ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទមួយកន្លែង ដែលមានទីតាំង ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស កែងស្ដុបបូកគោ ត្រូវបានជនសង្ស័យម្នាក់ ចូលលួចទូរស័ព្ទ ទាំងកណ្ដាលយប់ ប្រមូល អស់ជិត ២០០គ្រឿង ដែលគិតជាការខូចខាត ផ្នែកថវិកាវិញ អស់ប្រមាណ ១៧០០០ ដុល្លារ ។ បើទោះបីសកម្មភាព ចោរចូលលួច ទូរស័ព្ទបានកើតឡើង តាំងពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ក៏ដោយនោះ ប៉ុន្ដែ ការភ្ញាក់ផ្អើល និងដឹងពីព័ត៌មានខាងលើនេះ បានកើតឡើង នៅព្រឹកថ្ងៃទី២១ ខែឧសភា នៅពេលដែលម្ចាស់ ហាងទូរស័ព្ទបានដាក់ ពាក្យបណ្ដឹង ទៅសមត្ថកិច្ច នៅប៉ុស្ដិ៍បឹងកេង កងទី១ ខណ្ឌចំការមន ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះទៅសួរនាំ ជនរងគ្រោះជាម្ចាស់ ហាងលក់ទូរស័ព្ទ បាននិយាយថា បើមើល តាមកាម៉េរ៉ាសុវត្ថិភាព ដែលបំពាក់នៅខាង ក្នុងហាង ឃើញជនសង្ស័យម្នាក់បានលួច ចោះពិដានផ្នែកខាងក្រោយ ហើយចូលទៅ ប្រមូលយកទូរស័ព្ទគ្រប់ប្រភេទ ភាគច្រើន ជាទូរស័ព្ទម៉ាក សាំសុងស៊េរីទំនើបអស់ជិត ២០០គ្រឿង ដែលគិតជាតម្លៃទឹកប្រាក់អស់ ប្រមាណ ១៧០០០ដុល្លារ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ច បានបន្ដ ទៀតថា ដូចសព្វមួយដងមានអ្នកយាមដេក ចាំនៅក្នុងហាង ប៉ុន្ដែ នៅពេលម៉ោងកើត ហេតុនេះ អ្នកយាមនិយាយថា ខ្លួនមិនទាន់ បានចូលទៅដេកនៅឡើយ។នៅពេលដែល ទទួលបានព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានអ្នក យកព័ត៌មានបានចុះទៅថតយករូបភាព និង សួរនាំសាច់រឿង ប៉ុន្ដែ ត្រូវស្ដ្រីម្ចាស់ហាង ដែលមិនស្គាល់អត្ដសញ្ញាណ បានស្ដីឱ្យ និង រារាំង មិនឱ្យថត ដោយអះអាងថា ពុំមាន ការជាប់ពាក់ព័ន្ធនឹងអ្នកកាសែតនោះទេ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមូលដ្ឋាន និង កម្លាំងនគរបាល ជំនាញបាន និងកំពុងធ្វើ ការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ដើម្បី តាមចាប់ជនសង្ស័យរូបនេះតាមរយៈ ការបង្ហាញរូបភាព នៅក្នុងកាម៉េរ៉ាសុវត្ថិភាព ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]