រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ មេសា បានសម្រេចចេញដីកា ឃុំខ្លួនថៅកែ រោងចក្រកាត់ដេរ ហ្គាវ័ន អឹភែរឹល ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកការស៊ើបអង្កេតជាបន្ត និងឈានដល់បើកសវនាការ លើសំណុំរឿង ចេញមូលប្បទានបត្រ អត់សាច់ប្រាក់ (សែកស្អុយ) ។

ថៅកែរោងចក្រខាងលើឈ្មោះ ឆា ឃីយុងហ៊ី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅផ្ទះជួល ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ការសម្រេចឃុំខ្លួន ថៅកែរោងចក្រកាត់ដេរ ជនជាតិកូរ៉េរូបនេះ ត្រូវបានប្រភពព័ត៌មាន ពីសាលាដំបូងរាជធានី ឱ្យដឹងថា ថៅកែស្រីរូបនេះ រងនូវបណ្តឹងរបស់មេធាវី ការពារសិទ្ធិឱ្យក្រុមហ៊ុនផែស្ងួត តេង ឡាយ ដែលប្តឹងចោទប្រកាន់ថា បានចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់ ។

ប្រភពព័ត៌មានឱ្យដឹងទៀតថា កាលពីពេលកន្លងទៅ អ្នកស្រីថៅកែរោងចក្រ ជនជាតិកូរ៉េរូបនេះ បាននាំទំនិញមកពីក្រៅប្រទេស តាមរយៈផែស្ងួត តេង ឡាយ លុះពេលដឹកចេញ នៅខ្វះប្រាក់ថ្លៃស្តុកទំនិញ ក្នុងផែស្ងួត ចំនួន១៥.៤២០ដុល្លារអាមេរិក ។ ពេលខ្វះប្រាក់ តំណាងក្រុមហ៊ុន បានទូរស័ព្ទទារជាច្រើនលើកច្រើនសា និងតម្រូវឱ្យអ្នកយកប្រាក់ ដែលនៅខ្វះនោះ ទៅបង់ឱ្យក្រុមហ៊ុនផង តែថៅកែស្រីរូបនេះ មិនបានយកប្រាក់ ទៅបង់ឱ្យគេទេ ។

ផ្ទុយទៅវិញ អ្នកស្រីថៅកែរោងចក្ររូបនេះ បែរជាចេញមូលប្បទានបត្រ អត់សាច់ប្រាក់ ឱ្យទៅក្រុមហ៊ុនផែស្ងួត ទើបត្រូវគេប្តឹងសមត្ថកិច្ច រហូតឈានដល់ការចាប់ខ្លួននេះ ។ ការចាប់ខ្លួនស្ត្រីជនជាតិកូរ៉េរូបនេះ ត្រូវបានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យព័ត៌មានទូទៅ នៃស្នងការដ្ឋានព័ត៌មាន និងសន្តិសុខ សហការជាមួយកម្លាំង កងរាជអាវុធហត្ថ ខេត្តកណ្តាល និងក្រុងតាខ្មៅ ចុះធ្វើការនាំខ្លួន ។

ការឃាត់ខ្លួនស្ត្រីជនជាតិកូរ៉េ ដែលជាថៅកែរោងចក្រនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ មេសា នៅខាងមុខផ្ទះជួលស្នាក់នៅ របស់ស្ត្រីជនជាតិកូរ៉េខាងលើ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខណៈដែលស្ត្រីជនជាតិកូរ៉េរូបនេះ កំពុងជិះក្នុងរថយន្តម៉ាកស៊ីអវី ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2G-7653 ត្រឡប់មកពីរោងចក្រវិញ ។

លោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យ ព័ត៌មានទូទៅ នៃស្នងការដ្ឋានព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួន ស្ត្រីជនជាតិកូរ៉េខាងលើនេះ ធ្វើឡើងតាមដីកាបង្គាប់ ឱ្យនាំខ្លួនលេខ២០៩ ចុះថ្ងៃទី៤ មេសា ២០១៤ របស់លោក កោ វណ្ឌី ចៅក្រមសុើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន នៅពេលដល់ ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនា ធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ កញ្ញា ២០១៣ នៅរាជធានីភ្នំពេញ ។

លោក ទូច គង្គា បានបន្តថា នៅមុនពេលឈានដល់សមត្ថកិច្ច ចុះនាំខ្លួនស្ត្រីជនជាតិកូរ៉េ រូបនេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ ឱ្យចូលខ្លួនទៅបំភ្លឺ នៅចំពោះមុខតុលាការ ចំនួន២លើក តែឈ្មោះនេះមិនព្រមចូលខ្លួន តាមការកោះហៅ របស់តុលាការឡើយ ទើបលោកចៅក្រម កោ វណ្ឌី សម្រេចចេញដីកាបង្គាប់ឱ្យ កងកម្លាំងសាធារណៈ ស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនឈ្មោះ ឆា ឃីយុងហុី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]