ភ្នំពេញ៖ ទស្សនិកជនជាច្រើនពាន់នាក់ ដែលទន្ទឹងរង់ចាំមើលភាពយន្តថៃដ៏ល្បី "ខ្ញុំខ្លាចហើយម៉ែណាត" (Make Me shhunder II) បានស្ងប់ចិត្តហើយ បន្ទាប់ពីរឿងបញ្ចាំងជាស្ថាពរ នៅថ្ងៃទី១៥ ខែ ឧសភា កន្លងទៅ ។កាន់តែគួរឲ្យ រំភើបជាងនេះទៅទៀត គឺវត្តមាន តារាសម្ដែងថៃ ក្មេងៗ និងស្រស់សង្ហា បានបង្ហាញវត្តមានមុខ ខ្សែភាពយន្តត្រូវ បានចាក់បញ្ចាំង ។ ទស្សនិកជនទៅទទួលស្វាគមន៍ តារាសម្ដែងក្មេងៗទាំងនោះ ស្របពេលមានពាក្យសម្ដីឌឹដង ផ្លែផ្កាគ្នាពេញ បណ្ដាញសង្គមហ្វេសបុក តែមិនមែនជាបញ្ហា សម្រាប់ខ្សែរឿង ដ៏ល្បីនេះទេ ព្រោះមកទល់នៅពេលនេះ រឿងថៃដ៏ល្បីនេះ នៅតែមានអ្នកទស្សនាច្រើន រហូតដល់ទៅទិញសំបុត្រមើល មិនបាន អ្នកខ្លះត្រូវកក់ទុកមុន ឯតំលៃសំបុត្រវិញ៥ដុល្លារ ។

ជារឿងគួរឲ្យអស្ចារ្យមួយ ដែលខ្សែរឿងមួយដ៏ល្បីល្បាញ ប៉ុន្តែក្រោយពីទស្សនាហើយ បែរជាទស្សនិកជន មួយចំនួនគ្រវីក្បាល ហួសចិត្តទៅវិញ រួចពួកគេនិយាយថា ស្ពតល្អមើលអស់ទាស់ តែសាច់រឿងមើលមិនកើត ។ យុវជនម្នាក់ជានិស្សិតនៃសាកវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ បាននិយាយថា រូបគេប្រើពេល៥ថ្ងៃ ទំរាំបានទិញសំបុត្រចូលទស្សនារឿង "ខ្ញុំខ្លាចហើយម៉ែណាត" ព្រោះឮគេល្បីថា ល្អមើលណាស់ និងមានការផ្សព្វផ្សាយនានាជាច្រើន ។

ប៉ុន្តែសាច់រឿងហាក់ប្លែកខុសគេ ដូចជាមិនសមតំលៃសំបុត្រ ចូលទស្សនាទាល់តែសោះ ព្រោះសាច់រឿង មានរយៈពេល១១៨នាទី ល្អមើលមានប្រហែលជា បីទៅបួនឈុតប៉ុណ្ណោះ ។ ចំណែកឯឈុតដទៃ ហាក់មិនសូវល្អមើលព្រោះរឿងនេះ ជារឿងកំប្លែង បែរជាមិនកំប្លែងប៉ុន្មាន ចាញ់កាលវគ្គ១ដាច់ និងរឹតតែចាញ់រឿង "ភីម៉ាក" ដាច់តែម្ដង ។ យុវជននោះបន្តថា មើលហើយស្ដាយលុយណាស់ ស្ដាយទាំងការខំព្យាយាមរង់ចាំមើល ទៀតផង។

ចំណែកឯតារា ហ្វេសប៊ុក PeyPeyDy បានប្រើប្រាស់ ហ្វេសប៊ុករបស់ខ្លួន និយាយថា "ឃើញគេផ្អើលមើល ខ្ញុំខ្លាចហើយម៉ែណាត រហូតគ្មានសំបុត្រមើល ត្រូវកក់សំបុត្រ ទើបបានមើល នឹកស្មានថាល្អមើលខ្លាំងណាស់ តែពេលមើលហើយ មានអារម្មណ៍ថា សាច់រឿងមិនសូវប្រទាក់ក្រឡា ដូចជា "ភីម៉ាក" និង "Make Me shhunder I" សោះ ហើយក៏មិនសូវមាន កន្លែងសើចដែរ មើលឡើងដេកលក់៣ដង ។ មិនមែននិយាយហ្នឹងបានន័យថា រឿងហ្នឹងមិនល្អមើលទេ គ្រាន់តែអស់សង្ឃឹម ចំពោះការទន្ទឹងរង់ចាំមើល ព្រោះគិតថា អាចនឹងសើច ពីដើមដល់ចប់ តែខុសស្រឡះ ។

គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង "ខ្ញុំខ្លាចហើយម៉ែណាត" បន្ទាប់ពីទស្សនិកជាច្រើន បានទស្សនាហើយ សុទ្ធតែរអ៊ូរទាំ គ្រប់ៗ ព្រោះវាបានបំផ្លាញអារម្មណ៍ល្អៗ និងការរង់ចាំ ដ៏យូររបស់ខ្សែភាពយន្តមួយនេះ និងបានបញ្ជាក់ថា រឿងបរទេស មិនប្រាកដថា ល្អមើលទាំងស្រុង ដូចរឿងក្នុងប្រទេសយើងឡើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]