អន្តរជាតិ៖ យោងទៅតាម លទ្ធផលនៃការស្ទង់មតិ ដែលត្រូវបានបង្ហាញកាលពីម្សិលមិញ លើគេហទំព័រ ដេលីម៉េល របស់អង់គ្លេស បានឲ្យដឹងថា ប្រជាជនអាមេរិកម្នាក់ ក្នុងចំណោម ១០នាក់ គិតថា ករណីបាត់ខ្លួន របស់យន្តហោះ MH370 មានជាប់ទាក់ទង ជាមួយនឹង ពួកមនុស្សក្រៅភព។

ការស្ទង់មតិមួយ ត្រូវបានធ្វើឡើង កាលពីពេលកន្លងទៅនេះ ហើយទើបតែពេលថ្មីៗនេះ លទ្ធផលបានបង្ហាញថា ប្រជាជនអាមេរិក បានផ្តល់នូវចម្លើយ ផ្សេងៗពីគ្នា ដោយក្នុងនោះ មាន ៩% មានការជឿជាក់ថា ករណីនេះ មានជាប់ពាក់ព័ន្ធជាមួយនឹង ពួកមនុស្សភពផ្សេង ថែមទៀតផង។

ក្នុងនោះផងដែរ ៥២% បានគិតថា ករណីបាត់យន្តហោះ ម៉ាឡេស៊ីនេះ មុខជានឹងអាច រកឃើញការពិត នៅពេលណាមួយ ជាក់ជាមិនខាន ខណៈ៤៦% ទៀត បាននិយាយថា ពួកយើងនឹងគ្មានផ្លូវ អាចរកឃើញនូវការពិត បាននោះឡើយ។ យ៉ាងណាមិញ ក៏មានមួយចំនួនធំ មានការជឿជាក់ថា ការរកមិនឃើញ នូវយន្តហោះ MH370 នោះ ក៏ព្រោះតែ ក្រុមអ្នករុករក មិនដឹងច្បាស់ថា យន្តហោះនៅទីណាឲ្យប្រាកដ ឬ អាចស្វែងរកខុសកន្លែង។

ទោះជាយ៉ាងណា អ្វីដែលប្រជាជន អាមេរិក យល់ឃើញខ្ពស់ជាងគេថា ជាកត្តាដែលនាំឲ្យបាត់យន្តហោះ MH370 នោះ គឺលើករណីភេវរកម្ម តែម្តង ដោយក្នុងនោះ ៥៧% នៃអ្នកចូលរួម ក្នុងការស្ទង់មតិ មានការជឿជាក់ថា ជាស្នាដៃរបស់ពួកភេវរករ។ តែយ៉ាងណាក៏ដោយ មិនទាន់មានក្រុមភេវរករ ណាមួយ ចេញមុខទទួលខុសត្រូវ ទៅលើករណី បាត់ខ្លួន យន្តហោះ Boeing 777 ជើងហោះហើរ MH370 របស់ប្រទេស ម៉ាឡេស៊ីនេះ នៅឡើយនោះទេ។

ក្នុងនោះ ក៏មាន ៤២% នៃសាធារណៈជន ក្នុងសហរដ្ឋអាមេរិក ជឿជាក់ថា វាជាករណី ប្លន់យន្តហោះ ខណៈ ៥២ ភាគរយ ផ្សេងទៀត បានឲ្យដឹងថា វាអាចបណ្តាលមកពី ម៉ាស៊ីនយន្តហោះ មានបញ្ហា។ ហើយក៏មាន មួយចំនួនតូច យល់ឃើញថា អាចនឹងមាន ការជាប់ពាក់ព័ន្ធ ជាមួយអ្នកបើកយន្តហោះផ្ទាល់ ផងដែរ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ រដ្ឋមន្ត្រីទេសចរណ៍ របស់ម៉ាឡេស៊ី បាននិយាយថា រដ្ឋាភិបាល នឹងមិនចំណាយលុយបន្ថែមទៀត ទៅក្នុងបេសកកម្ម ស្វែងរកយន្តហោះ MH370 ដែលបានបាត់ខ្លួននោះ បន្តទៀតនោះទេ។

ករណីបាត់បង់យន្តហោះ MH370 បានធ្វើឲ្យខាតបង់ យ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះ ខាតបង់លើការ កក់សំបុត្រយន្តហោះ និង ចំណាយផ្សេងៗ អស់ចំនួនទឹកប្រាក់ ប្រមាណជាង ១២៧០ លានដុល្លារអាមេរិក ក្នុងរយៈពេល ២ខែ មកនេះ៕


រូបតំណាង

ប្រិយមិត្ត យល់ឃើញ ដូចម្តេចដែរ?

ប្រភព៖ ដេលីម៉េល

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]