អាមេរិក៖ មនុស្សភាគច្រើន ចូលចិត្ត ប្រើប្រាស់ដុំទឹកកកអនាម័យធម្មតា មានតម្លៃសមរម្យ សំរាប់ដាក់ក្នុងភេសជ្ជៈ ប៉ុន្តែក៏មាន ប្រភេទដុំទឹកកក អនាម័យ ល្អប្រណិត ឥតខ្ចោះ ដែលមានតម្លៃលើសពី ៣០០ដុល្លារ សំរាប់អ្នកដែលអាច មានលទ្ធភាពខ្ពស់ ថែមទៀតផង ។

តាមសារព័ត៌មានបញ្ជាក់ថា  ទឹកកកយ៉ាងប្រណិត មានលក្ខណៈច្នៃប្រឌិតថ្មីនេះ ត្រូវបាន ផលិតដោយ ក្រុមហ៊ុនផលិតទឹកកក ឈ្មោះ Glace Ice ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ទឹកកកនេះ សំរាប់បម្រើ ក្នុងកម្មវិធីរបស់ តារាល្បីៗ និង សេដ្ឋី ។ ក្រុមហ៊ុននេះ លើកឡើងថា ទឹកកក ត្រូវបានផលិតឡើង និង ឆ្លាក់ដោយដៃ ហើយវានឹង អាចផ្តល់សុខភាពល្អ និង មិនងាយ រលាយ ហើយមិនអាច ប្តូររសជាតិ ភេសជ្ជៈឡើយ។ ប៉ុន្តែតម្លៃដ៏ថ្លៃរបស់ ទឹកកកនេះ គឺ មួយកញ្ចប់មាន តែ ទឹកកក ៥០ ដុំ ហើយ មានតម្លៃរហូតដល់ ៣២៥ ដុល្លារអាមេរិក ។

ក្រុមហ៊ុននេះ បានបញ្ជាក់ទៀតថា ការផលិតទឹកកកតាមបែបចាស់ដោយ ប្រើប្រាស់ ទឹកធម្មតាដែលមិនមែនជាទឹកបរិសុទ្ធ វាអាច បំផ្លាញសុខភាព មនុស្សបាន។ ម្យ៉ាងទៀត ភេសជ្ជៈដែលមានគុណភាព ចាំបាច់ត្រូវតែប្រើប្រាស់ជាមួយនឹង ទឹកកកដែលមាន គុណភាពល្អដែរ និងមិនបន្សាប ជាតិភេសជ្ជៈទាំងនោះ។ ចំពោះ ទឹកកករបស់ ក្រុមហ៊ុន Glace នេះគឺបានកាត់ ចេញពី ដុំទឹកកកសុទ្ធ ដ៏ធំ ដែលបាន ធ្វើពីទឹក បរិសុទ្ធ ដែលកក ល្អបំផុត ហើយ បានធ្វើឲ្យទឹកកកទាំងនោះមាន រូបរាងថ្លាល្អឥតខ្ចោះ ។  

ហើយបន្ទាប់មក គេបានយកទឹកកកទំាងនោះជាដុំរាង បួនជ្រុង និង ដុំមូល។ ចំពោះរាងបួនជ្រុង មានប្រវែង ម្ខាងៗនៃទឹកកក គឺប្រមាណជា ៦.៥ សង់ទីម៉ែត្រ ហើយអាចទុកក្នុងទឹកភេសជ្ជៈបានរហូតដល់ ៤០ នាទីឯណោះ។ រីឯទឹកកក រាងដុំមូលអាច ទុកក្នុងភេសជ្ជៈរហូតដល់ពី ២០ ទៅ៣០ នាទី ទៅតាមទំហំទឹកកក ។ ទឹកកក ទាំងនេះត្រូវបានដាក់ក្នុង កញ្ចប់បិទជិត យ៉ាងល្អ មិនឲ្យមានមេរោគចូលបានឡើយ ។ 

គួរបញ្ជាក់ផងដែរថា លោក Roberto Sequeira គឺជាអ្នករកឃើញ ផលិតផលទឹកកក ប្រណិតបែបនេះ  ដែលគាត់ជា គ្រូបង្រៀន ក្នុងសាលាជំនួញ ដែលតែងតែ គិតរកគំនិត ក្នុងការរកស៊ីជានិច្ច។ បន្ទាប់មកគាត់ក៏នឹកឃើញ ការរកស៊ី តាមការបង្កើត ទឹកកកបែបប្រណិត នេះហើយអាច លក់ក្នុងតម្លៃថ្លៃបានទៀតផង៕




រូបភាពៈ ដុំទឹកកក និងកញ្ចប់ដាក់ទឹកកកប្រណិតនេះ 

 

ប្រភព៖  បរទេស

សម្រួលដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]