សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប បានឆ្មក់ចូលបង្រ្កាបទីតាំងប្រកបអាជីវកម្ម បម្រើសេវាផ្លូវភេទ ជ្រកក្រោមស្លាកសញ្ញា ម៉ាស្សា «ម៉ាស្សា ម៉ីម៉ី» ស្ថិតនៅភូមិតាតុល ( ផ្លូវផ្សារញ៉ែ) សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អង្គរ ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ ប្រតិបត្តិការនេះ បានធ្វើឲ្យបុរសៗស្វែងរកការកម្សាន្ត រត់ និងលោតចេញពីអគារទាំងព្រលឹងចុងសក់ អ្នកខ្លះទៀត បានរងរបួសបាក់ជើងថែមទៀតផង។

វរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការង និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ បានមានប្រសាសន៍ថា ក្រោមការ ណែនាំពីលោក ឃឹម ប៊ុនសុង អភិបាល និងជាគណៈអភិបាលខេត្ត រួមនិងបទបញ្ជារបស់ លោក ម៉ន សាម៉ុន មេ បញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការដឹកនាំផ្ទាល់ពី លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្ត ពិសេសការិយាល័យប្រឆាំងការជួញដូរមនុស្ស បានធ្វើ ការចុះបង្ក្រាបសកម្មភាព នៃការរកស៊ីជួញដូរផ្លូវភេទ ដែលជ្រកក្រោមរូបភាព ម៉ាស្សាខាងលើនេះ។

លោកបានបន្ដថា ប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញថា ទីតាំងខាងលើប្រាកដជាមានបង្កប់សេវា ផ្លូវភេទពិតប្រាកដមែន ព្រមទាំងរកឃើញនូវភស្ដុតាងមួយចំនួនទៀត។ ម្ចាស់ទីតាំងខាងលើនេះ សមត្ថកិច្ចកំពុង ស្រាវជ្រាវ និងសួរនាំបន្ថែម។

បើតាមការឲ្យដឹងជាជំហានដំបូងថា ការរកស៊ីនេះ មានម្ចាស់ជាជនជាតិវៀតណាម ទើបតែបើកបានប៉ុន្មានជាង១ខែ កន្លងទៅនេះទេ គឺដោយគេជួលផ្ទះសំណាក់មួយកន្លែងដើម្បីប្រកបរបរនេះ ។

ក្នុងប្រតិបត្តិការបង្ក្រាបកន្លែងរកស៊ី និងជួញដូរផ្លូវភេទ ដ៏គឃ្លើនមិនខ្លាចញញើតសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅចំកណ្ដាល ក្រុងសៀមរាបនេះ សមត្ថកិច្ចបានឃាត់ខ្លួន ស្រ្ដីរកស៊ីផ្លូវភេទ ឬ ស្ដ្រីរង្គ្រោះដោយសារការជួញដូរផ្លូវ ភេទ ដែលភាគច្រើនបំផុត ជាជនជាតិវៀតណាម ចំនួន ១៥នាក់ និងក្រុមបុរស ដែលជាអ្នកទៅរកសេវាផ្លូវភេទ ៦ នាក់ ដើម្បីយកទៅសួរនាំ និងអប់រំ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ព្រមទាំងមានវត្ថុតាងមួយចំនួនទៀត ដែល ប្រើសម្រាប់សេវាផ្លូវភេទ។

បើតាមប្រភពពីសមត្ថកិច្ច និងមហាជន រួមទាំងអ្នកដំណើរ ដែលបានឈប់ឈរមើលប្រតិបត្តិការរបស់សមត្ថកិច្ច នោះ បានខ្សឹបប្រាប់ថា ក្នុងការចុះចូលបង្ក្រាបនារាត្រីនេះ មានអ្នកខ្លះកំពុងតែនៅប្រតិបត្តិការលើគ្រែទាំងអារម្មណ៍ សុខសាន្តនៅឡើយ។ បុរសខ្លះទៀត ដែលទៅរកសេវាផ្លូវភេទ បានសម្រេចចិត្តហក់គេចពីសមត្ថកិច្ច ពីលើអគារ ទៅលើដំបូលផ្ទះអ្នកជិតខាង រួចក៏រមៀលធ្លាក់មកដី នៅខាងក្នុងរបងដី កន្លែងម៉ាស្សានេះវិញ។ មានបុរសខ្លះសន្លប់ធំ អ្នកខ្លះទៀតបានបាក់ជើងផងដែរ ពេលនោះ ក៏ត្រូវបានសមត្ថកិច្ច និងប្រជាជនរៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យ ផងដែរ ។

បើតាមអ្នកដើរលេង ក៏ដូចជាអ្នកសៀមរាប មួយចំនួន បានបញ្ជាក់ឲ្យដឹងផងដែរថា នៅក្រុងសៀមរាម មិនមែនមាន កន្លែងរកស៊ី ជូញដូរផ្លូវភេទតែមួយកន្លែងនេះទេ គឺមានជាច្រើនកន្លែងផ្សេងទៀត តែកន្លែងខ្លះ មានរូបភាពតូចតាច ប៉ុណ្ណោះ ។

មានមតិមួយចំនួនបានខ្សឹបប្រាប់ថា សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរទំនងជាអ្នកដឹងច្បាស់ថា ទីតាំងម៉ាស្សាណា មាន និងមិនមានការរកស៊ី និងជួញដូរផ្លូវភេទនោះ ។ តែពេលខ្លះទំនងជាមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានជា បុគ្គលផ្ទាល់ខ្លួន បានដើរដាក់ខែ ដាក់ឆ្នាំ រួចរាល់ហើយ ទើបបានជាមិនមានការរាយការណ៍ និងចុះអប់រំ បង្ក្រាប យ៉ាងដូច្នេះ ។

ទោះជាយ៉ាងណាមហាជន មានការអបអរសារទរ ចំពោះចំណាត់ការរបស់សមត្ថកិច្ច នៅពេលនេះផងដែរ ហើយ សង្ឃឹមថា សមត្ថកិច្ច និងអាជ្ញាធរ បន្ដការសហការគ្នា ក្នុងការចុះស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីធ្វើអប់រំ ទប់ស្កាត់ និងបង្ក្រាបនូវរាល់ទីតាំង និងអ្នករកស៊ី និងជួញដូរផ្លូវភេទទាំងនេះ នៅពេលខាងមុខ ព្រោះមានកន្លែងរកស៊ីផ្លូវភេទ ខ្លះ បានបង្កប់នូវការជួញដូរ ប្រើប្រាស់គ្រឿងញៀនផងដែរ ក៏មាន៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]