រាជធានីភ្នំពេញ ៖ ការអនុវត្តប្រមូលពន្ធលើ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៤ ត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១៩ ឧសភា រហូតដល់ថ្ងៃទី៣១ ធ្នូ២០១៤ ។ នេះបើតាមសេចក្តីជូន ដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះហត្ថលេខាដោយ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ កាលពីថ្ងៃទី១៦ ឧសភា ដោយយោងតាម ប្រកាសលេខ៥៤៨ សហវ.ប្រក ចុះថ្ងៃទី៧ ឧសភា ឆ្នាំ២០១៤ ។

ការបង់ពន្ធក្នុងឆ្នាំ២០១៤នេះ ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ ត្រាក់ទ័រ និងគ្រឿងចក្រប្រហាក់ប្រហែល ជលយាន អូប័រ រថយន្តដឹកទំនិញ រុឺម៉កសណ្តោង និងរថយន្តដឹកអ្នកដំណើរ អាចដាក់លិខិតប្រកាស និងបង់ពន្ធនៅនាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាណាមួយនៃ ធនាគារកាណាឌីយ៉ា ក.អ ឬធនាគារអេស៊ីលីដា ភីអិលស៊ី ដោយតម្រូវឱ្យមានឯកសារដែលពាក់ព័ន្ធ នឹងមធ្យោបាយដឹកជញ្ជូន និងយានជំនិះរបស់ខ្លួន ព្រមទាំងឯកសារបញ្ជាក់ ពីម្ចាស់កម្មសិទ្ធិយានជំនិះទាំងនោះ ។

សម្រាប់មធ្យោបាយដឹកជញ្ជូន និងយានជំនិះដែលបានចុះបញ្ជី និងមានស្លាកេលខ ត្រូវបំពេញលិខិតប្រកាស បង់ពន្ធចំនួន២ច្បាប់ ប័ណ្ណសម្គាល់យានយន្ត ថតចម្លង១ច្បាប់ និងអត្តសញ្ញាណប័ណ្ណ សម្គាល់ខ្លួន ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើត របស់ម្ចាស់យានយន្តថត ចម្លង១ច្បាប់ ។ ចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះដែលមានស្លាកលេខ បណ្តោះអាសន្ន ឬទើបតែនាំចូល ហើយកំពុងចរាចរណ៍ ត្រូវបំពេញលិខិតប្រកាសពន្ធចំនួន២ច្បាប់ បង្កាន់ដៃបញ្ជាក់ការបង់ពន្ធនាំ ចូលថតចម្លង១ច្បាប់ និងអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើត របស់ម្ចាស់យានយន្តថតចម្លង១ច្បាប់ ។

ដោយឡែក មធ្យោបាយដឹកជញ្ជូន និងយានជំនិះដែលមិនទាន់ចុះបញ្ជី ត្រូវបំពេញលិខិត ប្រកាសបង់ពន្ធចំនួន២ច្បាប់ លិខិតបញ្ជាក់ពីការកាន់កាប់ និងប្រើប្រាស់យានយន្តពី អាជ្ញាធរឃុំ-សង្កាត់ (ច្បាប់ដើម) ចំនួន១ច្បាប់ និងអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើត របស់ម្ចាស់យានយន្តថតចម្លងមួយច្បាប់ ។ ចំពោះរថយន្តដឹកទំនិញ រុឺម៉កសណ្តោង និងរថយន្តដឹកអ្នកដំណើរ ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះដែលបានចុះបញ្ជី និងមានស្លាកលេខ ត្រូវបំពេញលិខិតប្រកាស ពន្ធចំនួន២ច្បាប់ ប័ណ្ណសម្គាល់យាន យន្តថតចម្លង១ច្បាប់ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តថត ចម្លង១ច្បាប់ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើត របស់ម្ចាស់យានយន្ត ថតចម្លង១ច្បាប់ ។

ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះមានជម្រើស អាចស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ សម្គាល់ការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានយន្តរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការបង់ពន្ធសម្រាប់ ឆ្នាំសារពើពន្ធខាងមុខទៀត ដោយត្រូវគូសក្នុងប្រអប់មានបង្ហាញ នៅក្នុងលិខិតប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៤ ដើម្បីងាយស្រួលសម្រាប់ម្ចាស់ យានយន្តមិនចាំបាច់ បំពេញលិខិតប្រកាសពន្ធ សាជាថ្មីសម្រាប់បង់ពន្ធឆ្នាំបន្ត បន្ទាប់ខាងមុខ ។ ការស្នើសុំនេះមាននៅនាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅតាមសាខា ពន្ធដារខេត្ត-ខណ្ឌ និងនៅតាមសាខាណាមួយ នៃធនាគារកាណាឌីយ៉ា ក.អ ឬធនាគារអេស៊ីលីដា ភីអិលស៊ី ដោយត្រូវបង់ប្រាក់ ចំនួន៥.០០០រៀល ។ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ សាខាពន្ធដារខេត្ត-ខណ្ឌ ត្រូវចេញបង្កាន់ដៃទទួលប្រាក់ ដោយប្រើប្រាស់បង្កាន់ដៃ (កក) ហើយធនាគារទាំងពីរត្រូវចេញបង្កាន់ ដៃទទួលប្រាក់ឱ្យអ្នក ជាប់ពន្ធផងដែរ សម្រាប់បញ្ជាក់ ពីការបង់ពន្ធនេះ ។

ចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបានលើកលែងមាន ដូចជារថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ ជាកម្មសិទ្ធិរបស់រដ្ឋ មធ្យោបាយដឹកជញ្ជូន និងយានជំនិះ ជាកម្មសិទ្ធិរបស់អង្គភាពកង យោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ និងមធ្យោបាយដឹកជញ្ជូន និងយានជំនិះជាកម្មសិទ្ធិ របស់បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហ ប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានា ដោយតម្រូវឱ្យស្ថាប័ន អង្គភាព ដែលជាម្ចាស់កម្មសិទ្ធិ ត្រូវស្នើសុំមកអគ្គនា យកដ្ឋានពន្ធដារ ដើម្បីពិនិត្យ និងផ្តល់នូវលតាបត្រលើកលែងពន្ធ ដោយភ្ជាប់មកជាមួយនូវ បញ្ជីសារពើភ័ណ្ឌរបស់ស្ថាប័ន ឬអង្គភាពដែលបានស្នើសុំ ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា សម្រាប់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដែលមិនបានបង់ពន្ធសម្រាប់បណ្តាឆ្នាំមុនៗ សូមអញ្ជើញម្ចាស់យានជំនិះ ទាំងអស់មកប្រកាសបង់ពន្ធឱ្យ បានគ្រប់ៗគ្នា ពីព្រោះគ្រប់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបានលើកលែងពន្ធ និងប្រាក់ពិន័យសម្រាប់ឆ្នាំ សារពើពន្ធឆ្នាំកន្លងមក ។ ក្នុងករណីនៅតែមិនព្រមបង់ពន្ធ សម្រាប់ឆ្នាំ២០១៤នេះ នឹងត្រូវផាកពិន័យ និងបង់ពន្ធគិតចាប់ពីឆ្នាំ ដែលមិនបានបង់ពន្ធរហូតមក ។ ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៥ តទៅ អង្គភាពពន្ធដារនឹងចុះពិនិត្យ និងផាកពិន័យចំពោះ មធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណា ដែលមិនទាន់បានប្រកាសពន្ធក្នុងឆ្នាំ២០១៤ និងតម្រូវឱ្យបង់ពន្ធ និងបង់ផាកពិន័យ១០០% នៃប្រាក់ពន្ធដែលត្រូវបង់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]