ប្រសិនបើលោកអ្នក ធុញទ្រាន់នឹងការស្នាក់នៅ ក្នុងសណ្ឋាគារប្រណិតទំនើបៗ អ្នកប្រហែលជាចង់សាកល្បង ស្នាក់នៅសណ្ឋាគារប្លែកៗ ដែលមានតែមួយគ្មានពីរ និង ចម្លែកៗ ទៀតផង។ ថ្ងៃនេះខ្មែរឡូត នឹងនាំអារម្មណ៍លោកអ្នក ទៅទស្សនាសណ្ឋាគារចម្លែកៗ មានតែមួយគ្មានពីរ សម្រាប់ការស្នាក់នៅ នាពេលសម្រាកលំហែកាយទាំងអស់គ្នា។

ចង់ដឹងថា សណ្ឋាគារទាំងនោះ ចម្លែកៗយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖

១. CasAnus

CasAnus គឺជាកន្លែងស្នាក់នៅ ដែលធ្វើឡើងដូចទៅនឹងរូបរាង ពោះវៀនរបស់មនុស្ស ដែលមានទីតាំងស្ថិតនៅទីក្រុង Kemzeke ប្រទេសប៊ែលហ្សិក។ វាត្រូវបានបង្កើតឡើងដោយ Joep Van Lieshout ដែលនៅក្នុងពោះវៀនមួយៗ មានគ្រែគេង២ ម៉ាស៊ីនកំដៅ ទឹកផ្កាឈូក និងបង្គន់ផងដែរ ហើយបន្ទប់គេងត្រូវបានគេធ្វើឡើង មានសណ្ឋានដូចទៅនឹងរូងភ្នំ ដែលមានលក្ខណៈ ដូចធម្មជាតិពិតៗដូច្នោះដែរ។

២. Das Park Hotel

សណ្ឋាគារ Das Park មានទីតាំងស្ថិតនៅទីក្រុង Linz ប្រទេសអូទ្រីស ដែលធ្វើឡើងពីបំពង់លូ ដោយនៅក្នុងនោះមានគ្រែមួយ ហើយត្រូវបាន គេរចនាឡើង យ៉ាងស្រស់ស្អាតផងដែរ។ សណ្ឋាគារនេះត្រូវបានគេធ្វើឡើង នៅក្នុងឧស្យានមួយកន្លែង ហើយចំនែកឯបន្ទប់ទឹកគឺគេធ្វើឡើង នៅខាងក្រៅក្បែរៗនោះ ថែមទាំងមានហាងកាហ្វេ នៅជិតនោះទៀតផង។

៣. Palacio de Sal

សណ្ឋាគារនេះ ស្ថិតនៅក្នុងប្រទេសបូលីវី ដែលមានទីតាំងនៅភាគខាងត្បូង Great Salar de Uyuni ត្រូវបានគេសាងសងឡើង ពីអំបិលទាំងស្រុង ទាំងជញ្ជាំង ទាំងពិដាន និងផ្ទៃខាងក្រោម។ សូម្បីតែគ្រែគេង និងកៅអី ក៏ធ្វើពីអំបិលដែរ ហើយនៅក្នុងបន្ទប់នីមួយៗ សុទ្ធតែមានបន្ទប់ទឹក។

៤. Dog Bark Park Inn

ប្រសិនបើអ្នក ជាអ្នកដែលស្រលាញ់សត្វឆ្កែនោះ សណ្ឋាគារនេះគឺពិតជាសាកសម នឹងអ្នកខ្លាំងណាស់ ព្រោះតែវាធ្វើឡើង មានរូបរាង ជារូបសត្វឆ្កែ។ វាមានទីតាំងស្ថិតនៅទីក្រុង Cottonwood រដ្ឋ Idaho សហរដ្ឋអាមេរិក ដែលមានបន្ទប់គេងចំនួន៤ ហើយបន្ទប់នីមួយៗ មានmicrowave ម៉ាស៊ីនត្រជាក់ សៀវភៅ ហ្គេម និងល្បែងរូបផ្គុំ ប៉ុន្តែគ្មានទូរទស្សន៍ និងទូរស័ព្ទនោះទេ។

៥. The Hobbit Motel

The Hobbit Motel មានទីតាំងស្ថិតនៅក្នុងឧស្យាន Woodlyn ប្រទេសញ៉ូវហ្សេឡេន ដោយធ្វើនៅក្នុងដីជំរាល ដែលមានបំពាក់ទៅដោយ គ្រឿងសង្ហារឹមគ្រប់បែបយ៉ាង ហើយអាចស្នាក់នៅបានរហូតដល់ទៅ៦នាក់។

៦. Null Stern Hotel

Null Stern Hotel គឺជាសណ្ឋាគារ លំដាប់ផ្កាយសូន្យ ដំបូងគេបង្អស់នៅពិភពលោក ដែលមានទីតាំងស្ថិតនៅ Teufen រដ្ឋ Appenzellerland ប្រទេសស្វីស ត្រូវបានសាងសង់ឡើង នៅក្នុងលានដ្ឋានសង្គ្រាមត្រជាក់ និងមិនមានបង្អួចនោះទេ។ ចំនែកឯបន្ទប់ទឹក គឺប្រើប្រាស់រួម ហើយមានកន្លែងអង្គុយលេងមួយ និងមានបន្ទប់ធំៗ ចំនួន ២ ដែលអាចដាក់មនុស្ស បានរហូតដល់ទៅ ១៤នាក់។

៧. Capsule Hotels

សណ្ឋាគារ Capsule គឺមានការពេញនិយមណាស់ នៅប្រទេសជប៉ុន ព្រោះតែវាទំហំតូច និងមានតម្លៃថោកសមរម្យ ត្រឹមតែ២៥ទៅ៥០ដុល្លារ ប៉ុណ្ណោះ ក្នុងមួយយប់ ហើយមានបំពាក់ទៅដោយទូរទស្សន៍ អ៊ិនធើណិតឥតខ្សែ ប៉ុន្តែគេមិនអនុញ្ញាតឲ្យបរិភោគនៅក្នុងនោះទេ។

៨. សណ្ឋាគារទឹកកក

ប្រសិនបើអ្នកកំពុង តែស្វែងរកនូវបទពិសោធដ៏អស្ចារ្យ ក្នុងការស្នាក់នៅនោះ សណ្ឋាគារទឹកកកជាជំរើសដ៏ល្អបំផុត។ សណ្ឋាគារនោះ ត្រូវបានកសាងឡើង នៅរៀលរាល់រដូវរងា នៅប្រទេសស៊ុយអ៊ែត វាមាន៦៥បន្ទប់ ដែលមានគ្រែធ្វើពីទឹកកក។

៩. សណ្ឋាគារម៉ាស៊ីន V8 (V8 Hotel)

សណ្ឋាគារម៉ាស៊ីន V8 មានទីតាំងស្ថិតនៅ Meilenwerk ប្រទេសអាល្លឺម៉ង់ ដោយក្នុងបន្ទប់នីមួយៗ មានបំពាក់ទៅដោយសំភារៈ ដែលមានរាងជារថយន្ត ដូចជាគ្រែធ្វើពីរថយន្ត Mercedes និងមានម៉ាស៊ីនចាក់ស៊ីឌី ហើយនឹងផ្តល់នូវសេវាឥតគិតថ្លៃ មួយចំនួនដូចជា អ៊ិនធើណិតគ្មានខ្សែ កន្លែងចតរថយន្ត និងសេវាបោកគក់ផងដែរ។

១០. Forest Hut Hotel

សណ្ឋាគារនេះ ស្ថិតនៅ Kolarbyn ប្រទេសស៊ុយអ៊ែត ដែលធ្វើឡើងនៅក្នុងព្រៃ នៅលើដើមឈើ ដែលមានលក្ខណៈដូចជាផ្ទះដើមឈើ មានទេសភាពស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ ហើយនៅពេលដែលទៅស្នាក់នៅទីនោះ ត្រូវស្វែងរកអាហារដោយខ្លួនឯង គឺគេផ្គត់ផ្គង់តែកន្លែងស្នាក់នៅតែប៉ុណ្ណោះ៕

តើប្រិយមិត្ត ពេញចិត្ត និងចង់ទៅស្នាក់នៅ សណ្ឋាគារមួយណាក្នុង ចំណោមសណ្ឋាគារ១០នេះ ហើយឬនៅ?

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]