កណ្ដាល ៖ មន្ដ្រីជាន់ខ្ពស់ ឋានៈឯកឧត្ដម ដែលបម្រើការងារ នៅទីស្ដីការគណៈរដ្ឋ មន្ដ្រី បានបើក រថយន្ដ ម៉ាក មែកសឺដែស របស់ខ្លួន បុកយុវជនម្នាក់ជាសិស្សវិទ្យាល័យ ស្អាងក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្ដាល ឱ្យយុវជនរូបនោះ រងរបួសធ្ងន់ដោយបាក់ ភ្លៅម្ខាង រីឯម៉ូតូ និងរថយន្ដរងការខូចខាតដូចគ្នា ។

មន្ដ្រីនគរបាលស្រុកស្អាង ខេត្ដកណ្ដាល បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ស្ថិត នៅមុខមន្ទីរពេទ្យបង្អែក ស្រុកស្អាង ក្នុង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ។

មន្ដ្រីនគរបាលបានបន្ដថា អ្នកបើករថយន្ដ គឺជាមន្ដ្រីជាន់ខ្ពស់មួយរូបនៅទីស្ដីការគណៈ រដ្ឋមន្ដ្រី ឋានៈ ឯក ឧត្ដម ឈ្មោះ កុយ ប៉ារា មូន អាយុ ៦៤ឆ្នាំ រស់នៅភូមិព្រៃតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង រីឯយុវសិស្ស នៅ វិទ្យាល័យស្អាង ឈ្មោះ យុទ្ធ វុទ្ធី អាយុ១៧ ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ ១ គ្រឿងម៉ាក មែកសឺ ដែស ពាក់ស្លាកលេខ រាជការ ១៥៩០ ពណ៌ទឹកប្រាក់ លាយប្រផេះ បើកដោយបុរសម្នាក់ ធ្វើដំណើរក្នុង ទិសដៅ ពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ ២១ ហើយប្រជែងរថយន្ដ ១គ្រឿង ក៏ជ្រុល ទៅបុក យុវសិស្ស ដែលកំពុងបើកម៉ូតូម៉ាក ហុងដា សេ ១២៥ ស៊េរីឆ្នាំ ២០១១ ពាក់ ស្លាលលេខ កណ្ដាល ១អិន ៥០៤៤ ដែល បើកក្នុងទិសដៅ បញ្ច្រាសទិសគ្នា និងក្នុង ល្បឿនលឿនផងដែរ ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍ យុវសិស្ស រងគ្រោះដែលបាក់ភ្លៅម្ខាង ត្រូវបានសមត្ថ កិច្ច និងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើត ហេតុជួយដឹកបញ្ជូន ទៅសង្គ្រោះភ្លាមៗនៅ មន្ទីរពេទ្យបង្អែក ដែលនៅក្បែរនោះ រីឯ រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះ ស្រាយបន្ដទៀត ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]