ចិន៖ ជាធម្មតា មនុស្សទូទៅ ចូលចិត្តពិសារទឹកក្រូចស្រស់ ឬក៏ទឹកធម្មតា នៅពេលដែលពួកគេ ចង់ថែរក្សាស្បែក និងសុខភាព ប៉ុន្តែចម្លែក តែនៅប្រទេសចិន បានផឹកទឹកនោមទៅវិញ ដែលពួកគេជឿជាក់ថា វាបានផ្តល់ប្រយោជន៍យ៉ាងច្រើន ទៅដល់សុខភាព។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅពេលថ្មីៗនេះ ប្រជាជននៅក្នុងប្រទេសចិន បានជឿជាក់ថាទឹកនោម ជាទឹកដែលផ្តល់ផលប្រយោជន៍ ដល់រាងកាយជាងគេ ហើយអាចប្រើជាថ្នាំប៉ូវ ឬក៏ព្យាបាលជំងឺ ដែលមានប្រសិទ្ធភាព ដូចជា ព្រុយត្រីឆ្លាម និងកង្កែបរស់ដែរ។ ទោះបីជាទឹកនោម ជារបស់ដែលគួរឲ្យខ្ពើមរអើម និង ជាកាកសំណល់ជាតិពុល ដែលចេញពីរាងកាយ យ៉ាងណាក៏ដោយ ក៏មានប្រជាជនចិន ប្រមាណជាង ១សែននាក់ បែរជាមានការ ជឿជាក់ទៅលើប្រសិទ្ធិភាព របស់វាយ៉ាងងុបងុល ទៅវិញ។

គេក៏បានបង្កើត ជាសមាគមន៍មួយ ដែលមានឈ្មោះថា សមាគមន៍ព្យាបាលដោយទឹកនោមប្រទេសចិន ដែលមានសមាជិកដល់ទៅ១,០០០នាក់។ សមាគមន៍នេះដែរ ត្រូវបានបង្កើតឡើង ដោយវិស្វករ ចូលនិវត្តន៍ម្នាក់ ឈ្មោះ Bao Yafu អាយុ៧៩ឆ្នាំ ដែលគាត់បានពិសារទឹកនោមខ្លួនឯង ដែលមានបរិមាណតិចៗ ប៉ុណ្ណោះ ៣កែវក្នុងមួយថ្ងៃៗ អស់រយៈពេល២២ឆ្នាំមកហើយ។

ជាមួយគ្នានេះដែរ លោក Bao បាននិយាយថា “ការផឹកទឹកនោម ពិតជាមានផលល្អដល់ សុខភាពពិតមែន ព្រោះខ្ញុំមិនដែលមានជំងឺផ្តាសាយទេ រយៈពេល២២ឆ្នាំមកហើយ ចំណែកឯភ្នែករបស់ខ្ញុំ ក៏ភ្លឺជាងមុន ហើយនៅលើមុខរបស់ខ្ញុំ គ្មានស្នាមអុចខ្មៅនោះទេ”។ ប្រសិនបើការពិសារទឹកនោម ៣កែវរបស់គាត់ក្នុងមួយថ្ងៃៗ មិនគ្រប់គ្រាន់ទេនោះ គាត់នឹងប្រើវាសម្រាប់លុបមុខ ថែមទៀតផង។

យ៉ាងណាមិញ តាមការពិនិត្យបានឲ្យដឹងថា ឆ្អឹងរបស់លោក Bao គឺដូចជាមនុស្សប្រុស ដែលមានវ័យត្រឹមតែ៤០ឆ្នាំប៉ុណ្ណោះ។ ដោយសារតែលទ្ធផល នេះហើយ ទើបធ្វើឲ្យប្រជាជនចិន ជាច្រើន ជឿជាក់ទៅលើប្រសិទ្ធិភាព របស់ទឹកនោមដូច្នេះ។

បញ្ជាក់៖ ទោះជាយ៉ាងណា នេះគ្រាន់តែជាការ អះអាង ពីសំណាក់ ប្រជាជន មួយចំនួន តូច នៅក្នុងប្រទេសចិន ដែលពួកគេ មានការជឿជាក់បែបនេះ ប៉ុណ្ណោះ ហើយក៏មិនមាន ការបញ្ជាក់ត្រឹមត្រូវណាមួយ ពីគ្រូពេទ្យ ឬ ផ្នែក វេជ្ជសាស្ត្រ ថា ទឹកនោម អាចមាន ផលល្អ ណាមួយ ដល់សុខភាពមនុស្ស នោះដែរ៕





តើប្រិយមិត្ត យល់យ៉ាងណាដែរ? ជឿ ឬមិនជឿ លើប្រសិទ្ធិភាព របស់ទឹកនោម សម្រាប់សុខភាពដូចនេះ?

ប្រភព៖ asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]