអ្នកគាំទ្រ និងទស្សនិកជន នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ដោយបានសរសេរ សារជា ភាសាអង់គ្លេសយ៉ាងខ្លីថា “Too be bride soon !!!” ដែលមានន័យថា “នៅក្នុងពេលឆាប់ៗនេះ នាងនឹងក្លាយជាកូនក្រមុំ” ខណៈដែលកន្លងមក ធ្លាប់ មានព័ត៌មាន លេចឮថាស្នេហារបស់នាង កំពុងតែមានអ្នកទីបី ចូលជ្រៀតជ្រែក។

ទាក់ទងនឹងរឿងស្នេហា កំពុងតែជួបបញ្ហា ដោយសារមានអ្នកទីបី ជ្រែកស្នេហ៍នោះ ត្រូវបានតារាស្រី សម្បូរមន្តស្នេហ៍ កញ្ញា គង់ ច័ន្ទស្រីមុំ ប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងកាល ពីពេលថ្មីៗនេះថា ដោយនាងបានចេញមុខ អះអាងពី ចំណងស្នេហ៍ របស់នាង និងគូស្នេហ៍ថា បច្ចុប្បន្ន សម្ព័ន្ធភាពស្នេហារវាងនាង និង លោក គឹម សីហា នៅតែ មានភាពផ្អែមល្ហែម ល្អដូចដើម ពុំមានអ្វីប្រែប្រួល នោះទ្បើយ។ ចំណែករឿងដែល គេថា ទំនាក់ទំនងរបស់នាង និង លោក សីហា មានការរង្គោះរង្គើនោះ គឺមិនមែនជាពិតទេ។

តារាសម្តែងរូបស្រស់ កញ្ញា ស្រីមុំ បានបញ្ជាក់ថា "ចាស បង! ខ្ញុំទទួលថា រាល់ ថ្ងៃនេះគឺពិត ជាមានអ្នក តាមស្រទ្បាញ់ច្រើន ទាំងអ្នករស់នៅក្នុង និងក្រៅស្រុក តែភាគច្រើន គឺអ្នករស់នៅ សហរដ្ឋអាមេរិក និង អង់គ្លេស ប៉ុន្តែខ្ញុំមិនយកចិត្តទុកដាក់ ជាមួយទ្បើយ ព្រោះបេះដូងខ្ញុំ គឺមានបងសីហា រួចទៅហើយ" ។

បើទោះជាស្រីស្រស់រូបនេះ ចេញមុខការពារស្នេហា និងអះអាងថា ស្នេហា នៅតែរីកស្រស់ គ្មានភាពល្អក់កករ ក៏ដោយ ប៉ុន្តែនាង មិនបានបញ្ជាក់ ប្រាប់ពីគម្រោងត្រៀមខ្លួន រៀបការ ជាមួយគូស្នេហ៍ ដូចអ្វីដែលនាងបង្ហាញ ជាសាធារណៈ នៅលើបណ្តាញ Facebook ឡើយ ទំនងជាងនាងមាន ចេតនា ចង់ឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ហើយមើលទៅ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]