បាត់ដំបងៈភ្លៀងផ្គរមួយមេ មានរន្ទះបាញ់ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៣និង៤០នាទី រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅ ចំណុច ភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី ត្រូវបានសមត្ថកិច្ចចុះពិនិត្យមើល រួចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នោះមាន ទី១ឈ្មោះ ប៊ុន ឌីម ភេទប្រុស អាយុ ២២ឆ្នាំ ទី២ ឈ្មោះ ភន ម៉ាប់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិខាងលើ។

ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុយុវជនទាំង២នាក់ បាននាំគ្នាទៅភ្ជួរស្រែ រហូតដល់ម៉ោងកើតហេតុ ក៏មានភ្លៀងមួយមេធំ លាយឡំនិងរន្ទះ ពួកគេក៏បាននាំគ្នា ទៅជ្រកភ្លៀងនៅក្រោមដើមឈើ១ដើម ភ្លាមៗនោះក៏ស្រាប់តែមានរន្ទះបាញ់១គ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីកើតហេតុហើយ អ្នកភូមិមានការភ្ញាក់ផ្អើល បាននាំគ្នាទៅមើល រួចផ្តល់ជូនព័ត៌មាន ដល់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យ សពជនរងគ្រោះ រួចបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អាជ្ញាធរមូលដ្ឋាន ក៏បានធ្វើការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋថា ពេលមានភ្លៀងម្តងៗបងប្អូន ត្រូវរត់រកទីទួលមានសុវត្ថិភាព ឲ្យបានឆាប់បំផុត ត្រូវបិទទូរស័ព្ទ វិទ្យុ កុំជ្រក ក្រោមដើមឈើ ឬនៅជិតដែកឲ្យសោះ ដើម្បីបញ្ជៀសកុំឲ្យមានគ្រោះថ្នាក់ដល់បាត់បង់ជីវិតទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]